កម្ពុជាពង្រឹងគោលនយោបាយលំនៅឋានដែលមានតម្លៃសមរម្យជាមួយនឹងសសរស្តម្ភយុទ្ធសាស្ត្រថ្មីចំនួនបួន
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងរៀបចំ និងកែសម្រួល នឹងដាក់បញ្ចូលនូវចំណុចសំខាន់ៗចំនួន៤ លើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ»។
នេះបើយោងតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបឱ្យដឹងថា គោលនយោបាយថ្មី ដែលត្រូវធ្វើបច្ចុប្បន្នភាពនេះ នឹងត្រូវជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧» និង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឆ្នាំឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
គោលបំណងជាយុទ្ធសាស្ត្រចំនួន ២
ឯកឧត្តបន្តថា គោលនយោបាយថ្មី នេះមានគោលបំណងពីរធំៗ ១) ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កម្មសិទ្ធិប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និងអ្នកធ្វើចំណាកស្រុក និង ២) ជំរុញការអភិវឌ្ឍនគរូបនីយកម្ម។ ជារួមតាមរយៈគោលបំណងនៃ គោលនយោបាយថ្មីនេះ មានយុទ្ធសាស្រ្តថ្មីពីរដែលត្រូវដាក់ចេញ គឺការផ្តល់តាមយៈកម្មសិទ្ធិ និងតាមរយៈការជួល។
ទិដ្ឋភាពថ្មីៗចំនួន ៤ នៃគោលនយោបាយ
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ «សេចក្តីព្រាងគោលនយោបាយ» នេះបានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយឆ្នាំ២០១៧ រួមមាន៖
១) ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន
២) ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល
៣) ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និង
៤) ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោងដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង និងបានណែនាំឱ្យបន្តកែសម្រួលខ្លឹមសារមួយចំនួនឱ្យកាន់តែច្បាស់លាស់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ៕

