និយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា
វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។
នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រីនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា ជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរ។
នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគវិញ លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនមួយចំនួន កំពុងដំណើរការការវិនិយោគក្នុងវិស័យសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាងនេះទៅទៀត លោកស្រីបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងរកមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា ដោយសម្ដេចបានផ្ដល់អនុសាសន៍ថា ហ្វីលីពីនគួរតែពិនិត្យ និងច្បាមយកឱកាសវិនិយោគនៅកម្ពុជាឱ្យបានច្រើន ពិសេសគឺវិស័យផលិតស្រូវអង្ករ វិនិយោគិនហ្វីលីពីនអាចមកបណ្ដាក់ទុន ១០០% នៅកម្ពុជា ដោយគ្រាន់តែរៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានំាទៅកាន់បណ្ដាប្រទេសផ្សេងទៀតផងដែរ។
ក្រៅពីនេះ សម្ដេច ក៏ស្នើទូតហ្វីលីពីន ខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីនមកកម្ពុជា ឱ្យកាន់តែច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគរវាងប្រទេសទាំងពីរ៕
- Video Advertisement -