២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%

ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-business-news ចុះផ្សាយថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។

ខ្លឹមសារនៃរបាយការណ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃអាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ប្រទេសចិន ជាពិសេសដោយសារបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្លាក់ចុះជាទូទៅនៃសកម្មភាពវិនិយោគផ្ទាល់ពីបរទេសជាសកល។ ខណៈពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រឈមដោយសារអត្រាការប្រាក់ខ្ពស់ ការស្ទុះងើបយឺតនៅក្នុងប្រទេសចិនដីគោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅចម្បងសម្រាប់អ្នកវិនិយោគចិនដែលស្វែងរកកំណើន និងស្ថិរភាព។

ការកើនឡើងនៃសកម្មភាពវិនិយោគ និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិននៅអាស៊ីអាគ្នេយ៍ បង្ហាញពីចំណុចស្នូលជាយុទ្ធសាស្ត្រ និងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ របត់លំហូវិនិយោគថ្មីនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍បន្តរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែចិនមានមហិច្ឆតាចង់ចាប់យកអាស៊ានជាទិសដៅយុទ្ធសាស្ត្រវិនិយោគ ដើម្បីពង្រីកឥទ្ធិពលនៅទូទាំងអាស៊ីប៉ាស៊ីហ្វិចទាំងមូល ពីព្រោះថាអាស៊ានគ្រាន់តែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះ។ ត្បិតតែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិច ប៉ុន្តែអាស៊ានទទួលបានចំណែកវិនិយោគចិនដល់ទៅ ៥០% នៃទំហំវិនិយោគចិនសរុបនៅអាស៊ីទាំងមូល។

ទោះបីជាមានការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនដែលវិស័យនេះរួមចំណែកដល់ទៅចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ ក៏វិនិយោគិនចិនបានសំឡឹងមើលទៅខាងក្រៅ ដោយស្វែងរកតម្លៃ និងឱកាសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកយ៉ាងហោចណាស់បើគិតមកទល់ត្រឹមឆ្នាំ ២០២៤ នេះ។

ក្នុងចំណោមទឹកប្រាក់ជិត ២០ពាន់លានដុល្លារនេះ ការវិនិយោគដោយប្រទេសចិននៅអាស៊ីអាគ្នេយ៍ គឺជាផ្នែកដ៏ច្រើនត្រូវបានតម្រង់ឆ្ពោះទៅរកគម្រោងអចលនទ្រព្យ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសស្ពាន ថ្នល់ កំពង់ផែ និងវិស័យស្ថានីយផលិតថាមពលនៅអាស៊ីអាគ្នេយ៍ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ប្រទេសចិនចំពោះគន្លងនៃការអភិវឌ្ឍក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចរយៈពេលវែង។ ចំណុចទាក់ទាញយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយចិនឱ្យធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់ពួកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសក្តានុពលកំណើននៅក្នុងទីផ្សាររបស់ប្រទេសដែលកំពុងរីកចម្រើនទាំងនេះផងដែរ។ ប្រទេសដូចជាឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែទីផ្សារធំ ទីតាំងយុទ្ធសាស្ត្រ និងគោលនយោបាយដែលងាយស្រួលវិនិយោគ។

ដោយឡែក ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលទទួលបានការវិនិយោគដ៏គួរឱ្យកត់សម្គាល់ពីប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គោលនយោបាយសេដ្ឋកិច្ចបើកចំហរបស់ប្រទេស គួបផ្សំនឹងទីតាំងយុទ្ធសាស្ត្រ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើង ធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគចិន។ ក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរសរុបចំនួន ៤,៩២ ពាន់លានដុល្លារ ដែលកើនឡើង ២២ ភាគរយពីចំនួន ៤,០៣ ពាន់លានដុល្លារ ពីឆ្នាំ២០២២ ។ ក្នុងចំណោមការវិនិយោគសរុបនៅកម្ពុជានេះ ការវិនិយោគរបស់ចិនមានចំនួន ៦៦% សម្រាប់ឆ្នាំ ២០២៣ មានប្រហែល ៣,២៥ ពាន់លានដុល្លារ ខណៈការវិនិយោគរបស់ចិនសរុបក្នុងប្រទេសថៃសម្រាប់ឆ្នាំ ២០២៣ មានត្រឹមតែជាង ៣, ១៩ ពាន់លានដុល្លារប៉ុណ្ណោះ។ សម្រាប់កម្ពុជា ៣,២៥ពាន់លាន គឺស្មើនឹង ១៦,២៥% បើធៀបនឹងទំហំវិនិយោគចិននៅក្នុងអាស៊ានទាំងមូលសរុប ២០ពាន់លានដុល្លារនោះ។ និយាយម្យ៉ាងទៀត ក្នុងចំណោមទឹកប្រាក់ដែលចិនវិនិយោគចូលអាស៊ានទាំង ២០ពាន់លានដុល្លារនោះ កម្ពុជាស្រូបយកបានប្រហែល ១៦% ពីក្នុងចំណោម ១០ប្រទេស ដែលនេះជាតួលេខមួយខ្ពស់គួរសមនិងគួរកត់សម្គាល់ ដែលបង្ហាញពីសក្តានុពលទាក់ទាញរបស់កម្ពុជាមិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]