ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ពី៦% មកត្រឹម ៥,៨% ដូចធានាគារពិភពលោក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ពី៦% មកនៅត្រឹម ៥,៨% ដូចគ្នានិងធនាគារពិភពលោក(WB) ដែលបានព្យាករកាលពីកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយ កាលពីពេលថ្មីៗនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ពីការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ មានកម្រិតត្រឹម ៥,៨% និង ៦,០% សម្រាប់ឆ្នាំ២០២៥។

ជាមួយនឹងអត្រាកំណើននេះ ADB បានបន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី ២,៩% មក ០,៥% សម្រាប់ឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅឆមាសទី១ ឆ្នាំ២០២៤ រួមនឹងការថយចុះនៃថ្លៃដី ដែលគាំទ្រដល់ផលិតកម្មកសិកម្ម។

ទន្ទឹមនឹងនេះដែរ សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់បន្ថែមថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

រីឯវិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុបបានកើនដល់ ៩៤,៨% នៃកម្រិតមុនមានជំងឺរាតត្បាតក្នុងឆមាសទី១ ឆ្នាំ២០១៩។

បើក្រឡេកទៅមើលលំហូរវិនិយោគពីបរទេសវិញ គឺបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ពី ២,១ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុនក៏ដោយ។

លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរវិនិយោ​គ​ទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគា​រ។

បើទោះបីជាតួលេខកំណើននៃការព្យាករណ៍របស់ស្ថាប័នកំពូលក្នុងពិភពលោក មានភាពមិនស្របគ្នាខ្លះ ឬមានការល្អៀងតួលេខតិចតួច តែកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងឈានទៅរកស្ថានភាពប្រសើរសម្រាប់ឆ្នាំ២០២៤នេះ ដោយហេតុការងើបឡើងវិញវិស័យវាយនភណ្ឌ វិស័យកសិកម្ម ទេសចរណ៍ និងការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជាមូលដ្ឋានសម្រាប់កំណើនរឹងមាំឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]