នាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។ ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។ ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូលធន ត្រូវបានពន្យារ ១ឆ្នាំ ម្តងរួចហើយ ពីឆ្នាំ២០២១ មកឆ្នាំ ២០២២។ គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២វិធី។ (អានបន្ថែម)

អាន​បន្ថែម

ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣

NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល្បាញ Skidmore, Owings, and Merrill ហើយបច្ចុប្បន្នកំពុងសាងសង់។ យោងតាមរបាយការណ៍សរុបការងារឆ្នាំ ២០២១ របស់ក្រុមហ៊ុន ការងារបុកគ្រឹះជារួមសម្រេចបានជាង ៥០% ខណៈការបុកគ្រឹះសសរធំៗ នៃអគារទី ១ និងទី ៣ ក៏ជិតបញ្ចប់ហើយដែរ។ ដោយឡែក ការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏បានចាប់ផ្តើមនៅកាលពីខែធ្នូ ឆ្នាំ ២០២១។ តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង ៣ នៃ គម្រោង នឹងចាប់នៅដើមឆ្នាំ ២០២៣ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធក្រោមដីត្រូវបានបញ្ចប់។ ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ […]

អាន​បន្ថែម

រដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ

ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីនោះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ការកសាងស្តូបសម្រាប់មនុស្សជំនាន់ក្រោយឱ្យដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត។ «ការកែប្រែតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពល នៃវិស័យសេដ្ឋកិច្ចសង្គមតាមរយៈអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ» សម្ដេចបានបន្ដ។ ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង កសាងស្តូបវិមានឈ្នះ-ឈ្នះ នៅកោះកុង ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗជាបន្តបន្ទាប់។

អាន​បន្ថែម

អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២

អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។ ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។ អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។

អាន​បន្ថែម

ឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ

ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត»។ «ការចូលរួមពីវិស័យឯកជនតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត» ឯកឧត្តមបន្ត៕

អាន​បន្ថែម

កោះកុងបង្កើតក្រុមការងារពិសេសបង្រ្កាបការរំលោភដីរដ្ឋក្នុងតំបន់ការពារជាង ១៤ម៉ឺនហិកតា

រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង ១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ក្នុងតំបន់ការងារអនុក្រឹត្យលេខ ៣០ អនក្រ.បក អនុក្រឹត្យលេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។ ដីទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុងចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រាប់រក្សាទុកជាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។ ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស។

អាន​បន្ថែម

រោងចក្រផលិតដែកដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ រោងចក្រនេះ ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលនឹងចូលរួមផ្គត់ផ្គង់ដែកដល់វិស័យសំណង់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជិតខាង។ ឯកឧត្តម អ៊ុំ រាត្រី ថារោងចក្រនេះមិនត្រឹមតែជួយក្នុងវិស័យសំណង់ និងអចលនទ្រព្យទេ តែក៏ជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពន្ធ និងការបង្កើតការងារជូនពលរដ្ឋនៅឃុំទួលពង្រ ស្រុកម៉ាឡៃទៀតផង។ គួរបញ្ជាក់ថា រោងចក្រនេះធ្វើឡើងដោយក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ។ ក្រុមហ៊ុននេះ បច្ចុប្បន្នបាននឹងកំពុងអភិវឌ្ឍន៍គម្រោងជាច្រើននៅផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផ្សារ និងរោងចក្រជាដើម។ ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏គ្រោងនឹងកសាងរោងចក្រផលិតសំបករថយន្ត និងអាជីវកម្មវិស័យផ្សេងទៀតផងដែរ៕

អាន​បន្ថែម

ក្រុមហ៊ុនក្នុងស្រុកមួយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីការស្រាវជ្រាវ និងវិភាគទិន្នន័យអចលនទ្រព្យ

ក្រុមហ៊ុន Z1 Data Co., Ltd ដែលជាក្រុមហ៊ុនក្នុងស្រុកស្ថិតក្រោមការគ្រប់គ្រងរបស់ Zillennium Co., Ltd នឹងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុន Z1 Data កាលពីថ្ងៃទី ០៧ ខែ មីនា ក៏ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី គឺលោក Arshad Khan ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក។ វត្តមានរបស់លោក Arshad Khan នឹងនាំបទពិសោធន៍ជាច្រើនឆ្នាំ មករួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។ កម្មវិធីទាំងនោះមានដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករណ៍ពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

អាន​បន្ថែម

សាលាក្រុងនឹងប្ដូរមុខតំបន់ស្ទឹងមានជ័យ ទៅជាសហគមន៍រស់នៅគំរូមានសណ្តាប់ធ្នាប់

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។ នេះបើតាមកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។ គម្រោងនេះមានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។ គួរបញ្ជាក់ថា គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការនគររូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំណុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រ នេះ កំពុងសិក្សា និងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។ ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានថ្មីនេះផងដែរ ដោយមាន ២កំណាត់ គឺកំណាត់ផ្លូវ៦០ម៉ែត្រដល់ផ្លូវជាតិលេខ ២ ប្រវែង១០គម និងកំណាត់ផ្លូវជាតិលេខ ២ ដល់ព្រលាន ប្រវែង១១គម។ (អានបន្ថែម) ប៉ុន្តែបើយោងតាមឯកឧត្តម ស៊ិន […]

អាន​បន្ថែម

អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី តម្លៃជាង៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅលើទីតាំងចាស់ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងដោយយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ អគារនេះ គ្រោងនឹងប្រើពេលសាងសង់ ១៨ខែ ដោយនឹងថវិកាប្រមាណជាង៣លានដុល្លារ។ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារអគារចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោម ដែលមិនអាចបំពេញតម្រូវការស្ថានភាពការងារនាពេលបច្ចុប្បន្នបាន។ អគារថ្មីនេះ នឹងជួយឲ្យងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អាន​បន្ថែម

ការដ្ឋានពង្រីកស្ថានីយទឹកស្អាតតាខ្មៅតម្លៃ៣០លានដុល្លារ នឹងចាប់ផ្ដើម នៅខែមិថុនា ឆ្នាំនេះ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនជប៉ុន KKKCT Consortium កាលពីថ្ងៃទី ៧ មីនា នេះ បានចុះហត្ថលេខាកិច្ចសន្យាសាងសង់ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ តម្លៃ ៣០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ នៅក្រោមកិច្ចសន្យានេះ គម្រោងនឹងចាប់ផ្តើមបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២២ នេះ ដោយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។ យោងតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងថ្មីនេះ មានកញ្ចប់ថវិកា ៣០លានដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមថវិកា១០លានដុល្លារទៀត សម្រាប់គម្រោងបណ្តាញចែកចាយទឹកស្អាត។ គម្រោងនេះនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតនៅស្ថានីយក្រុងតាខ្មៅឱ្យបាន ៣០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ ២០២៤ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកនៅភាគខាងត្បូង និងខាងលិចនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

អាន​បន្ថែម