LSCG សហការនឹងក្រុមហ៊ុនចិន បោះទុន $៨០៤លាន បង្កើតតំបន់ឧស្សាហកម្មនៅខេត្តជាប់រាជធានីភ្នំពេញ

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG GROUP សហការនឹងក្រុមហ៊ុនយក្សចិន បោះទុន ៨០៤លានដុល្លារ ដើម្បីវិនិយោគបង្កើតតំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិចតា នៅខេត្តជាប់រាជធានីភ្នំពេញ។ លោក លី សុខឆាយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្លឹងស្វែងរកដីទំហំប្រមាណ ៥០០ហិចតា ដែលស្ថិតនៅខេត្តជាប់រាជធានីភ្នំពេញ ពិសេសនៅចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើវិស័យឧស្សាហកម្ម។ លោកបានរំលឹកទៀតថា៖ គម្រោងវិនិយោគដ៏ធំមួយនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំជាច្រើនដងរួចមកហើយជាមួយថ្នាក់ដឹនាំនៃក្រុមហ៊ុនចិនដែលនៅក្រៅស្រុក ជាលទ្ធផលក្រុមហ៊ុនក៏សម្រេចបោះទុនរហូតដល់ទៅ ៨០៤លានដុល្លារ លើការវិនិយោគមួយនេះ ។ លើសពីនេះ លោកក៏បានបន្ថែមថា បន្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានត្រៀមឯកសាររួចរាល់ជាស្រេច សម្រាប់ដាក់ស្នើជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើការស្នើសុំវិនិយោគ និងក្រសួងសាម៉ី ក៏ដូចជាដើម្បីឆ្លើយតបតាមបទបញ្ញត្តិទាំងឡាយនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិជាអាទិ៍។      

អាន​បន្ថែម

រដ្ឋាភិបាលស្នើចិនជួយបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានធម្មជាតិ នៅកម្ពុជា

រដ្ឋសភាកម្ពុជា បានស្នើដល់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យជួយបង្កើតមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ។ នេះបើតាមជំនួបរវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងឯកឧត្តម Fang Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ បន្ថែមពីនេះ  ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ មួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញ ច្រករបៀងមច្ឆានិងអង្ករ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធ គ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភារកម្មជាមួយអាស៊ីអាគ្នេយ៍ ក៏ដូចជាការភ្ជាប់មេត្រីភាពរវាងខេត្ត ផ្សេងទៀតរបស់កម្ពុជា និងខេត្តក្វាងស៊ី ដូចជាខេត្តកំពង់ធំជាដើម ដែលជាទីតាំងដ៏សំខាន់សម្រាប់ច្រករបៀងមច្ឆា និងអង្ករ។ ក្រៅពីនេះ ភាគីទាំងពីរ បានចុះអនុស្សារណៈស្តីពីការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន នៅទីក្រុងប៉េកាំងផងដែរ។

អាន​បន្ថែម

សម្តេចស្នើជប៉ុនបង្កើតសួនឧស្សាហកម្ម​ ដើម្បីជំរុញវិស័យឡូជីស្ទីកនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា បានធ្វើការស្នើដល់ភាគីជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន ដើម្បីជំរុញវិស័យឡូជីស្ទីក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ជប៉ុនបានប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមាន៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ ក្នុងនោះផងដែរ សម្តេចក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ដែរថា​ ក្នុងការជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ជប៉ុនក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ជាមួយកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងកែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ខណៈហេដ្ឋារចនាសម្ព័ន្ធមានគ្រប់គ្រាន់ហើយ

រដ្ឋកំពុងរៀបចំកែប្រែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុន តាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យរយៈពេលមធ្យមនិងរយៈពេលវែងនៅតំបន់រុនតាឯក សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ មានជីវភាពកាន់តែរឹងមាំ តាមរយៈបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង។ បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញបណ្តាអ្នកវិនិយោគមកបង្កើតរោងចក្រ ឧស្សាហកម្មនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯកផ្ទាល់តែម្តង។ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់រុនតាឯក និងពាក់ស្នែង មានជីវភាពរស់នៅរឹងមាំ និងភាព សម្បូរសប្បាយរុងរឿង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ មន្ទីរ ពេទ្យ ផ្សារ ភ្លើងអគ្គិសនី […]

អាន​បន្ថែម

ចិនកំពុងសិក្សាលទ្ធភាពសង់ប្រព័ន្ធទឹកស្អាតនៅខាងកើតនិងលិចទន្លេមេគង្គនៃប្រទេសកម្ពុជា

ក្រុមហ៊ុនចិន Beijing Urban Construction Group Co., LTD លើកឡើងពីគម្រោងសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ នេះជាការលើកឡើងរបស់ ឱ្យលោក លី ដៅសុង ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ពេលចូលជួបសម្តែងការគួរសម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែធ្នូ នៅវិមានសន្តិភាព។​ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា […]

