ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Banyan Group គ្រោងពង្រីកខ្លួនចូលទីផ្សារកម្ពុជា
ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្តោតលើសេវាករផ្នែកបដិសណ្ឋារកិច្ចលំដាប់សកលគ្រប់គ្រងម៉ាកយីហោល្បីចំនួន ១២ប្រទេសទូទាំងពិភពលោក បានបង្ហាញផែនការពង្រីកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទពិសោធន៍ដ៏ប្រណីតចម្រុះ និងគ្មានគូប្រៀបនៅទូទាំង ២២ ប្រទេសបន្ថែមទៀត នេះបើយោងតាម Travelbizmonitor ចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារថ្មីដ៏មានមហិច្ឆតាមួយនេះ Banyan Group គ្រោងនឹងណែនាំគម្រោងអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗចំនួន ១៩គម្រោង នៅក្នុងប្រទេសចំនួន០៦ទៀត ក្នុងនោះមាន៖ កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងម៉ិកស៊ិក។ ការបង្ហាញខ្លួនដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជា គឺត្រូវបានធ្វើឡើងតាមរយៈគម្រោង Angsana Siem Reap នៅក្នុងខេត្តសៀមរាប ដែលនេះជាសញ្ញានៃការចូលទៅក្នុងទីផ្សារដ៏រស់រវើករបស់ប្រទេសកម្ពុជា ខណៈពេលដែលគម្រោង Banyan Tree Higashiyama Kyoto នៅក្នុងប្រទេសជប៉ុន នឹងបន្ថែមទំហំថ្មីដល់ការបោះជំហានជាសកលរបស់ខ្លួនផងដែរ។
លោក Ren Yung Ho អនុប្រធានជាន់ខ្ពស់ផ្នែក Brand & Commercial របស់ក្រុមហ៊ុន Banyan Group មានប្រសាសន៍ថា “នៅពេលដែល Banyan Group អបអរភាពជោគជ័យរួមរបស់យើងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ យើងក៏ទទួលស្គាល់ថាវឌ្ឍនភាពមិនអាចបញ្ឈប់នៅត្រឹមនេះបានឡើយ។”
និរន្តរភាពត្រួសត្រាយផ្លូវសម្រាប់ឆ្នាំ ២០៣០៖ នៅឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Banyan Group កំពុងបន្ស៊ីបេសកម្មធុរកិច្ចរបស់ខ្លួនជាមួយគោលដៅអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដោយធ្វើតារាងផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពនិរន្តរភាពឆ្នាំ ២០៣០ផងដែរ។ គំនិតផ្តួចផ្តើមនេះ រួមបញ្ចូលការអភិវឌ្ឍន៍បរិស្ថាន និងធនធានមនុស្ស ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៃការបង្កើត “ការទទួលយកបរិស្ថាន ការផ្តល់អំណាចដល់មនុស្ស” ។ នេះ ជាគម្រោងសាកល្បងដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យីហោក្រុមហ៊ុនក្នុងការជំរុញការអនុវត្តការបង្កើតឡើងវិញនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។
ដោយចាប់ផ្តើមលើគម្រោងអភិវឌ្ឍរួមបញ្ចូលគ្នាជាមួយធម្មជាតិដ៏មានមហិច្ឆតាបំផុតរបស់ខ្លួន Banyan Group ណែនាំគម្រោងមួយទៀតនៅ Laguna Lakelands នៅភូកេត។ គម្រោងនេះ នឹងលាតសន្ធឹងលើផ្ទៃដី ១១០ ហិកតា មានសួនឧទ្យាន Rainforest ផ្លូវដើរលើកំពូលភ្នំជាង ១០គីឡូម៉ែត្រ និងតំបន់ចំនួនប្រាំមួយផ្សេងគ្នា ដែលនេះជាការបង្ហាញពីយុគសម័យថ្មីនៃការរស់នៅដ៏អស្ចារ្យសម្រាប់សង្គមមនុស្សថ្មី។
លោក Eddy See ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Banyan Group បានធ្វើការកត់សម្គាល់ថា “ការវិវត្តនៃម៉ាកយីហោរបស់ក្រុមហ៊ុន Banyan បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផលប័ត្ររបស់យើងពីការធ្លាប់តែមានម៉ាកយីហោផ្តល់សេវាបែបប្រណីតតែមួយមុខ ទៅជាការផ្តល់ជូននូវសេវាកម្មចម្រុះដូចដែលយើងមានសព្វថ្ងៃនេះ”៕
- Video Advertisement -