ទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងបន្ដិចបន្ដួច តែនៅមានហានិភ័យលាក់មុខ
អ្នកជំនាញក្នុងស្រុក បានព្យាករថាទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងតិចតួចប៉ុណ្ណោះ ខណៈក៏នៅប្រឈមនឹងហានិភ័យលាក់មុខជាច្រើនទៀត ដែលមិនអាចព្យាករថានឹងកើតឡើង ឬបញ្ចប់នៅពេលណាទេ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា គ្មាននរណាអាចព្យាករបានទេថា ទីផ្សារនឹងងើបមកដូចមុនវិបត្តិកូវីដ ក្នុងប៉ុន្មានឆ្នាំទៀត ព្រោះវិបត្តិនៅមិនទាន់ចប់។
«កាលពីឆ្នាំ ២០០៨ ដែលជាវិបត្តិហិរញ្ញវត្ថុ ទីផ្សារអចលនទ្រព្យកម្ពុជាបានធ្លាក់ដល់បាត ប៉ុន្ដែក្រោយវិបត្តិបានបញ្ចប់ ទីផ្សារក៏ងើបមកវិញដោយប្រើពេលត្រឹម ៤ឆ្នាំ ប៉ុណ្ណោះ ដើម្បីស្តារស្ថានភាពឱ្យដូចមុនវិបតិ្ត និងមានស្ថេរភាពឡើងវិញ» លោកពន្យល់។
«ប៉ុន្តែ បច្ចុប្បន្ននេះ ជាវិបត្តិសេដ្ឋកិច្ច បូកផ្សំនឹងឥទ្ធិពលសេសសល់ពីវិបត្តិកូវីដ និងសង្រ្គាមរុស្សីអ៊ុយក្រែន វាមានទ្រង់ទ្រាយធំជាងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ ខ្លាំងណាស់។ ដូច្នេះ បើសង្ឈឹមឱ្យទីផ្សារងើបមកវិញ គឺត្រូវការពេលច្រើនជាង ៤ឆ្នាំ។ ច្រើនជាង ៤ឆ្នាំ នេះ គឺរាប់គិតពីពេលក្រោយវិបត្តិចប់ ប៉ុន្តែបច្ចុប្បន្ន បញ្ហានៅមិនទាន់ចប់នៅឡើយ ហើយក៏មិនដឹងថាចប់ពេលណាដែរ» លោកបន្ដ។
ការវិភាគនេះ ក៏ស្រដៀងគ្នានឹងការវិភាគរបស់លោក លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ដែលថា ផ្សារអចលទ្រព្យឆ្នាំ ២០២៣ នេះ គឺប្រៀបដូចនឹងស្ថានក្រោយព្យុះភ្លៀងដ៏ធំមួយមេ មេឃក៏ស្រឡះចែស តែក៏នៅមានបន្សល់ទុកនូវបញ្ហារំខានផ្សេងៗជាច្រើនដូចជាទឹកជំនន់ និងស្ទះលូ សម្រាមនៅរាយប៉ាយពេញផ្លូវជាដើម ពោលគឺនៅមានបញ្ហាបន្សល់ទុកពីវិបត្តិជាង ៣ឆ្នាំ កន្លងមកនេះច្រើន។ (អានបន្ថែម)
លោក សន សៀប បន្ដថា យ៉ាងណាក្ដីវិស័យអចលនទ្រព្យគឺនៅតែប្រសើរជាងឆ្នាំ ២០២២ និង ២០២១ ទោះមិនដូចមុនកូវីដក្ដី។ កត្តាជំរុញសំខាន់ គឺកំណើនសេដ្ឋកិច្ចជារួម ដែលនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យអចលនទ្រព្យផងដែរ។
«ក្ដីសង្ឃឹមសំខាន់បំផុតរបស់កម្ពុជា គឺលំហូរវិនិយោគពីក្រៅប្រទេស ពិសេសចិន ដែលរំពឹងថានឹងងើបឡើងវិញជាបណ្ដើរៗ ក្រោយការបើកប្រទេស។ ការបើកប្រទេសជាសញ្ញាវិជ្ជមាន ដែលជួយដល់វិស័យអចលនទ្រព្យដោយប្រយោល» លោក មានប្រសាសន៍។
«ពេលចិនបើកប្រទេស នឹងមានអ្នកទេសចរហូរចូលមកកម្ពុជា ដែលក៏នាំចូលមកនូវលំហូរទឹកលុយ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច។ ជៀសមិនផុត វិស័យអចលទ្រព្យក៏នឹងទទួលបានប្រយោជន៍» លោក បន្ដ។
លោកបន្ថែមទៀតថា ក្នុងវិបត្តិដូច្នេះ ក៏បានបង្រៀនអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យទាំងអស់ ឱ្យឃើញពីស្ថានភាពពិត និងវដ្ដនៃទីផ្សារនៅក្នុងឆ្នាំ ២០២៣។