អាន​បន្ថែម

រដ្ឋនឹងសង់ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីស្ពានអាកាសក្បាលថ្នល់ទៅព្រលានក្រុងតាខ្មៅ ខណៈបច្ចុប្បន្នព្រលានថ្មីនេះសម្រេចបាន ៥៥% ហើយ

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ជាង៥០% នៃតម្លៃគម្រោងសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd ផ្តល់បទសម្ភាសន៍ជូន Construction & Propery News កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ។ (អានបន្ថែម) ដោយឡែកចំពោះព័ត៌មានទាក់ទងនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិថ្មីនេះ លោកឧកញ៉ា បានបញ្ជាក់ច្បាស់ថា គម្រោងនេះពិតជាកំពុងត្រូវបានអនុវត្តមែន ដែលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋានថ្មីផ្ទាល់តែម្តង។ សម្រាប់ពេលវេលាសាងសង់ និងខ្ទង់ថវិកាចំណាយ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែលោកឧកញ៉ាបានរំលេចឱ្យដឹងថា ខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមាននៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់ដែលមានតម្លៃគម្រោងសរុប ៣៦.៧លានដុល្លារ។ គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ […]

អាន​បន្ថែម

សណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ

សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ ហើយបើតាមបើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ប្រមាណជា ៤.០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ឯកឧត្តម បានបន្ថែមថា យើងត្រូវបង្កើនផលិតផលទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍។ ជាចុងក្រោយនោះ ឯកឧត្តមសង្ឃឹមថា ផលិតផលនិងសេវាកម្មរបស់សណ្ឋាគារស៊ីហាហូថេលដែលមានដូចជា ស្កាយបារ រស់ជាតិអាហារ និងសេវាផ្សេងៗទៀតនៅទីនេះ នឹងក្លាយជាចំណុចដ៏សំខាន់សម្រាប់ជំរុញការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុខាងមុខនេះ​។

អាន​បន្ថែម

​តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ

ISI GROUP និងក្រុមហ៊ុនអឺបេនលែន មាន​សេចក្តី​សោមនស្សរីករាយ​ក្នុង​ការ​សម្ពោធ​ប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុង​តំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និង​គម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុង​ទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង​ ស្រេង​។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប​ ២ ឆ្នាំនៃផ្សារទំនើប​ ខេ​​ ម៉ល វេង​ ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួម​របស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]

អាន​បន្ថែម

ណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា

ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា  ក្នុងដំណាក់កាលទី៤។​ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ  អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។  ឯកឧត្តម បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ គូសបញ្ជាក់ផងដែរថា  កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារ ម្តងរួចមកហើយ។

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា

នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]

អាន​បន្ថែម

ចិនកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា

ក្រុមហ៊ុន Guangzhou Youdi Bio-technology ជាប្រភេទក្រុមហ៊ុនវេជ្ជសាស្ត្រមកពីទីក្រុងក្វាងចូវ ប្រទេសចិន បានបង្ហាញពីគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដ៏ទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងដ៏សំខាន់មួយទៀតក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមមានការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះដែរ ក៏ផ្តោតសំខាន់ទៅលើការស្រាវជ្រាវ […]

អាន​បន្ថែម

ADB ជួយកម្ពុជា $២,៤លាន សង់​អគារបណ្ណាល័យ​ដ៏ធំមួយ ក្នុងវិទ្យាស្ថានជាតិអប់រំ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ២,៤លានដុល្លារ សម្រាប់សង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាតនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នគម្រោងមួយនេះត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើយោងតាមកម្មវិធីក្រុងពលីខួងគ្រឹះបញ្ចុះបឋមសិលា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ ​បើយោងតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រាប់សាព័ត៌មានភ្នំពេញប៉ុស្តិ៍ថា «គោលបំណង​សំខាន់​នៃ​ការសាងសង់​អគារ​បណ្ណាល័យ​សម្តេចព្រះ​សង្ឃរាជ​ជួន​ ណាត​ នេះ គឺដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយ្យភូមិ ខណៈ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​គឺជា​វិទ្យាស្ថាន​តែ១គត់ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​គ្រូ​កម្រិត​ឧ​ត្ត​ម​»។​ គួរបញ្ជាក់ថា អគារ​បណ្ណាល័យថ្មីនេះ មាន​កម្ពស់​៦​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី មានតម្លៃ​ប្រមាណ​២,៤លាន​ដុល្លារ​ ដែលជាថវិកាគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តា​ល័យ​នេះនឹង​មានបំពាក់នូវ​ឧបករណ៍ សម្ភារ​ទំនើបៗព្រមទាំង​សៀវភៅ​សិក្សា​ដ៏​សម្បូរបែប​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​ប្រែក្លាយឱ្យទៅជា​បណ្ណាល័យ​ដ៏​ធំជាងគេក្នុង​ផ្នែក​អប់រំ​នៅ​កម្ពុជា​៕ គម្រោងនេះ ត្រូវការរយៈពេលសាងសង់ ១៥ខែ ដោយគិតចាប់ពីពេលបើកដំណើរការសាងសង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥៕

អាន​បន្ថែម