ADB ផ្តល់ឥណទានជាង៧លានដុល្លារសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទាន ចំនួន ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំដែលរដ្ឋាភិបាល បានដាក់ឲ្យដេញថ្លៃជាសាធារណៈសម្រាប់ការវិនិយោគ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃ២៤ ខែឧសភា ការផ្តល់ឥណទានរបស់ធានាគារ អភិវឌ្ឍន៍អាស៊ី នេះនឹងជួយកម្ពុជាអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និង ពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។
គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ (EDC) ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង ១០០ មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្តាញចែកចាយ ចម្បងនៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះអាចផ្គត់ផ្គង់ថាមពលទៅបណ្តាញ ចែកចាយជាតិបានផងដែរ។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB មានប្រសាសន៍ឱ្យដឹងថាជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស ផងដែរ។
លោក Pradeep Tharakan ថ្លែងថា៖ «ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និង តម្លៃសមរម្យមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាកម្ពុជា»។
លោក យឹម វិសិដ្ឋ អគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា ដំណើរការនៃការដាក់ដេញថ្លៃជា សាធារណសម្រាប់វិនិយោគគម្រោងឧទ្យានសូឡា ទំហំ១០០មេហ្គាវ៉ាត មិនទាន់បានចប់នៅឡើយទេ។
លោក យឹម វិសិដ្ឋ ថ្លែងថា៖ «កំពុងស្ថិតនៅក្នុងដំណាក់កាលលក់ពាក្យទៅឲ្យក្រុមហ៊ុនវិនិយោគ ហើយការប្រកាសលទ្ធផលនៃឈ្នះនៃការដេញថ្លៃនឹងត្រូវបានប្រកាសជាសាធារណៈដោយ EDC នៅពេលខាងមុខ»។
បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិ ថាមពលពន្លឺ ព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន ១១ លានដុល្លារ និង ៣ លានដុល្លារ ជាហិរញ្ញប្បទាន ឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈ កម្មវិធីពង្រីកថាមពលកកើតឡើងវិញ។ បន្ថែមពីនេះទៀត ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ ជំនួយបច្ចេកទេសចំនួន ៥០០.០០០ ដុល្លារ ដែលផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរ អគ្គិសនីកម្ពុជា (EAC)។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាផលិតថាមពលកកើតឡើងវិញ សូឡាព្រះអាទិត្យ ចំនួនពីរទីតាំង ដែលទីតាំងទីមួយនៅក្រុងបាវិត ឧទ្យានសូឡា ផលិតថាមពល ១០មេហ្គាវ៉ាត និងឧទ្យានថាមពលសូឡា នៅខេត្តកំពង់ស្ពឺ ផលិតថាមពល ៨០មេហ្គាវ៉ាត ហើយដែលឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ បញ្ចេញថាមពលបាន២០មេហ្គា កាលពីខែមេសា ក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈ៦០មេហ្គាវ៉ាតទៀត គ្រោងនឹងបញ្ចេញថាមពេលនៅចុងឆ្នាំ២០១៩នេះ៕
- Video Advertisement -