សូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា

សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ ២០២៤។

មានទីតាំងស្ថិត​នៅ​ក្នុង​សង្កាត់​ប្រវត្តិសាស្ត្រ​លើបរិវេណ​សួន​ច្បារ​ដ៏​ខៀវ​ស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែល​មាន​កម្ពស់ ១២ជាន់ ​ទទួល​បាន​វិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់​ផ្តើម​គំនិត​ផ្ដួច​ផ្ដើម​ផ្នែក​បរិស្ថាន និង​សង្គម​ដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។​ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។

ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ  ជាមួយក្រុមហ៊ុន Eco Spirits ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ឧទ្ទិសដល់ការលុបបំបាត់ការប្រើប្រាស់សម្ភារៈប្រភេទដបកែវប្រើបានតែមួយដង (single use glass) តាមរយៈបច្ចេកវិទ្យាវេចខ្ចប់តាមគោលការណ៍សេដ្ឋកិច្ចចក្រា (Circular packaging industry)។ ភាពជាដៃគូនេះ ពាក់ព័ន្ធនឹងការផ្តល់នូវការផ្គត់ផ្គង់ស្រា និងភេសជ្ជៈជាតិស្រវឹង (spirits) ដែលជាផលិតផលក្នុងស្រុកសម្រាប់សេវាកម្មសណ្ឋាគារ ដោយប្រើឧបករណ៍ចំណុះឈ្មោះថា ecoTote ជាប្រភេទសម្ភារៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចប្រើឡើងវិញបាន និងអាចចាក់បំពេញឡើងវិញបាន។ គំនិតផ្តួចផ្តើមនេះរួមចំណែកដល់ការកាត់បន្ថយយ៉ាងសំខាន់នៃកាកសំណល់កញ្ចក់ដែលប្រើបានតែមួយដង និងជួយកាត់បន្ថយដានកាបូននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។

សណ្ឋាគារនេះក៏មានបំពាក់នូវបច្ចេកវិទ្យាចែកចាយផលិតផលភេសជ្ជៈជាតិស្រវឹង (spirits)  ដែលមានជាតិកាបូនទាប និងកម្រិតបញ្ចេញកាកសំណល់ទាបដំបូងគេរបស់​ពិភពលោក ដែលជាប្រព័ន្ធបិទជិតដែលកាត់បន្ថយកាកសំណល់វេចខ្ចប់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ភេសជ្ជៈជាតិស្រវឹង។ ក្រុមហ៊ុន Eco Spirits សម្រេចបានការសន្សំការបំភាយកាបូនប្រហែល ១៥០ ក្រាមក្នុងមួយដបស្រាក្រឡុក។ លើសពីនេះ កម្មវិធីព្រៃឈើ របស់ក្រុមហ៊ុន បានរួមចំណែកដល់ការដាំដើមឈើមួយដើមសម្រាប់រាល់មួយធុង (ecoTote) ដែលបានទិញ ដែលបណ្តាលឱ្យមានការកាត់បន្ថយបន្ថែមបាន ១២០ ក្រាមនៃការបំភាយកាបូនក្នុងមួយធុងៗ (ecoTote)។

គួររំលឹកថា ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ Accor Property សំដៅលើសមូហភាពនៃការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចយ៉ាងទូលំទូលាយដែលផ្តល់ដោយក្រុមហ៊ុនមេ Accor Group ដែលក្នុងនោះរួមមានម៉ាកសណ្ឋាគារលំដាប់អន្តរជាតិជាច្រើន គ្របដណ្តប់វិស័យផ្សេងៗដូចជាប្រណីតភាព សេវាលំដាប់ Premium សេវាខ្នាតមធ្យម ការស្នាក់នៅបែបសាមញ្ញ និងបែបលំដាប់ខ្ពស់។ ផលប័ត្របដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន​ Accor Groupនេះ គ្របដណ្តប់លើសណ្ឋាគារជាង ៥១០០ នៅទូទាំង ១០០ប្រទេស លើពិភពលោក ដោយផ្តល់ជូនភ្ញៀវនូវជម្រើសដ៏ពិសេសសម្រាប់តម្រូវការធ្វើដំណើររបស់ពួកគេ។ លើសពីនេះ Accor បានពង្រីកខ្លួនទៅជាលំនៅដ្ឋានម៉ាកល្បីៗ ដោយផ្តល់នូវកន្លែងរស់នៅឯកជនដ៏ប្រណីត ដែលស្របតាមស្តង់ដារម៉ាកយីហោសណ្ឋាគារដ៏មានកិត្យានុភាពប្រចាំពិភពលោករបស់ខ្លួនផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]