កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ
ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយ CIR នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។
នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។
តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។
នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ អាចបញ្ចូលប្រាក់ភ្លាមៗទៅក្នុងគណនីមូលបត្ររបស់ខ្លួន ហើយអាចធ្វើការជួញដូរមូលបត្រ ពោលគឺអាចទិញលក់ដោយខ្លួនឯងផ្ទាល់នៅលើបណ្តាញអនឡាញនោះផ្ទាល់តែម្តង។ វេទិកាបើកគណនីអនឡាញនេះ គ្រោងនឹងបើកដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ហើយនៅពេលនោះនឹងការប្រកាស ជាផ្លូវការក្រោមចំណងជើងកម្មវិធីថា “ពិព័រណ៍ភាគហ៊ុនដំបូងរបស់ខ្ញុំ My First Stock Exhibition” ដែលគ្រោងប្រកាសនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ឯកឧត្តម ហុង សុខហួរ អគ្គនាយក CSX បានសម្តែងការសាទរចំពោះវឌ្ឍនភាពឆ្ពោះទៅរកទំនើបកម្មទីផ្សារមូលបត្រកម្ពុជាដោយបានព្យាករពីការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៤០% នៅក្នុងគណនីជួញដូរថ្មីសម្រាប់ឆ្នាំ ២០២៣ ដោយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងជិតពីរដងក្នុងឆ្នាំ ២០២៤ ដោយបន្ថែមគណនីជួញដូរថ្មីពី ៣០.០០០ ទៅ ៥០.០០០។ លោកមើលឃើញថា ទីផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នជា “ឱកាសមាស” សម្រាប់វិនិយោគិនចូលទិញ ដោយសារតម្លៃភាគហ៊ុនទាប។
ប្រធាន SERC, H.E. លោក ស៊ូ សុជាតិ បានបង្ហើបថា គំនិតផ្តួចផ្តើមគណនីជួញដូរតាមអ៊ីនធើណែតនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធសាស្ត្រនេះកំពុងធ្វើទំនើបកម្មវិស័យមូលបត្រ ។
“មូលបត្រកម្ពុជាយើង បានបើកដំណើរការកម្មវិធី Investor ID Online និងកម្មវិធីជួញដូរមូលបត្រ CSX Trade រួចហើយ។ ចំណែកឯការផ្ទេរសាច់ប្រាក់ (ក្រោយពេលជួញដូរតាមអនឡាញបាន) ក៏អាចដំណើរការបានតាមរយៈកម្មវិធីទូរសព្ទ។ ហើយនៅពេលឆាប់ៗខាងមុខនេះ យើងនឹងណែនាំឱ្យប្រើនូវវេទិកាបង្កើតគណនីជួញដូរភាគហ៊ុនអនឡាញ(online trading account opening platform) ជាផ្លូវការ”។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនៃវេទិកាបើកគណនីជួញដូរតាមអ៊ីនធើណែត បង្ហាញបន្ថែមអំពីទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ៕
- Video Advertisement -