មកស្គាល់ពីកម្មវិធីគូរប្លង់ឆ្លាតវៃ ៖ អាចឱ្យអ្នកស្រមៃសំណង់នៅទីតាំងជាក់ស្ដែងដូចពិតៗ

ឧទាហរណ៍ថាចង់សង់វិឡាដ៏ស្រស់ស្អាតមួយនៅលើចង្កេះភ្នំ នៅឯខេត្តមណ្ឌលគិរី  ជាក់ស្ដែង អ្នកត្រូវចុះទៅមើលដី ហើយថតរូប វាស់វែង បន្ទាប់មកអ្នកត្រូវទៅជួលស្ថាបត្យករឱ្យគូរប្លង់។ ការគូរប្លង់ពេលខ្លះគឺមិនបានដូចចិត្តទៀត ព្រោះត្រឹមតែជាប្លង់លើក្រដាស ហើយស្រមៃមិនចេញថាផ្ទះនៅទៅជាយ៉ាងណា។

ឥឡូវឈប់ពិបាកទៀតហើយ មានកម្មវិធីថ្មីឆ្លាតវៃមួយដែលអាចជួយអ្នកបាន ទោះអ្នកមិនយល់ និងគ្មានចំណេះដឹងលើផ្អែកសំណង់ និងស្ថាបត្យកម្មក៏ដោយ។

ជាជាងត្រឹមតែមើលរូបក្នុងក្រដាស កម្មវិធីនេះអាចបង្កើតរូបភាព និងវីដេអូដូចពិតនៃផ្ទះរបស់អ្នក នៅលើទីតាំងជាក់ស្ដែងបានដោយងាយស្រួល។ អ្នកអាចមើលឃើញថាផ្ទះគឺស្អាតប៉ុនណានៅពេលថ្ងៃលិច ហើយពេលថ្ងៃរះនឹងស្អាតប៉ុនណា បើមានដើមឈើធំតូចដាំជុំនឹងទៅជាយ៉ាងដូចម្ដេច ចុះបើចង់ដាក់អាងហែលទឹកលើដំបូលចំហៀងវិញ នឹងទៅជាយ៉ាងម៉េច។ គ្រប់យ៉ាងអាចធ្វើបានក្នុងកម្មវិធីតែមួយ បានដោយងាយស្រួល។

ក្រមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនវិស្មកម្មលំដាប់ពិភពលោក ថ្មីៗ បាន​បង្ហាញ​នូវ​ផលិតផល​ថ្មី​មួយឈ្មោះថា​ iTwin Engage ដែល​ជាការរួមបញ្ចូល​គ្នា​នូវ iTwin, Cesium, Unreal Engine និង​ AI ដើម្បីធ្វើឱ្យកម្មវិធីស្ថាបត្យកម្មដែលស្មុគស្មាញ ក្លាយជាកម្មវិធីដែលគ្រប់គ្នាអាចប្រើបានដោយមានប្រសិទ្ធភាព។

ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​ពេល​សន្និសីទ Year in Infrastructure and Going Digital Awards (YII) នៅ​ទីក្រុង Amsterdam កាលពី​ថ្ងៃទី ១៥ ខែ​តុលា ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យបានទៅចូលរួមផងដែរ។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems ថ្លែងសុន្ទរកថាអធិបតីក្នុងឱកាសប្រកួតអ្នកឈ្នះពានរង្វាន់ Year in Infrastructure 2025 និង Going Digital Awards។ (រូបថតដោយ Bentley Systems)

តាមរយៈ​ការប្រើប្រាស់ iTwin Engage គម្រោងសំណង់​នានា​ដូចជាផ្ទះ ស្ពាន ផ្លូវរូងក្រោមដី និង​រោងចក្រ​ថាមពល មិនមែន​គ្រាន់តែ​ជា​គំនូរ​លើ​ក្រដាស ឬ​គំរូ​លើ​អេក្រង់​ទៀត​ទេ គឺ​វា​ជា​បទពិសោធន៍​ពេញលេញ និង​ស៊ីជម្រៅ​ក្នុង​ពិភពលោកពិតៗ និងពេលវេលា​ពិត (real-time)។

