កម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា​ គិត​ ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ បើតាមវេបសាយរបស់ក្រុមហ៊ុនបានលើកឡើងថា សេវាកម្មខាងលើនេះ នឹងផ្តល់ជូននូវភាពរហ័សទាន់ចិត្ត ភាពស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍ផ្សេងៗនៅកម្ពុជា។

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោ​ក​​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភា​ពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា​ នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ​ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។ សម្តេចបានបន្ថែមថា បើថ្ងៃក្រោយមានការរៀបចំការប្រកួតស៊ីហ្គេមទៀត​ កម្ពុជានឹងយកទីតាំងថ្មី ដើម្បីសាងសង់មួយទៀត។ គួរបញ្ជាក់ថា ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លង។ ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែន​ការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំប​ន់​​​​​ភូមិ​​​ភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបថា បើមានផ្លូវល្បឿន​លឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី ក្រុងសែនមនោរម្យ រួចបន្តទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ ភ្ជាប់ចេញមកសៀមរាប ហើយក៏ចេញមកជួបគ្នាភ្នំពេញវិញតែម្តង។ នេះជាគម្រោងក្នុងផែនការរបស់រាជរដ្ឋាភិបាល ខណៈគម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន […]

អាន​បន្ថែម

សម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។ សម្តេចតេជោ ថ្លែងថា៖ “ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ ផ្តល់ការយោគយល់ចំពោះការលំបាករបស់អតិថិជន ដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែប្រាក់ចំណូលវាធ្លាក់ គប្បីរៀបចំឥណទានឡើងវិញ”។ សម្តេចបន្ថែមថា អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារលើតម្លៃផ្ទះ១០ម៉ឺនដុល្លារ ហើយបែរជាត្រូវម្ចាស់បុរីរឹបអូសនៅពេលមិនមានលទ្ធភាពបង់រំលស់ ដែលវាជារឿងអយុត្តិធម៌ ។ ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ ទៅរាយការណ៍នៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបញ្ជាឱ្យ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។

អាន​បន្ថែម

ផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។ ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន៤ ក្នុង ភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំ បន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ បន្ថែមពីនេះ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ […]

អាន​បន្ថែម

សម្តេចតេជោ ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួម វិនិយោគលើការបូមប្រេងកាតនៅសមុទ្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកវិនិយោគនៅលើវិស័យប្រេងកាត និងវិស័យកែច្នៃកសិផលផ្សេងទៀតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្តានុពលនិងឱកាសវិនិយោគសម្រាប់ការវិនិយោគពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា។ សម្តេចតេជោ មានប្រសាសន៍ថា៖ ”យើងទាក់ទាញវិនិយោគអេមីរ៉ាតអារ៉ាប់រួម​ ឱ្យមកវិនិយោគលើវិស័យកែច្នៃកសិកម្ម មានស្រូវអង្ករ ស្វាយចន្ទី និងកៅស៊ូ ជាដើម ហើយក៏ឱ្យពិនិត្យលទ្ធភាពនៃការវិនិយោគ ដទៃទៀត រាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ ដែលខាងគេមានបទពិសោធន៍ខ្ពស់លើវិស័យនេះ”។​ សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធន លើការវិនិយោគបូមប្រេងកាតនៃតំបន់អប្សរា នៃសមុទ្រខ្មែរ។ បន្ទាប់ពីផ្អាកប្រតិបត្តិការបូមប្រេង រាជរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនវិនិយោគនានាពិចារណាវិនិយោគលើវិស័យប្រេងកាត។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងNaga3 តម្លៃជិត ៤ពាន់លានដុល្លារ ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៩

គម្រោងសាងសង់ Naga 3 នៅក្នុងរាជធានីភ្នំពេញ មានតម្លៃជិត ៤ពាន់លានដុល្លារ ត្រូវបានប្រកាសពន្យារពេលបញ្ចប់ការសាងសង់របស់ខ្លួនដែលគ្រោងក្នុងឆ្នាំ២០២៥ ដោយបន្តទៅឆ្នាំ២០២៩ វិញ ដោយសារកត្តាមួយចំនួន​។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp Ltd. កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ការពន្យារពេលនេះ គឺដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ចនៃភូមិសាស្ត្រនយោបាយសកល និងសម្ពាធដ៏តានតឹងនៃអតិផរណាពិភពលោកដែលបន្តនៅទ្រឹងដដែល។ បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយសារមកទល់ពេលនេះ ទិសដៅ និងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរឡើយ។ គម្រោងសាងសង់ Naga 3 នេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ មានអគារពាណិជ្ជកម្មចម្រុះ សម្រាប់ការកំសាន្ត​ផ្សេងៗ ដែលមានការច្របាច់បញ្ចូលគ្នាច្រើនបែបនៅក្នុងទីក្រុងភ្នំពេញ។ នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។ (អានបន្ថែម) គួរបញ្ជាក់ថា រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ […]

