ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ សន្យាជួយជំរុញជំនាញទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារនៅកម្ពុជា
ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន នឹងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីជួយជំរុញលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារកាន់តែប្រសើរ។
នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី Hu Heng បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាថ្នាក់ទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងគ្រប់គ្រងសណ្ឋាគារ (Hotel Management) នៅទីស្តីការក្រសួងទេសចរណ៍។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ក្រុមហ៊ុនលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។
តាមរយៈជំនួបពិភាក្សានេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ក៏បានឯកភាពគ្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា។
ក្រសួងទេសចរណ៍ ធ្លាប់បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
- Video Advertisement -