ERIA៖ ក្រុមហ៊ុនជប៉ុនចង់ប្ដូរទីតាំងផលិតកម្ម និងសម្លឹងមើលឱកាសវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានលើកឡើងថាបណ្ដាក្រុមហ៊ុនជប៉ុនចង់ប្ដូរទីតាំងផលិតកម្មនៅក្នុងតំបន់ និងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន។
នេះបើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ថ្លែងក្នុងជំនួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ប្រធានវិទ្យាស្ថាន ERIA បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និងសកលផងដែរ។
ជាមួយគ្នានេះ លោកក៏បង្ហាញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ លោកក៏បញ្ជាក់ផងដែរថា បណ្ដាក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-location) នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន ERIA។ សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និងឧស្សាហកម្មជាក់លាក់ជាដើម។
តាមរយៈជំនួបខាងលើ សម្ដេចធិបតីបានជំរុញឱ្យវិទ្យាស្ថាន ERIA ពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ទាំងនៅជប៉ុន និងកម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគីផងដែរ៕
- Video Advertisement -