ត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ $៩៧ពាន់លាន
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ៩៧ពាន់លានដុល្លារ ដែលនេះជាការឆ្លុះបញ្ជាំាងពីកំណើន ៧%។ នេះបើយោងតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។
នាឱកាសនោះ លោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រមាណជា ៩៧ពាន់លានដុល្លារ កើនឡើង ៧%។ ក្នុងនោះឥណទានអតិថិជនមានជាង ៦២ ពាន់លានដុល្លារ កើនឡើង ៤,៥%។ ចំពោះប្រាក់បញ្ញើអតិថិជនមានប្រមាណជាង ៦១,៤ពាន់លានដុល្លារកើនឡើង ១៤% និងដើមទុនមានប្រមាណ ១០.៤ពាន់លានដុល្លារ កើនឡើង ៥.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកសរុបចំនួន ២០៩គ្រឹះស្ថាន ដែលទទួលបានអាជ្ញាប័ណ្ណដំណើការអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានសមាជិករបស់សមាគមធនាគារនៅកម្ពុជាមានចំនួន ៧៧ ក្នុងនោះរួមមាន៖ ធនាគារពាណិជ្ជមានចំនួន ៦០, ធនាគារឯកទេសមានចំនួន ៨, តំណាងការិយាល័យធនាគារបរទេសមានចំនួន ៥ និងសមាជិកចំនួន ៤ទៀត រួមមាន៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា, សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសាជីវកម្មធានាឥណទានកម្ពុជា។
ដោយឡែក សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានចំនួនសរុប ១៣២ ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន ៨២, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមានចំនួន ១២, គ្រឹះស្ថានឥណទានជនបទមានចំនួន ៣២ និងធនាគារពាណិជ្ជមានចំនួន២។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់នេះ មានបុគ្គលិកកំពុងបម្រើការងារសរុបប្រមាណជាង ៨ម៉ឺននាក់នៅទូទាំងប្រទេស។
ជាមួយនឹងទស្សនវិស័យកំណើនជាប់លាប់ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេស៕
- Video Advertisement -