អ្នកជំនាញកសិកម្មអូស្រ្តាលីសហការនឹងកម្ពុជា បើកដំណើរការកសិដ្ឋានដំាពោត ១ពាន់ហិកតា នៅសៀមរាប
ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) ដែលមាននាយកគ្រប់គ្រងជាជនជាតិអូស្រ្តាលី បានមកសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) នៅកម្ពុជា សម្ពោធបើកដំណើរការជាផ្លូវការនូវ កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា លើទឹកខេត្តសៀមរាប។
នេះបើយោងតាមពិធីសម្ពោធបើកដំណើរការជាផ្លូវនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា, និងលោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd)។
កសិដ្ឋានដំណាំពោតនេះ ត្រូវបានបង្កើតឡើងលើផ្ទៃដីប្រមាណ ១០០០ហិកតា បំពាក់ដោយបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយបំផុត និង មានទីតាំងស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាឱកាសនោះដែរ លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក ដោយបានសហការជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ដែលជាអ្នកជំនាញក្នុងវិស័យកសិកម្ម ពិសេសកសិដ្ឋានមួយនេះនឹងត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ បំផុតដើម្បីបង្កើនភាពប្រកួតប្រជែង និងលើកមុខមាត់ខេត្តសៀមរាបឱ្យកើនឡើងមួយកម្រិតទៀត។
ជាមួយគ្នានេះដែរ លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា ក៏បានប្តេជ្ញាថានឹងនាំយកនូវកសិកម្មបែប ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលនេះជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ពិសេសអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង។
លោក Benjamine បានបន្តទៀតថា កសិដ្ឋាននេះនឹងប្រើបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាពបំផុត។
ចុងក្រោយ លោក Benjamine បញ្ជាក់ថា នាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញ ទៅដោយ ដំណាំ ចម្រុះ រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិនត្រឹមតែរក្សាស្ថេរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺរួមចំណែកដល់ និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ។






- Video Advertisement -