រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូ ដោយបង្កើនទុនអប្បបរមាដល់ទៅ២០០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាសម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើវិស័យនេះ។ អនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា និងត្រូវចេញផ្សាយជាសាធារណនៅសប្តាហ៍នេះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ទុនយ៉ាងតិច ៨០០ប៊ីលានរៀល ឬ ២០០លានដុល្លារឡើងទៅ។ ចំពោះប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមទុនអប្បបរមាចាប់ពី ៤០០ប៊ីលានរៀល ឬ ១០០លានដុល្លារ។ ដោយឡែក ដើមទុនអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ដំណាក់កាល។ ដំណាក់កាលទី១ (ឆ្នាំទី១) ត្រូវមានដើមទុន ៥០ប៊ីលានរៀល (១២,៥ លានដុល្លារ) ចំណែកដំណាក់កាលទី២ (ឆ្នាំទី៤) ត្រូវមាន ១០០ប៊ីលានរៀល (២៥លានដុល្លារ)។ ចាប់ពីដំណាក់កាលទី២ ទៅ ៥ ទុនត្រូវកើនយ៉ាងតិច ១០០ប៊ីលានរៀល (២៥លានដុល្លារ) ក្នុង១ដំណាក់កាល។ ដូច្នេះនៅដំណាក់កាលទី ៥ (ឆ្នាំទី ១៥) ត្រូវមានទុនយ៉ាងតិច ៤០០ ប៊ីលានរៀល (១០០ លានដុល្លារ)។ អនុក្រិត្យដដែល […]

អាន​បន្ថែម

ទីផ្សារអគារការិយាល័យនៅកម្ពុជាបន្ដរងសម្ពាធពីវិបត្តិកូវីដ និងកំណើនលើសលុបនៃការផ្គត់ផ្គង់

ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី ៣ នៅតែស្ថិតក្រោមសម្ពាធ ដោយអត្រាកាន់កាប់ធ្លាក់ចុះ ៤,៦% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលក៏ធ្លាក់ប្រមាណ ១,៩% ទៅ ២,៨% ផងដែរ ទៅតាមប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា បញ្ហាវិបត្តិកូវីដ និងការកើនលើសលុបនៃការផ្គត់ផ្គង់ នៅតែជាហានិភ័យធំដដែល ម្ចាស់អ្នកអភិវឌ្ឍត្រូវតែប្រុងប្រយ័ត្ន។ នៅត្រីមាសទី ៣ មានការបញ្ចប់ការសាងសង់គម្រោងថ្មីដល់ទៅ ៧ គម្រោង ឬស្មើនឹងផ្ទៃជួលសរុបជាង ៦១ ០០០ ម៉ែត្រការ៉េ។ គម្រោងទាំងនេះ ធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យសរុបនៅភ្នំពេញដល់ ជាង ៧៨ ម៉ឺនម៉ែត្រការ៉េ ត្រឹមត្រីមាសទី ៣។ ត្រឹមចុងឆ្នាំនេះ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៧៩ ម៉ឺនម៉ែត្រការ៉េ ខណៈនៅឆ្នាំ ២០២២ នឹងកើនឡើងដល់ ១លានម៉ែត្រការ៉េ។ កំណើនការផ្គត់ផ្គង់ និងសម្ពាធពីជំងឺរាតត្បាត ក៏បានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ។ លើសពីនេះ អ្នកជួលដែលនៅសេសសល់ក្នុងទីផ្សារ ក៏កំពុងផ្លាស់ប្តូរនិន្នការទៅរកជម្រើសណា ដែលថោកហើយមានគុណភាពខ្ពស់។

អាន​បន្ថែម

៩ខែឆ្នាំនេះ អាជ្ញាធរអប្សរាអនុម័តគម្រោងសំណង់ជិត ៤០០ គម្រោង ក្នុងតំបន់ឧទ្យានអង្គរ

គិតចាប់ពីដើមខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចេញលិខិតអនុញ្ញាតសាងសង់សរុប ៣៩២ ករណី ជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់ផ្ទះ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា រាល់គម្រោងទាំងអស់ដែលបានអនុម័ត គឺសុទ្ធតែជាស្ថាបត្យកម្មផ្ទះខ្មែរ ដែលរួមមាន ៦១ករណី ៧៣ករណី ៣៩ករណី ៣៣ករណី ៤៨ករណី ១៣ករណី ៤១ករណី ៥៥ករណី ២៩ករណី សម្រាប់ខែ មករា ដល់ខែកញ្ញា រៀងៗគ្នា ផងដែរ។ ក្រៅពីការអនុម័ត អាជ្ញាធរក៏តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕

អាន​បន្ថែម

ជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាបឱ្យបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ៥៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពការផ្គង់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ កិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ដោយយកប្រភពទឹកពីបឹងទន្លេសាប។ គម្រោងក៏មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក និងសាងសង់ប្រព័ន្ធចែកចាយទឹកផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជាឱ្យសម្រេចបានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត។

