អង្គការ CSCI៖ ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យ អាចសន្សំបាន ១,៣ពាន់លានដុល្លារក្នុង១ឆ្នាំ

អង្គការ Charity Solar Cookers International បានឱ្យដឹងថា ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យអាចសន្សំថវិកា​បា​ន​រហូត​​ដល់ទៅ​ ១,៣ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដោយសារការកាត់បន្ថយការបំពុលបរិយាកាសតាមផ្ទះ។​ នេះ​បើ​តាម​អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ​(World Economic Forum)។ ការចម្អិនអាហារនេះ ធ្វើឡើងដោយប្រើប្រាស់ចង្អ្រានសូឡា ដែលត្រូវបានផលិតឡើងដោយប្រើកេសក្រដាសកាតុង និងក្រដាស​សន្លឹក​សំណ ភ្ជាប់ជាមួយកញ្ចក់ ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ។ ចង្ក្រានសូឡានីមួយៗ អាចសន្សំសំចៃឈើបានរហូតដល់ ១តោនជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ចង្ក្រានសូឡាជាង ៤លាន​គ្រឿងកំពុងប្រើប្រាស់នៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្សប្រមាណជា ២,៦ ពាន់លាននាក់ប៉ុណ្ណោះ នៅតែបន្តចម្អិនអាហារដោយអុស កាក​សំណល់សត្វ ធ្យូង ឬប្រេងកាត។ នេះជាបច្ចេកវិទ្យាដ៏សាមញ្ញ សម្រាប់ទ្រទ្រង់សុខភាពភពផែនដី និងមនុស្ស ដែលវាបានជួយកាត់បន្ថយការបំពុលបរិយាកាស និងការបំភាយឧស្ម័ន CO2។

អាន​បន្ថែម

ពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ

ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជួយ​ស្ថា​បនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយ​ស្រួល​​ដឹក​ផលិត​ផល​កសិកម្ម​ទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « ​អាជ្ញាធរកំពុង​តែពិនិត្យ​មើល​លទ្ធ​ភា​ព​  និងត្រូវសិក្សាលម្អិត​ពី​ផល​​ប៉ះពាល់ ធ្វើយ៉ាងណាឱ្យបានចំណេញទាំងសងខាង ប្រជាពលរដ្ឋទទួលបានផ្លូ​វធ្វើ​ចរាចរណ៍​ស្រួល ហើ​យ​​​អាជ្ញាធ​រក៏ងាយស្រួល​គ្រប់គ្រង​​នូវការហូរចូលអ្នកចំណាកស្រុក ដែលមានបំណង​មកកាប់រាន​ដីខុស​ច្បាប់​នៅ​ពេល​មា​នផ្លូវនេះ។» លោកអភិបាលបានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរស្រុកបានស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទរួចហើយ ឱ្យមកសិក្សា​ផ្លូវលំ​មួយ​ខ្សែនេះ   តែការសម្រេចអភិវឌ្ឍផ្លូវលំនេះមិនទាន់ទទួលដំណឹងឆ្លើយតបមកវិញទេ។ បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ មិនអាចឱ្យរថយន្តចេញចូលបានទេ បានត្រឹមតែម៉ូតូតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅទីនោះ ដឹក​ទំនិញ ត្រូវប្រើទូកជាមធ្យោបាយ និងឆ្លងទូកដទៅត្រើយម្ខាងនៃទឹកដីឃុំអូរស្វាយចំណាយពេលវេលាយូរ ចំណែកផ្លូវ​ក៏លំបាក​ធ្វើ​ចរាចរណ៍ទៅមកដូចគ្នា។ គួរបញ្ជាក់ថា ផ្លូវនេះជាបណ្តាញតភ្ជាប់គ្នារវាងឃុំស្តៅ និងឃុំស្រែគរថ្មី ចេញមកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម​២​​ ឆ្ពោះ​មកឃុំភ្លុក មកដល់ទីរួមស្រុកសេសានក្នុងចម្ងាយផ្លូវប្រមាណតែជាង៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។

អាន​បន្ថែម

រដ្ឋធ្វើទំនើបកម្មកាម៉េរាតាមផ្លូវជាតិលេខ ៣ ​​​​ឱ្យឆ្លាតវៃ  ចាំចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំភ្ជាប់ប្រព័ន្ធអ៊ីនធើណេតជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយនឹងផាកពិន័យដល់ផ្ទះតែម្តង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមថា ការបំពាក់កាមេរ៉ាតាមបណ្តោយផ្លូវជាតិលេខ ៣ នៅមិនទាន់បានសម្រេចពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមានការយឺតយ៉ាវ ប៉ុន្តែ​នឹងជំរុញឱ្យបានលឿនបំផុត។ ក្រៅពីនេះ  ក្រសួងក៏នឹងដាក់កាមេរ៉ាឆ្លាតវៃដូចគ្នាលើ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ ៤១ ដែលត្រៀមនឹងសាងសង់ផងដែរ។ ឯកឧត្តមថា៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១ ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ៧។» តាមរយៈកាមេរ៉ាទាំងអស់នេះ ខាងសមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយចាប់ល្បឿននៃអ្នកបើកបរហួសល្បឿនកំណត់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រផាកពិន័យទៅដល់ផ្ទះតែម្តង។

