កម្ពុជា-ម៉ាឡេស៊ី សហការគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបតម្លៃ $៣០០លាន លើដីទំហំ១០០ហិកតា ជិតរាជធានីភ្នំពេញ 

បណ្តាញអចលនទ្រព្យសកល IQI ទើបនឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះមានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ១00 ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់ ២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម Edgeprop ចុះផ្សាយថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។

ស្ថិតនៅក្នុងខេត្តកណ្តាល ចំងាយត្រឹមតែ ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ  ឧទ្យានផលិតកម្មបច្ចេកវិទ្យានេះ ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រនៅជិតតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនផងដែរ។

លោក Daniel Ho សហស្ថាបនិក IQI Global និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឧទ្យានឧស្សាហកម្មនេះដោយបញ្ជាក់ថា “ឧទ្យានឧស្សាហកម្មដ៏ទំនើបនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសេវាបម្រើដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមទាំងផ្លូវល្បឿនលឿនចំនួនពីរថែមទៀតផង” ។ លោក Ho បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់តម្រូវការដែលមានស្រាប់ពីក្រុមហ៊ុនផលិត និងជំរុញកំណើនក្នុងទីផ្សារអាស៊ាន។

បន្ថែមពីលើការបង្កើតបរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុនពហុជាតិ ក្រុមហ៊ុន IQI គ្រោងនឹងបង្កើតមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ ដើម្បីបំពាក់បំប៉នកម្មករកម្ពុជានូវជំនាញទំនើបថែមទៀត។ លោក Ho បានបង្ហាញពីទំនុកចិត្តលើភាពជោគជ័យរបស់គម្រោងនេះ ដោយមានបំណងសម្រេចនៅផែនការក្នុង MoU ដែលបានចុះហត្ថលេខានេះ ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនក្នុងរយៈពេលត្រឹមតែ ០៥ ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុន IQI មានគោលបំណងទាក់ទាញអ្នកជួលផលិតកម្មតាមរយៈវេទិការបស់ខ្លួន សម្របសម្រួលការវិនិយោគឆ្លងព្រំដែន និងការអភិវឌ្ឍន៍សម្រាប់អតិថិជនសាជីវកម្ម ជាពិសេសមកពីប្រទេសម៉ាឡេស៊ី ចិន និងអ្នកវិនិយោគផ្សេងទៀតពីទូទាំងសកលលោក។ ឧទ្យាននេះ នឹងផ្តល់ជូននូវគ្រឿងបរិក្ខាររួមបញ្ចូលគ្នាដើម្បីបង្កើនភាពពេញចិត្ត និងប្រសិទ្ធភាពរបស់បុគ្គលិក រួមទាំងជម្រើសអាហារ កន្លែងកម្សាន្ត និងសេវាកម្មសំខាន់ៗ។

លោក Chandy Mann ស្ថាបនិកក្រុមហ៊ុន Premium Housing Group ដែលជាហត្ថលេខីភាគីកម្ពុជាមួយក្នុងចំណោមដៃគូនៃ MoU នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះឧត្តមភាពរបស់គម្រោងនេះ តាមរយៈទិន្នន័យដែលមានបង្ហាញកាលវិភាគ និងក្នុងថវិកាគម្រោង។ ក្រុមហ៊ុន Premium Housing Group នឹងសហការជាមួយវិស្វករ និងស្ថាបត្យករល្បីឈ្មោះ ដើម្បីធានាបាននូវសម្ភារៈបរិក្ខារ និងអនុលោមតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ភាពជាដៃគូរវាង IQI និង EdgeProp ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២២ រួមបញ្ចូលវេទិកាបច្ចេកវិទ្យា ATLAS របស់ក្រុមហ៊ុន IQI ជាមួយនឹងដំណោះស្រាយទីផ្សារ និងម៉ាកយីហោរបស់ក្រុមហ៊ុន EdgeProp ផ្ទាល់តែម្តង។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងអំឡុងពេលវេទិការដ្ឋាភិបាលឌីជីថលនៅទីក្រុងភ្នំពេញមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ី លោក Gobind Singh Deo ផងដែរ។ គម្រោងឧទ្យានផលិតកម្មបច្ចេកវិទ្យា Cambodia Malaysia China High-Tech Park នេះ កំពុងត្រៀមខ្លួនជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពបរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជាក្នុងអនាគតដ៏ខ្លីខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]