រដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ
រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។
នេះបើតាមឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។
ឯកឧត្ដមបន្ថែមថា បើទោះបីជាជួបការលំបាកជាច្រើនដែលសេសសល់ពីវិបត្តិជំងឺកូវីដ១៩នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការប្រកួត បានខិតខំប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាចរៀបចំការប្រកួតស៊ីហ្គេមនេះបានយ៉ាងរលូនតាមការគ្រោងទុក។
បន្ថែមពីនេះ ឯកឧត្ដមបានបន្តថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម។
ដោយឡែក សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណ ១១៨លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងបានត្រៀមចំនួន ៧លានដុល្លារ បន្ថែមទៀត សម្រាប់កីឡាករ កីឡាការនី។ សម្តេចបានលើកឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតកសិកម្ម កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានបន្ថែមឱ្យដឹងថា កម្ពុជាចំណេញរាប់សិបលានដុល្លារពីការលុបចោលនូវការតេស្តរកមេរោគកូវីដ១៩ ហើយបើការធ្វើតេស្តនេះនៅបន្តរហូតដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នោះកម្ពុជានឹងត្រូវចំណាយរាប់សែនដុល្លារ ដើម្បីទិញឧបករណ៍តេស្តសម្រាប់អត្តពលិក និងអ្នកទស្សនានានា។
- Video Advertisement -