គម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។ ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។

អាន​បន្ថែម

សម្តេចតេជោ​៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។​ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។​ តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​

អាន​បន្ថែម

ក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាបន្ន និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការមិនជ្រៀតជ្រែក និងការគោរពចំពោះជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ដែលជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍សកលប្រកបដោយចីរភាព និងបរិយាបន្ន”។ RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺ […]

អាន​បន្ថែម

ក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា​ តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។ បើតាមលោក Gary Hardy ទីប្រឹក្សាក្រុមហ៊ុន Big C តាមរយៈ កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អាចកាន់កាប់ហាង Kiwi Mart បានចំនួន១៧ ទីតាំងនៅភ្នំពេញ និង ១ទីតាំងនៅខេត្តកំពត។ លោកបានបន្ថែមថា Big C បានមើលដឹងពីឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការលក់ទំនិញអនឡាញ និងក្រៅអនឡាញ ដើម្បីឲ្យផលិតផលរបស់ខ្លួនខិតជិតដៃអ្នកប្រើប្រាស់នៅកម្ពុជា។ Big C ដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៩ ហើយ បច្ចុប្បន្ននេះ Big C បើកដំណើរការចំនួន ២សាខា គឺសាខាហាងខ្នាតតូច […]

អាន​បន្ថែម

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនា

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែក្រោយនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ហើយ​ការបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជា ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។ សណ្ឋាគារ Raffles Grand d’Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BW HOTELIER នៅថ្ងៃទី២៦ ខែឧសភា។ អ្នកគ្រប់គ្រងទូទៅលោក Dennis de Groot បាននិយាយថា “វាពិតជាអស្ចារ្យណាស់ដែលសណ្ឋាគារដ៏ប្រណីតរបស់យើងអាចបើកដំណើរការឡើងវិញក្នុងគ្រាដ៏សមស្របមួយនេះ” ។ លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះ យើងត្រូវរៀបចំពិធីអបអរសាទរខួបលើកទី ៩០ របស់សណ្ឋាគារ ហើយយើងពិតជារីករាយណាស់ ដែលសណ្ឋាគារនេះអាចបន្តផ្តល់សេវាបដិសណ្ឋារកិច្ចដែលមានស្តង់ដារ គុណភាព និងទទួលបាននូវអារម្មណ៍ជាពិសេសមួយ គឺភាពជាមិត្ត ជាក្រុមគ្រួសារ ជូនដល់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅទីនេះ”។ ការបើកដំណើរការឡើងវិញនៅថ្ងៃទី ០១ ខែមិថុនា ស្របពេលដែលប្រទេសកម្ពុជា បានលុបចោលការវិធានការរឹតបន្តឹងសំខាន់ៗទាំងអស់លើការធ្វើដំណើរ។

អាន​បន្ថែម

ក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី

ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុន​ឯកជន​​លើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា​ ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ពីដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែឧសភា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា អ្នកវិនិយោគ អាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើត សេចក្តី ប្រកាសរួមទាក់ទងនឹងការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។ ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ […]

អាន​បន្ថែម

ក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ  (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាលត្រៀមសម្រាប់ការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមប្រមូលព័ត៌មាន និងការស្ទង់មតិលើគម្រោងនេះនៅឡើយ។ ស្តង់ដារជាតិមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ តាមរយៈការណែនាំស្តង់ដារប្រព័ន្ធធារាសាស្ត្រ ដែលនឹងរួមចំណែកក្នុងការបង្កើនផលិ​តភាពកសិកម្មនៅកម្ពុជា។

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋរស់នៅអាស្រ័យផល

រាជរដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់កាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ បង្កបង្កើនអាស្រ័យផលស្រែចម្ការ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង។ ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា បញ្ហាតំបន់បឹងទន្លេសាបនេះ តម្រូវឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់បឹងទន្លេសាប សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ ស្រុក មានទីវត្តអារ៉ាម ដែលបានកើតមានជាយូរណាស់មកហើយ។ សម្តេចតេជោ ហ៊ុន​ សែន ថ្លែងថា៖ «បញ្ហានេះត្រូវតែគិតឱ្យបានច្បាស់ ហើយដែលយើងមិនត្រូវងាប់ក្រឡានោះទេ ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលកើតមានមុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់១ តំបន់២ […]

អាន​បន្ថែម

SSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ពី ៨ម៉ឺន ដល់ ១០ម៉ឺននាក់។ ត្រីមាសទី១ នៃឆ្នាំ២០២២នេះ ការនាំចូលនិងនាំចេញសរុបកើនដល់ ៧១០លានដុល្លារអាមេរិក កើនឡើង ៥០,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ

ធនាគារពិភពលោក បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជន​បទ​ទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត​ ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន ២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុផងដែរ។ មួយវិញទៀត មន្រ្តីនៃក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាលលើ​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។ ក្រៅពីនេះ ​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។​ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មោះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន”។    

អាន​បន្ថែម

ពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់

ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។ បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍនភាពនៃការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦​ ខែឧសភា។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ “ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ ​ “កីឡដ្ឋាននេះមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

អាន​បន្ថែម