ចំណុចពិសេសដំបូងបង្អស់របស់ iTwin Engage គឺការបញ្ចូលទិន្នន័យភូមិសាស្ត្រ 3D របស់ Cesium ទៅក្នុងកម្មវិធីវិស្វកម្មឆ្លាតវៃរបស់ Bentley។ នេះមានន័យថា ប្លង់ដែលគូរ មិនមែនជាប្លង់ងាប់លើកុុំព្យូទ័រទៀតទេ តែវាត្រូវបានបង្ហាញនៅលើទីតាំងជាក់ស្ដែងពិតៗ របស់អ្នក ដោយប្រើទិន្នន័យភូមិសាស្ត្រ 3D របស់ Cesium។ ដូច្នេះ អ្នកអាចស្រមៃបានគ្រប់យ៉ាង សូម្បីតែពន្លឺថ្ងៃ និងស្ថានភាពខ្យល់បក់ ឬលំហូរទឹក។

ចំណុចពិសេសទីបន្ទាប់គឺ កម្មវិធីនេះគឺធ្វើការលើ Cloud ប៉ុន្តែគឺដើរលឿនបំផុត​ គ្រប់ការបញ្ជាឱ្យប្ដូរផែនការ ឬប្លង់ គឺស្ទើរតែដូរបានភ្លាមៗ។ ឧទាហរណ៍ ដូរពីសង់ផ្ទះមួយជាន់ ទៅជាពីជាន់ កម្មវិធីនឹងអាចឱ្យដូរបានភ្លាមៗ នៅទីតាំងជាក់ស្ដែងពិតៗ ដោយមិនចាំបាច់ចាំ Render។ បញ្ជាឱ្យថែមដើមឈើ និងសង់អាងហែលទឹក វាក៏នឹងបន្ថែមភ្លាមៗ ហើយលទ្ធផលគឺចេញតាមពេលវេលាដែលអ្នកកំណត់ទៀតផង ដែលបង្ហាញថាផ្ទះរបស់នឹងស្អាតយ៉ាងណា នៅពេលថ្ងៃលិចជាដើម។

ចំណុចពិសេសទី ៣ គឺការប្រើ AI ជាលេខា។ ពីមុន អ្នកខ្លះអាចពិបាកប្រើកម្មវិធីបែបនេះ ប៉ុន្តែឥឡូវអ្នកអាចបញ្ជា​​ AI ឱ្យធ្វើការបានក្នុងកម្មវិធីនេះ។ AI នឹងដើរតួដូចជាជាលេខារបស់អ្នកដូច្នោះ ហើយគ្រាន់បញ្ជានូវអ្វីដែលចង់បាន។

លើសពីនេះ កម្មវិធី iTwin Engage មិនមែនគ្រាន់តែជួយអ្នកឱ្យស្រមៃប្លង់គម្រោងនៅលើទីតាំងជាក់ស្ដែង បានដោយងាយប៉ុណ្ណោះទេ តែវាក៏ជាកម្មវិធីគ្រប់គ្រងគម្រោងសំណង់ និងបណ្ដុំទិន្នន័យ ដែលគ្រប់ភាគីពាក់ព័ន្ធអាចប្រើប្រាស់បានក្នុងកន្លែងតែមួយ។  នេះជួយឱ្យការងារមានតម្លាភាព សន្សំពេលវេលា និងប្រសិទ្ធភាពដោយមិនចាំបាច់ប្រើកម្មវិធីច្រើន។

លោក Nimrod Friedmann អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់នៅ Bentley បានឱ្យដឹងថាគោលបំណងធំរបស់កម្មវិធីនេះ គឺភាពងាយ ដែលគ្រប់គ្នាអាចប្រើបាន ពោលគឺកម្មវិធីមិនមែនសម្រាប់តែវិស្វករនោះទេ។ ម្ចាស់ផ្ទះទូទៅ ម្ចាស់គម្រោងខ្នាតតូច អ្នកវិនិយោគ មន្ដ្រីរដ្ឋាភិបាល និងគ្រប់ភាគីទាំងអស់ អាចយល់ពីគម្រោងដោយងាយពីកម្មវិធីត្រឹមតែមួយនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]