តើច្បាប់វិនិយោគថ្មីផ្តល់នូវការធានាអ្វីខ្លះដល់អ្នកវិនិយោគ?

កម្ពុជាបានអនុម័តបង្កើត និងអនុម័តច្បាប់ស្តីពីវិនិយោគថ្មីកាលពីខែតុលា ឆ្នាំ២០២១ ដែលច្បាប់នេះមានលក្ខណៈ​ជាសកល ជួយបង្កើនចំណូលរបស់រដ្ឋ និងភាពងាយស្រួលដល់អ្នកវិនិយោគរយៈពេលវែង។ (អានបន្ថែម)

ចំណុចពិសេសនៃច្បាប់នេះមួយទៀតនោះ គឺមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ និងពន្ធគយ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)

ទន្ទឹមនឹងនេះផងដែរ ក្រៅពីលក្ខខណ្ឌអនុគ្រោះ ច្បាប់នេះ ក៏បានចែងនូវលក្ខខណ្ឌធានាពិសេសមួយចំនួនផងដែរចំពោះ​អ្នកវិនិយោគ និងគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការ​វិនិយោគរាជធានី-ខេត្ត។

ការធានាវិនិយោគទាំងនោះរួមមាន៖

  • ការមិនរើសអើងក្នុងករណីដែលមានការខូចខាតការវិនិយោគ៖ អ្នកវិនិយោគនឹងទទួលបាននូវបដិទាន សំ​ណ​​​ង ឬដំណោះស្រាយជាតម្លៃសេដ្ឋកិច្ចផ្សេងទៀត ដោយមិនមានការរើសអើង ក្នុងករណីដែលការវិនិ​យោ​គ​ទទួលរងនូវការខូចខាតដោយសារករណីប្រធានសក្តិ ប្រសិនបើមានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទាន ឬផ្តល់សំណងសមរម្យណាមួយនោះ។
  • ការមិនរើសអើងចំពោះសញ្ជាតិបរទេស៖ ច្បាប់នេះមិនរើសអើងលើវិនិយោគិនបរទេសរូបណាឡើយ លើកលែងតែកម្មសិទ្ធិដីធ្លី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិទាំងឡាយជាធរមាន។
  • ការមិនធ្វើជាតូបនីយកម្ម៖ រដ្ឋមិនរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនមកធ្វើជារបស់រដ្ឋឡើយ។
  • ការមិនធ្វើអស្សាមិករណ៍៖ រដ្ឋមិនត្រូវធ្វើអស្សាមិករណ៍ដែលនាំឱ្យប៉ះពាល់ដល់គម្រោងវិនិយោគដែលទទួលបានការអនុម័តនោះឡើយ។ តែក្នុងករណីបម្រើប្រយោជន៍សាធារណៈ រដ្ឋអាចធ្វើអស្សាមិករណ៍បានលុះត្រាតែ មានភាពមិនរើសអើង សំណងសមរម្យនិងយុត្តិធម៌ និងអនុលោមតាមច្បាប់និងនីតិវិធីអស្សាមិករណ៍ជាធរមាន។
  • ការមិនកំណត់ថ្លៃ៖ រដ្ឋមិនត្រូវកំណត់ថ្លៃលើផលិតផល ឬសេវានានាដែលបង្កើតដោយគម្រោងវិនិយោគនោះទេ។
  • ការទិញ និងបង្វិលទៅបរទេសនៃរូបិយបណ្ណបរទេសដោយសេរី៖ វិនិយោគិនមានសិទ្ធិទិញរូបិយបណ្ណ​បរទេ​ស​​​ដោយសេរី និងធ្វើការបង្វិលទៅបរទេសនូវរូបិយបណ្ណបរទេសទាំងអស់នោះ ដើម្បីទូទាត់កាតព្វកិច្ចខាងហិរញ្ញ​វត្ថុដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួនតាមរយៈប្រព័ន្ធធនាគារដែលជាអន្តរការីប្រតិស្រុតិ។
  • ការការពារកម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិបញ្ញារបស់វិនិយោគត្រូវបានការពារដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។
  • កម្មសិទ្ធិដីធ្លី៖ វិនិយោគិនមានសិទ្ធិប្រើប្រាស់ដីធ្លីតាមរយៈ សម្បទានដីសេដ្ឋកិច្ច ឬសិទ្ធិជួលអចិន្ត្រៃយ៍ និងការជួលដែលមានអំឡុងពេលកំណត់ ស្របតាមច្បាប់ជាធរមាន។ ដោយឡែក​ កម្មសិទ្ធិដីធ្លី (ជាម្ចាស់) លើគម្រោងវិនិយោគ អនុវត្តបានចំពោះតែបុគ្គលសញ្ជាតិខ្មែរតែប៉ុណ្ណោះ។

ក្រៅពីការធានាខាងលើនេះ វិនិយោគិន ក៏ទទួលបានសិទ្ធិផ្សេងៗទៀតដូចជា៖

  • សិទ្ធិជួលនិយោជិតបរទេស ដើម្បីគ្រប់គ្រង ឬប្រតិបត្តិការគម្រោងវិនិយោគក្នុងចំនួនមិនលើសពីចំនួនដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលពុំអាចរកនិយោជិតខ្មែរ ដែលមានជំនាញដើម្បីគ្រប់គ្រង ឬប្រតិបត្តិការគម្រោងវិនិយោគនោះ។ ការអនុញ្ញាតឱ្យជួលនិយោជិតបរទេស គឺត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង និងពុំមានលក្ខណៈអចិន្ត្រៃយ៍ទេ។
  • សិទ្ធិទទួលបានការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែង សម្រាប់ខ្លួនឯងផ្ទាល់ សហព័ទ្ធ និងកូន ដែលជាអនីតិជនក្នុងអំឡុងពេល ដែលគម្រោងវិនិយោគរបស់ខ្លួនមានប្រតិបត្តិការ។
  • សិទ្ធិស្នើសុំការអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែងសម្រាប់និយោជិតបរទេស សហព័ទ្ធ និងកូនដែលជាអនីតិជនក្នុងអំឡុងពេលកិច្ចសន្យាការងារ នៅមានសុពលភាព។
  • សិទ្ធិទទួលបានបណ្ណការងារ និងសៀវភៅការងារ សម្រាប់ខ្លួនឯងផ្ទាល់ និងនិយោជិតបរទេសរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគិនជូនបុគ្គលពាក់ព័ន្ធក្នុងគម្រោងវិនិយោគ ទៅតាមការស្នើសុំរបស់វិនិយោគិន ដើម្បីប្រើប្រាស់សម្រាប់ការស្នើសុំការអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែង បណ្ណការងារ និងសៀវភៅការងារ និងគោលបំណងចាំបាច់ដទៃទៀតស្របតាមនីតិវិធីជាធរមាន។

គួរបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]