អាន​បន្ថែម

សមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា

សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ “Lanton Cloud”។ បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញការសន្សំសំចៃ និងភាពប្រកួតប្រជែង។ លើសពីនេះ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។ ដោយឡែក វេទិកាពាណិជ្ជកម្ម Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួនអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ នាពេលអនាគត ផ្នែកកក់សណ្ឋាគារនៅលើ Lanton Cloud APP នឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យសណ្ឋាគារ  ហើយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកបដោយផាសុកភាពជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន។

អាន​បន្ថែម

សម្តេចតេជោ៖ កន្លងមក កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់​ចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative) របស់ប្រទេសចិន បានជួយជំរុញ និងទាក់ទាញវិនិយោគជាច្រើន ចូលមកកម្ពុជា បង្កើតការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ​ភ្នំពេញ-​បា​វិត តម្លៃជាង ១.៣០០ លានដុល្លារ នៅថ្ងៃទី៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ថា៖  “កម្ពុជា គឺជាប្រទេសដែលទទួលបានផលប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តួចផ្តើមគំនិតពីប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជំនួយឥតសំណង កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនៃគម្រោងវិនិយោគធំៗ”។ នៅក្រោមកិច្ចសហប្រតិបត្តិការ​ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កម្ពុជា មានគម្រោងជាច្រើន ដូចជា គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញបាវិត វិនិយោគដោយជនជាតិចិន និងគម្រោងជាច្រើនទៀត ស្ថិតក្រោមកម្ចីសម្បទាន និងជំនួញឥតសំណងពីប្រទេសចិន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ […]

អាន​បន្ថែម

ត្រីមាសទី១-២០២៣ បុព្វលាភធានារ៉ាប់រងទ្រព្យសម្បតិ្តមានជាង ១៤លានដុល្លារ កើនជាង១៥%

ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណជាង ១៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១៥,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលមានជាង ១២លានដុល្លារ។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។​ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីដើមខែមិថុនា បុព្វលាភធានារ៉ាប់រងទូទៅ មានទឹកប្រាក់ជាង ៤២លានដុល្លារ កើនឡើង ៦,៥ ភាគរយ។ ដោយឡែក ធានារ៉ាប់រងលើប្រភេទទ្រព្យសម្បតិ្ត មានប្រមាណ ៣៤ភាគរយ នៃទំហំបុព្វលាភសរុបធានារ៉ាប់រងទូទៅ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ។​ សូមបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានធានារ៉ាប់រងទូទៅ​ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច មានបុព្វលាភដុលសរុប ៩៣លានដុល្លារ កើនឡើង ៥,៦ ភាគរយ ។

អាន​បន្ថែម

រដ្ឋត្រៀមដីជាង ៣ពាន់ហិកតា សម្រាប់ចែកជូនពលរដ្ឋខ្វះដីក្នុងឃុំ៣ នៅស្រុកសេសាន

រដ្ឋបាលស្រុកសេសាន រៀបចំដីសម្បទានសង្គមកិច្ច ចំនួនជាង ៣ពាន់ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដី សម្រាប់ធ្វើលំនៅឋានរស់នៅ  និងប្រកបរបរកសិកម្ម ដោយស្របច្បាប់នៅក្នុងឃុំចំនួនបី។ នេះបើតាមការផ្សព្វផ្សាយស្តីពីការដាក់ពាក្យស្នើសុំដីសម្បទានសង្គកិច្ចនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហៅថាគម្រោង LASEDIII សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ឃុំស្រែគរ និងឃុំភ្លុក ដែលរស់នៅគ្មានដីសង់លំនៅឋាន និងដីកសិកម្ម ត្រូវទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ ចាប់ពីថ្ងៃទី១៥ ខែមិថុនា តទៅមានរយៈពេល ២២ថ្ងៃ។ លោកបានបន្តថា នៅពេលដែលបងប្អូនបានមកដាក់ពាក្យសុំដីនេះហើយ  អាជ្ញាធរមូលដ្ចាននឹងធ្វើការពិនិត្យវិនិច្ឆ័យវាយតម្លៃទៅតាមគ្រួសារនីមួយៗ ដើម្បីរៀបចំផ្តល់ដីជូនពលរដ្ឋប្រកបដោយតម្លាភាព។ សូមបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដីនេះ អាជ្ញាធរ-មន្ត្រីជំនាញ និងធ្វើការវាយតម្លៃចំពោះអ្នកស្នើសុំ ត្រូវមានចំណូលតិចជាង ឬស្មើបន្ទាត់ភាពក្រីក្រ ជាប្រភេទគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១និងក្រ២  និងទទួលបានដីសម្រាប់សង់លំនៅឋាន ទំហំ៤០ម៉ែត្រ គុណនិង ៦០ម៉ែត្រ   និងដីកសិកម្មចាប់ពី ៣ហិកតាទៅ ៥ហិកតា  ទៅតាមគ្រួសារដែលមានសមាជិកតិចឬច្រើន។

អាន​បន្ថែម