ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានធ្វើសេចក្តីប្រកាសបញ្ជាក់ជាផ្លូវការមួយថាមិនទាន់មានដំណើរការបង្កើតគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេសគឺ អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AEON MALL (Cambodia) Co., Ltdនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រុមហ៊ុនអ៊ីអន ម៉ល បានជម្រាបសាធារណជនឱ្យដឹងថា មានព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ និងមានគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនដែលធ្លាប់មានកន្លងមក។
ក្នុងន័យនេះ បើមានការប្រកាសណាមួយពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន នឹងត្រូវធ្វើឡើងតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនតែមួយគត់។
គួរបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមអំពីគម្រោងបើកដំណើរការផ្សារទំនើបអ៊ីអនទី៤ នេះ ទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ខណៈដែលក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង រួចមកហើយនៅប្រទេសកម្ពុជា។ (អានបន្ថែម)