ចក្ខុវិស័យធំៗ៣ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ាន
ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងត្រូវអនុវត្តជា ០២ដំណាក់កាល ដើម្បីសម្រេចនូវចក្ខុវិស័យធំៗចំនួន០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងនោះដែរ ដំណាក់កាលទី ១ (២០២៥-២០២៨) ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។
រីឯដំណាក់កាលទី ២ វិញ (២០២៩-២០៣៨) ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។
ដោយឡែកសម្រាប់ចក្ខុវិស័យទាំង ០៣ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរួមមាន៖
- ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
- ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង
- ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព ចម្រុះវប្បធម៌ និងឆ្លាតវៃ។
គួរបញ្ជាក់ថា ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្ថិតក្នុងដំណាក់កាលជាសេចក្តីព្រាងនៅឡើយ ដែលក្រុមការងារកំពុងពិនិត្យ និងកែសម្រួលលើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះនៃឯកសារ ដើម្បីឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុក។
បើគិតមកទល់ពេលនេះ ផែនការមេនេះ ស្ថិតនៅក្នុងដំណាក់កាលទី២ នៃការត្រួតពិនិត្យ ដែលកំពុងពន្លឿនការពិភាក្សាលើ ១២ចំណុចសំខាន់ៗ។ (អានបន្ថែម)
- Video Advertisement -