ក្រសួងកសិកម្ម និងវិស័យឯកជន រួមគ្នាអនុវត្តគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើប
កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រសួងកសិកម្ម និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដើម្បីដាក់ចេញគំនិតផ្តួចផ្តើមនៃដើមទុនការប្រាក់ទាប និងឥណទានកាបូន ដើម្បីផ្លាស់ប្តូរកសិកម្មខ្នាតតូចទៅជាសហគ្រាសពាណិជ្ជកម្មដែលមានតម្លៃខ្ពស់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd) ដើម្បីរួមគ្នាអនុវត្តកម្មវិធីគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញមោទនភាពក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មីជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។
ក្រសួងកសិកម្ម បានឱ្យដឹងថា តាមរយៈ MoU នេះ ធនាគារស្ថាបនា នឹងក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន $៣លានដុល្លារ សម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។
ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ តាមរយៈ MoU នេះ ក្រុមហ៊ុន នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្មផងដែរ៕

