២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%
ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។
ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២.០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប)។
ចំណែក អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា៣,៣% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញរួមមាន យានយន្តនិងគ្រឿងចក្រមានចំនួន ៥.០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣.០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦% នៃចំណូលសរុប),ផលិតផលតេលសិលាមានចំនួន ២.២៣៨ ប៊ីលានរៀល (ត្រូវជា ២០,៣% នៃចំណូលសរុប)។
ដោយឡែក គយរកចំណូលបានពីសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន ៦៤៩,៥ ប៊ីលានរៀល (ត្រូវជា ៥,៩% នៃចំណូលសរុប)។
មួយវិញទៀត ទំហំពាណិជ្ជកម្មនាំចូលក្នុងឆ្នាំ២០២២ មានចំនួន ២៥.៤៦០,៤ លានដុល្លារ កើនឡើងប្រមាណ ១១,៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះរួមមាន យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
បន្ថែមពីនេះ ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២.៤៤៧,២ លានដុល្លារអាមេរិក កើនឡើង ១៦,៧% ធៀបនឹងឆ្នាំ២០២១។
ក្នុងនោះ ផលិតផលកាត់ដេរនាំចេញមានកំណើន ១៤,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦,២%, និងកសិផលមានកំណើន ៦,៦%។
ក្រៅពីចំណូលពន្ធគយខាងលើ រដ្ឋក៏បានប្រមូលចំណូលពន្ធដារលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២.៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា។ (អានបន្ថែម)
- Video Advertisement -