អាន​បន្ថែម

បច្ចុប្បន្ន ក្នុងឧទ្យានជាតិអង្គរមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី

ក្រោយមានការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញថារហូតដល់បច្ចុប្បន្ន មានសំណង់ខុសច្បាប់រហូតដល់ជាង ៨០០០ករណី ស្ថិតក្នុងឧទ្យានជាតិអង្គរ ខណៈមានតែ ២០០ករណីប៉ុណ្ណោះដែលបានរើចេញ​។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមជា សុផារ៉ា ជាមួយឧកញ៉ាញ៉ូនៅថ្ងៃទី១៧ សីហា ២០២២។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ សីហា ២០២២។ (អានបន្ថែម) ថ្លែងក្នុងពេលចុះត្រួតពិនិត្យនេះដែរ ឯកឧត្តមជា សុផារ៉ា បានបង្ហាញថាក្នុងរយៈពេល ៣ខែចុងក្រោយនេះ មានសំណង់ខុសច្បាប់ថ្មីកើតរហូតដល់ ៣៩៨ករណី ដែលក្នុងនោះបានរុះរើចេញបានត្រឹមតែជាង ២០០ករណី ប៉ុណ្ណោះ។ ដោយឡែក គិតមកទល់បច្ចុប្បន្នសំណង់ខុសច្បាប់ជាសរុបមានដល់ទៅ ៨ពាន់ករណីឯណោះ។ ឯកឧត្តមបានរម្លឹកដែរថា ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះ រដ្ឋនឹងចាត់វិធានការច្បាប់ ។

អាន​បន្ថែម

រដ្ឋប្រកាសលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

ក្រសួងទេសចរណ៍កម្ពុជា​ បានសម្រេច​លើកលែងកាតព្វកិច្ចស្នើសុំ​ចំណាត់ថ្នាក់​អាជីវកម្មមណ្ឌល​កម្សាន្តទេសចរណ៍​មនុស្ស​​ពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)។ នេះបើតាមប្រកាសលេខ ០៨៦ ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។​ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើសដោយស្ម័គ្រចិត្ត​ក្នុងការស្នើសុំការវាយ​តម្លៃចំណាត់ថ្នាក់អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍មនុស្សពេញវ័យតាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ គួររម្លឹកដែរថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសលើកលែងការស្នើសុំ​ចំណាត់ថ្នាក់សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤

គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable  គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ១២.០០០ ហិកតា នៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលត្រូវអូសខ្សែកាបកាត់ក្រោមសមុទ្រប្រវែង ៤.២០០ គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។​ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]

អាន​បន្ថែម

គម្រោងវារីអគ្គិសនីតម្លៃ ៣៨៩លានដុល្លារ នៅកោះកុងសម្រចបានប្រមាណ ១៥ភាគរយ

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ សាងសង់សម្រចបានប្រមាណ ១០ ទៅ ១៥ភាគរយ ហើយ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ សីហា ២០២២។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។ ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រពីគណៈរដ្ឋមន្រ្តី កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ ហើយការវិនិយោគមានរយៈពេល ៣៩ឆ្នាំ ដោយមានរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម)    

អាន​បន្ថែម

រដ្ឋបើកយុទ្ធនាការពិសេសចុះកំណត់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អប្សរាខេត្តសៀមរាប

ឯកឧត្តម​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ បានចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង​ កំណត់​និយាមកាក្បាលដី​ និងអត្ត​សញ្ញាណ​អ្នក​កាន់​កាប់​ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​អប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប​។ នេះបើតាមពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ  បើតាមរដ្ឋបាលខេត្តសៀមរាប ការចុះវាស់វែងនេះ ប្រព្រឹត្តទៅតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហានេះតទៅ។ បន្ថែមពីនេះ ក្រុមការងារចំនួន ៣២ក្រុម នឹងចុះអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និង​កាន់​កាប់​​ដីធ្លី ក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរឱ្យបានយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជា​សម្បត្តិ​មនុស្ស​ជាតិ។ ក្រុមការងារទាំងនេះ នឹងប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ព្រមទាំងចុះបញ្ជីក្បាល​ដីទាំង​នោះ​ឱ្យ​បាន​ច្បាស់​លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាពេលអនាគត។ ទន្ទឹមនឹងនេះផងដែរថ្មីៗនេះ រដ្ឋបានអនុវត្តច្បាប់សំណង់យ៉ាងម៊ឺងម៉ាត់ចំពោះមេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ដែលធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ (អានប​ន្ថែម)