អាន​បន្ថែម

ផ្សារទំនើបថ្មី ៣ និងប្រេនអន្តរជាតិ ៤ បង្ហាញខ្លួន ក្នុងត្រីមាសទី ៣ ខណៈអត្រាការជួលបន្ដធ្លាក់

គម្រោងផ្សារទំនើបថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកនូវប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។ យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE ។ គម្រោងផ្សារទំនើបថ្មី ៣ ដែលបើកដំណើរការរួមមាន SCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។ ប្រភពដដែល បញ្ជាក់ថា ត្រឹមត្រីមាសទី ២ នេះ មានត្រឹម ៥៣ % នៃគម្រោងផ្សារទំនើបដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់។ សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត […]

អាន​បន្ថែម

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។ ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។    

អាន​បន្ថែម

កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ អនុម័តជាផ្លូវការហើយ

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។ ពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ ឯកឧត្តម អូន ព័ន្ធមុនីរត្ន បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។ គម្រោងអាទិភាពមានដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើង និង ការពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ដើម្បីទាក់ទាញទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។ រដ្ឋាភិបាលបានព្យាករថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិ កើនឡើងប្រមាណ ៧,៥លាននាក់ ខណៈ ភ្ញៀវទេសចរជាតិកើនឡើងប្រមាណ ១០,៩លាននាក់ ដែលនឹងបង្កើតចំណូលបានប្រមាណ ៥,៩ពាន់លានដុល្លារ និងការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់៕

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់

រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់។ ការព្រមាននេះ ត្រូវឡើងក្នុងកិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ នាឱកាសនេះ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កន្លងមកបញ្ហាអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បានក្លាយបញ្ហាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន ខណៈមានប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។ ហេតុនេះ ឯកឧត្តម បានព្រមានធ្ងន់ៗ ដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មទាំងស្រុង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ហើយចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។ «ហេតុនេះ ដើម្បីធានានិរន្តរភាព ក្រសួងបានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម រួមមាន ក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជួយគ្នាពិនិត្យ» ឯកឧត្តមបានបន្ត។ ក្រុមការងារទាំង៤នេះ មានភារកិច្ច ចុះពិនិត្យការងារស្ថាបនាផ្លូវដោយផ្តោតសំខាន់លើចំណុចជាច្រើនដូចជា៖ កម្រាលផ្លូវ ប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ចិញ្ចើមផ្លូវ ការងារក្រាលថ្មក្រានីត បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ លូចំហរ បេតុងអ៊ុតកៅស៊ូ គំនូសចរាចរណ៍ និងការងារដាំដើមឈើលម្អផ្លូវជាដើម។ ជាមួយគ្នានេះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការជួសជុល។ […]

អាន​បន្ថែម

Urbanland ប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី និងគម្រោងផ្សារទំនើបលើផ្លូវជាតិលេខ ២

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពាន Urbanland កាលពីថ្មីៗនេះ បានប្រកាសពីផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន ព្រមនឹងគម្រោងអភិវឌ្ឍផ្សារទំនើបដ៏ថ្មីស្រឡាងស្របនឹងផ្លូវជាតិលេខ២ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់។ គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណីតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។ គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤,៣ ហិកតាបន្ថែម នៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។ ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលា អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។ ជាងនេះទៅទៀត ក្រុមហ៊ុន Urbanland ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនៅតាមបណ្តោយផ្លូវជាតិលេខ ២ ផ្ទាល់។ អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍អ្នករស់នៅជុំវិញបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាស៊ីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ […]

អាន​បន្ថែម

អំឡុងពេល៩ខែ នៃឆ្នាំ ២០២១ ក្រសួងចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីសរុប ១២៤ គម្រោង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន ១២៤ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែតុលានេះថា ចំនួនរោងចក្រឧស្សាហកម្មដំណើរការនាពេលបច្ចុប្បន្នមានសរុប ១ ៨៤៣រោងចក្រ ដែលមានទុនវិនិយោគសរុប ១៣ ៣៤១លានដុល្លារ។ ឯកឧត្តមបន្តថា បរិមាណនាំចេញរបស់រោងចក្រឧស្សាហកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់សរុប ៣ ០៥៧ លានដុល្លារ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃសរុប ១ ១២៣ លានដុល្លារ។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីចំនួនរោងចក្របិទទ្វារក្នុងរយៈពេល៩ខែឆ្នាំទេ។ ឯកឧត្តម លើកឡើងថា ការចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីៗ គឺឆ្លុះបញ្ជាំងពីទំនុកវិនិយោគិននៅកម្ពុជា ជាពិសេសភាពស៊ាំក្នុងសង្គមនឹងជំងឺកូវីដ១៩ ដែលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។

អាន​បន្ថែម