ក្រុមហ៊ុន PTT ប្រកាសបោះទុន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្រៅប្រទេស
ក្រុមហ៊ុនសញ្ជាតិថៃ PTT ដែលធ្វើអាជីវកម្មលើការលក់ប្រេងឥន្ធនៈ និងលក់រាយបានប្រកាសពីគម្រោងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ អគ្គនាយកក្រុមហ៊ុន លោក Disathat Panyarachun បានឱ្យដឹងថា ៤៥ភាគរយនៃទឹកប្រាក់សរុបនឹងត្រូវបែងចែសម្រាប់ការពង្រីកហ្វ្រេនឆាយហាងកាហ្វេអាម៉ាហ្សូន និងហាងមាន់បំពង Taxas Chicken ខណៈទឹកប្រាក់ ២២ភាគរយទៀតសម្រាប់ការពង្រីកស្ថានីយបញ្ចូលថាមពលអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២.១០០ទីតាំង ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ៣០០ទីតាំង និងហាងកាហ្វេចំនួន ៣.៩០០កន្លែង។ សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងពង្រីកបន្ថែមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១២២ទីតាំង ហាងកាហ្វេចំនួន៤០០ និងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៥០០ទីតាំង នៅទូទាំងប្រទេសថៃ និងក្រៅប្រទេស៕
អានបន្ថែមការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ
គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដី នៅទូទាំងប្រទេសហើយ។ ឯកឧត្ដមបន្តថា លទ្ធផលសម្រេចបាននេះ មិនត្រឹមតែអាចផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែងប៉ុណ្ណោះទេ តែក៏អាចផ្តល់ជាទំនុកទុកចិត្តដល់អ្នកវិនិយោគផងដែរ។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដោយត្រូវតែខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីឱ្យបាន ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែមទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០លានដុល្លារ សង់បាន ៨០% ហើយ
អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សាងសង់សម្រេចបាន ៨០%ហើយ។ នេះបើតាមកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការគ្រោងទុក គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារអាមេរិក និងបានរៀបចំបុកគ្រឹះសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ។ (អានបន្ថែម)
អានបន្ថែមរោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ
រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លា និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។ ឯកឧត្តមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុន, នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមលើសារព័ត៌មាន Fresh News ។ ឯកឧត្តមបន្តថា វត្តមាននៃគម្រោងវិនិយោគក្នុងខេត្តកំពង់ស្ពឺនេះ គឺជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រនៅតាមបណ្តាខេត្តផងដែរ។ ជាក់ស្តែង ក្នុងអំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ មានប្រមាណ ៦០% នៃគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]
អានបន្ថែមអ្នកជំនាញចិនចង់វិនិយោគកែច្នៃសំរាមនៅភ្នំពេញទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយកក្រុមហ៊ុន មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាសកិច្ចប្រជុំជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត មានសោភណ្ឌភាព និងស័ក្ដិសមជាទីក្រុងទំនើប ដោយទី១ ក្រុមហ៊ុនស្នើសុំមតិយោបល់ណែនាំពីចំណុចខ្វះខាតលើកិច្ចការងារប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងទី២ ក្រុមហ៊ុនមានគម្រោងចង់កែច្នៃការដុតសំរាមទាំងនោះឱ្យទៅជាថាមពលអគ្គិសនី។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់វិនិយោគលើគម្រោងនេះ ដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ហើយក្រុមហ៊ុនបានទទួលជោគជ័យលើការវិនិយោគលើទីផ្សារបែបនេះនៅប្រទេសចិន ម្យ៉ាងក្រុមហ៊ុនក៏មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន ៣៣រោងចក្ររួចមកហើយ។ ចំពោះគម្រោងវិនិយោគថ្មី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្ដមឃួង ស្រេង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញគាំទ្រក្រុមហ៊ុនមុនគេ ប៉ុន្តែយ៉ាងណាក្តី […]
អានបន្ថែមត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍបណ្តាញទឹកស្អាត ធ្វើជាទុនបង្វិល អភិវឌ្ឍចំណតផែកុងតឺន័រ ពង្រីកសមត្ថភាពលើកដាក់ទំនិញនៅកំពង់ផែ អភិវឌ្ឍបណ្តាញអគ្គិសនី ពង្រីកអាជីវកម្មសំណង់ អភិវឌ្ឍគម្រោងខុនដូ គាំទ្រមីក្រូហិរញ្ញវត្ថុជនបទ បង្កើនផលបត្រឥណទាន បង្កើនសំពៀតឥណទាន ធ្វើបុនហិរញ្ញប្បទាន អភិវឌ្ឍសេវាកម្មទូរគមនាគមន៍ ធ្វើហិរញ្ញប្បទានលើគម្រោងបៃតង ជាដើម។ យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា គិតចាប់ពីឆ្នាំ២០១២ ដល់ត្រីមាសទី៤ ឆ្នាំ២០២២ មានក្រុមហ៊ុនសរុបចំនួន៧ បានចុះបញ្ជីមូលប័ត្រកម្មសិទ្ធិនៅលើទីផ្សារគោល ខណៈការជួញដូរមូលបត្រកម្មសិទ្ធិមានតម្លៃជួញដូរចំនួន ២៩៤.០៦៣.៩៧០ដុល្លារអាមេរិក៕
អានបន្ថែមជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៨៦ លានយ៉េន (ជាង ៣០ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ កន្លងមក ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន លើលិខិតប្តូរសារម្តងរួចមកហើយ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តរយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គួររម្លឹកថា គម្រោងនេះមានគោលបំណងរក្សាឱ្យបាននូវស្ថិរភាពក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ (អានបន្ថែម)
អានបន្ថែមបន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល
ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។ ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញតាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។ បន្ថែមពីនេះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។
អានបន្ថែមតើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?
រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗសរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]
អានបន្ថែមខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ
ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលតាម សាខាគយបានរាយការណ៍ នៅក្នុងខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ”។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។ ឯកឧត្តមបានបន្តថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ ពាន់លានរៀល៕
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។ គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ (អានបន្ថែម)
អានបន្ថែមរដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០
រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕
អានបន្ថែម