«ស្ថានភាពនេះបង្ហាញថា ការរកស៊ីក្នុងវិស័យអចលនទ្រព្យបែបមាននិរន្តរភាពគឺជាការវិនិយោគរយៈពេលវែង មានន័យថា ចង់ចំណេញច្រើន ទាល់តែរង់ចាំ។ អ្វីដែលយើងធ្លាប់ឃើញ កាលពីប៉ុន្មានឆ្នាំមុន ដូចជាការទិញចូលលក់ចេញភ្លាមៗ គឺជាភ្លើងមួយកំឈួលប៉ុណ្ណោះ មិនមែនជាទីផ្សារដែលមានភាពនឹងនរពិទប្រាកដនោះទេ»។
លោក ពន្យល់ទៀតថា ទោះជាទីផ្សារមិនទាន់ងើបឡើងវិញទាំងស្រុងក្ដី សម្រាប់អ្នកចេះសម្លឹងឃើញឱកាសគឺនៅតែអាចមានផលចំណញផងដែរ។
«សម្រាប់អ្នករកស៊ី អ្នកឆ្លាត រកឱកាសទាល់តែឃើញ ទោះក្នុងគ្រាលំបាកបែបនេះក្ដី មិនមែនគ្រប់គ្នាសុទ្ធតែខាតនោះទេ។ ដូចគ្នានេះ ពេលស្ថានភាពល្អ ក៏មិនមែនគ្រប់គ្នាសុទ្ធតែចំណេញដែរ ចឹងវាអាស្រ័យលើភាពឆ្លាតឈ្លាសវៃរបស់វិនិយោគិនម្នាក់ៗ»។
ឧទាហរណ៍ អ្នកខ្លះគាត់ថា ក្នុងស្ថានភាពបែបនេះ ការលក់បែប Secondary Sale ឬការលក់ផ្ទះដែលទិញរួច បន្ដទៅឱ្យអ្នកផ្សេងគឺពិបាកណាស់ ព្រោះមានបូរីថ្មីៗ រីកដូចផ្សិត ហើយគ្មាននរណាមកទិញផ្ទះ ដែលប្រើរួច ឬផ្ទះដែលមានម្ចាស់ទី២ឬ៣រួចហើយនោះទេ។
«ប៉ុន្តែ សម្រាប់អ្នកឆ្លាត គាត់នៅតែអាចរកអតិថិជនបាន គាត់រកអ្នកចង់បានផ្ទះសម្រាប់ប្រើប្រាស់បានភ្លាមៗ ដើម្បីបើកជាអាជីវកម្ម ឬរស់នៅជាដើម ហើយលក់ក្នុងតម្លៃមួយល្អ ដូច្នេះផ្ទះប្រភេទនេះនឹងអាចលក់បានលឿនជាងបុរី។ អ្នកទិញក៏ឈ្នះ អ្នកលក់ក៏ឈ្នះ។ ជាជាង ទៅទិញផ្ទះបូរីដែលសង់ថ្មី ហើយសង់មិនទាន់រួច ប្រើការមិនទាន់បាន សំខាន់គឺកប់លុយនៅម្ចាស់គម្រោងយូរទៀត មិនដឹងជាសង់រួចពេលណា»។
ដូចគ្នានេះដែរ អគារដែលជាប់គាំងនៅក្រុងព្រះសីហនុ សម្រាប់អ្នកសម្លឹងវែងឆ្ងាយ មើលឃើញថានេះជាឱកាស។ គាត់មើលឃើញថា រដ្ឋាភិបាលកំពុងតែព្យាយាមដោះស្រាយរឿងនេះ ពិសេសជាមួយផែនការទីក្រុងឧស្សាហកម្មពហុបំណង មិនយូរមិនឆាប់ខេត្តព្រះសីហនុនឹងត្រឡប់មកមានសក្ដានុពល។ ដូច្នេះការវិនិយោគ ក៏នឹងផ្ដល់ផលក្នុងពេលវែង។
មួយវិញទៀត ថ្មីៗនេះ គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ ទើបតែបានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ (អានបន្ថែម)
ក្នុងស្ថានភាពបែបនេះ សមាគម ក៏ដូចជា រូបលោកសន សៀប ផ្ទាល់ ក៏បាន និងកំពុងរួមគ្នាជួយស្ដារទីផ្សារ តាមរយៈការប្រមូលផ្ដុំអ្នកជំនាញ និងអ្នកធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់ មករួមគ្នាបង្កើតទីផ្សារសក្ដានុពល ពោលគឺបង្កើតឱកាសថ្មីៗក្នុងវិស័យនេះ។ ជាជាង មានប្រកួតប្រជែងគ្នា តែគួរតែជួយគ្នាបង្កើតទីផ្សារប្រភេទថ្មីៗ និងដោះស្រាយបញ្ហាដែលកំពុងចោត។
លោកក៏បានឱ្យអនុសាសន៍ទៀតថា ក្នុងកាលៈទេសៈនេះ ត្រូវចេះគ្រប់គ្រងចំណាយ ដោយមើលឱ្យជាក់ ចាំញាក់ចិញ្ចើម ឧទាហរណ៍ដូចជាដីនៅអរិយក្សត្រ ចាំពេលស្ពានបុកគ្រឹះ ចាំផ្អើលទិញ បើមិនដូច្នោះអាចនឹងកប់លុយ៕
- Video Advertisement -