អាន​បន្ថែម

សម្តេច៖ ជំរុញនិងលើកទឹកចិត្តឱ្យបណ្តុះធនធានមនុស្ស ដើម្បីបំពេញតម្រូវការវិនិយោគិនក្នុងស្រុក   

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបណ្តុះធនធានមនុស្សក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការលើគ្រប់មុខជំនាញ ដើម្បីឆ្លើយតបទៅនឹងការវិនិយោគនៅកម្ពុជា ដែលកំពុងតែរីកចម្រើនខ្លាំង ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នៅថ្ងៃទី ១៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីធំឡើងៗ ដូចជា ការអភិវឌ្ឍ​ បុរី ខុនដូ ដែលភាគច្រើនសាងសង់ដោយអ្នកវិនិយោគនៅក្នុងស្រុក។ សម្តេចតេជោ ហ៊ុន​ សែន លើកឡើងថា សំណួររបស់អ្នកវិនិយោគបរទេស ពេលចូលមកវិនិយោគនៅកម្ពុជា គេមានសំណួរដំបូងមួយដែលសំខាន់ គឺតើធនធានមនុស្សរបស់កម្ពុជាដល់កម្រិតណា តើគេអាចរកមនុស្សធ្វើការក្នុងស្រុកបានទេ ដោយបញ្ជាក់ថា គេមិនចង់រកជំនាញការឯកទេសពីខាងក្រៅមកធ្វើទេ ព្រោះកម្លាំងពលកម្មវាថ្លៃពេក គេចង់រកធនធានមនុស្សនៅក្នុងស្រុក ដែលទទួលបាននូវការបណ្តុះបណ្តាល​។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ការវិនិយោគក្នុងសុ្រករបស់យើងកាន់តែធំទៅៗ ហើយគេត្រូវការធនធានមនុស្ស។ ដូច្នេះហើយបានជាយើងជំរុញការបណ្តុះបណ្តាលដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ”។

អាន​បន្ថែម

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការហើយ ក្រោម​អធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមពិធី​សម្ពោធ​កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា «ថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួង​​​​សាធារណការ និង ស្ថាប័នពាក់ព័ន្ធ រួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធ Port EDI នេះ ដើម្បីជួយ​សម្រួល​ដល់ផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូលមកកម្ពុជាយើង»។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)។ (អានបន្ថែម)​

អាន​បន្ថែម

សម្តេចតេជោ៖ យើងត្រូវប្រែក្លាយដីឈូសឆាយនៅតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្ស

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រែក្លាយ​តំបន់​ភ្នំតាម៉ៅ​ជាសួន​ព្រៃ​​ប្រណិត និងព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ ក្រោយចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយ​ត្រូវ​​ដាំដើមឈើប្រណិតៗឡើងវិញ។ នេះបើតាមការថ្លែងបញ្ជាក់សារជាថ្មីម្តងទៀត របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសម្លេងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះសម្តេចបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នក​ដែល​ទទួល​ខុស​ត្រូវការងារដំាដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះ ទៅជាសួនព្រៃ សួនដាំដើមឈើ ឬចំការដាំ​ដើមឈើ ដែលសុទ្ធតែជាឈើប្រណិត។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជ​ក្រឹត្យ​កំណត់​នូវនិយាមការ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។ សម្តេចបានបញ្ជាកម្លាំងកងអង្គរក្សចំនួនជាង ១០០០នាក់ ជាមួយគ្រឿងចក្រចំនួន ១១៣ គ្រឿ​ង ទៅឈូសឆាយដី ដើម្បីដាំកូនឈើឡើងវិញឱ្យទាន់រដូវភ្លៀងធ្លាក់ ដែលមកទល់ពេលនេះ ចំនួនដី ៥៣០​ហិក​តា ត្រូវបានធ្វើរួចរាល់ និងត្រូវការពេលវេលាដើម្បីសម្អាតបន្ថែមទៀត។ បន្ថែមពីនេះ សម្តេច សូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភាន់ច្រឡំ ឬជឿតាមពួកអគតិមួយចំនួន ចំពោះការ​ចល័ត​កម្លាំងនៅតំបន់ភ្នំតាម៉ៅ ព្រោះមិនស្ថិតត្រង់បញ្ហាខ្វះកូនឈើទេ តែអ្វីដែលសំខាន់ត្រូវប្រើកម្លាំង និងគ្រឿងចក្រ​យ៉ាងធំក្នុងការដំាំកូនឈើឱ្យបានត្រឹមត្រូវ។ […]

អាន​បន្ថែម