រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជាឱ្យច្រើនបន្ថែមទៀត សំដៅចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងសន្សំថវិកាពលរដ្ឋ។

នេះបើតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម កែវ រតនៈ ឱ្យដឹងថា ឆាប់ៗនេះ អគ្គិសនីរបស់កម្ពុជាតាមរយៈការចង្អុលទិសរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថា ទូទាំងប្រទេសកម្ពុជា តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត និងម៉ូតូ ដែលមានល្បឿនលឿន។

ឯកឧត្តមថា តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញដល់ជិត ៥ដង ប្រសិនបើប្រៀបធៀបការប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំង ជាពិសេសរួមចំណែកដល់ការថែរក្សារបរិស្ថានពិភពលោក។ «ដូច្នេះផែនការរបស់ក្រសួង ត្រូវទម្លាក់ថ្លៃសាករថយន្ត កុំឱ្យមានតម្លៃថ្លៃដូចបច្ចុប្បន្ន ១.៦០០ ទៅ ១.៧០០រៀល ឱ្យមកក្រោមនេះ។ ទីពីរ ពង្រាយស្ថានីយសាកឱ្យច្រើន ដើម្បីឱ្យបងប្អូនយើងទៅណា ក៏អាចមានកន្លែងសាករថយន្ត។ ផែនការនេះ យើងធ្វើមិនត្រឹមតែសម្រាប់រថយន្តគ្រួសារទេ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញផងដែរ»។

គួរបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជាមិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់ដែលបំផ្លាញដល់បរិស្ថាននោះទេ។ បន្ថែមពីនេះ ៦២ភាគរយ នៃអានុភាពដំឡើងថាមពលនៅក្នុងបណ្តាញជាតិនៅកម្ពុជាបច្ចុប្បន្ន គឺជាថាមពលស្អាត។ កម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសជាប់លំដាប់ទី២ នៅអាស៊ានបន្ទាប់ពីឡាវ ចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយ គឺកម្ពុជា បានលើសពីផែនការរបស់អាស៊ាន ៣០% ផងដែរ។នៅឆ្នាំ២០៣០ កម្ពុជាចង់ឱ្យបានថាមពលស្អាតនេះដល់ ៧០% ដើម្បីចូលរួមចំណែកក្នុងពិភពលោកមួយដែលមានភាពបៃតង ជាពិសេសដើម្បីអនាគតរបស់ប្រទេសកម្ពុជាខ្លួនឯង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង