ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។

ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ និង ២០២៣ រៀងគ្នា មុនពេលឈានដល់ការផ្អាកទាំងស្រុងនៅ ត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ចាប់ផ្តើមបង្ហាញនិន្នាការងើបឡើងវិញ គួរឱ្យកត់សម្គាល់ពីកម្រិតទាប ដែលបណ្តាលមកពីជំងឺរាតត្បាតសកល។ ការមកដល់របស់ភ្ញៀវទេសចរចិន បានបង្ហាញពីភាពធន់ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់វិស័យទេសចរណ៍ ដោយបានកើនឡើងដល់ ១,៧លាននាក់នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលតួលេខនេះ បង្ហាញពីភាពល្អប្រសើរឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួនអ្នកទស្សនាត្រឹមតែ ៥០.០០០នាក់ ក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះ នៅតែទាបជាងឆ្ងាយ បើធៀបនឹងកំណើន ដល់កម្រិតកំពូលមុនជំងឺរាតត្បាតសកល ដែលកាលណោះ មានអ្នកទេសចរមកកម្ពុជារហូតដល់ ២,៣ លាននាក់ ។ នេះមានន័យថា នៅមានគម្លាតចំនួនភ្ញៀវទេសចរប្រមាណ ១,៦ លាននាក់ទៀត ទើបបានស្មើកាលពីកំឡុងឆ្នាំ២០១៩។

ងាកមកមើលពីការព្យាករពីនិន្នាកា វិនិយោគពីបរទេសវិញ ស្ថិតិចុងក្រោយបង្ហាញពីទំនុកចិត្តឥតងាករេ របស់ចិនចំពោះសក្តានុពលទីផ្សាររបស់កម្ពុជា ទោះបីជាយន្តការផ្តល់មូលនិធិដែលចិនធ្លាប់ផ្តល់ជូនកម្ពុជា ហាក់មានការវិវត្តប្លែកថ្មីក៏ដោយ។ ទោះយ៉ាងណាក្តី ខណៈពេលដែលប្រាក់កម្ចីក្នុងក្របខណ្ឌរដ្ឋ ពោលគឺ ពីរដ្ឋាភិបាលចិនទៅរដ្ឋាភិបាលកម្ពុជា បានបង្អង់ជាបណ្ដោះអាសន្នដ៏ដោយ តែគេសង្កេតឃើញថា ការវិនិយោគពីវិស័យឯកជននៅតែបន្តហូរចូល ដោយ FDI របស់ចិនរក្សាបាននូវទីតាំងលេចធ្លោ របស់ខ្លួននៅកម្រិតប្រមាណ ៤៧% នៃការវិនិយោគបរទេសសរុបនៅក្នុងត្រីមាសទី២នៃឆ្នាំ ២០២៤ បង្ហាញឲ្យឃើញពីការថយចុះបន្តិចបន្តួចពីកម្រិតកំពូលនៃ ៥៦% ក្នុងឆ្នាំ ២០២៣។ ទិន្នន័យនេះ ជាពស្តុតាងបញ្ជាក់ឱ្យឃើញច្បាស់ពីការចាប់អារម្មណ៍យូរអង្វែងពីអ្នកវិនិយោគចិន នៅក្នុងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ […]