កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងចុះហត្ថលេខាជាដៃគូសេដ្ឋកិច្ចឆាប់ៗ ខណៈទើបបញ្ចប់ការចរចារ
ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ហើយនឹងត្រៀមចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ។
ឯកឧត្តម បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំងពីរអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។
តាមរយៈកិច្ចព្រមព្រៀង CEPA កម្ពុជានឹងនាំចេញទំនិញកសិកម្មនិងឧស្សាហកម្ម រួមមាន អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម។ល។ ចំណែកភាគីអារ៉ាប់នឹងផ្តល់នូវ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថានមកកាន់កម្ពុជា។
គួររម្លឹកថា កន្លងមក ភាគីទាំងពីរបានចរចាចំនួន៣ជុំរួចមកហើយ ពោលគឺជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងការចរចាជុំទី៣ ដែលជាជុំចុងក្រោយ នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម៕
- Video Advertisement -