ត្រឹមឆមាសទី១ កម្ចីរៀបចំឡើងវិញសរុបមាន ៥,៥ ប៊ីលានដុល្លារ វិស័យសំណង់ទាញយក ១៥%

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់រៀបចំឥណទានឡើងវិញ (សុំសងតែការប្រាក់ មិនសងប្រាក់ដើម ឬបន្ថយការបង់ប្រចាំខែ) សរុបជាង ៣៦ម៉ឺនគណនី ឬស្មើនឹងទំហំលុយ ៥,៥ពាន់លានដុល្លារ ក្នុងនោះកូនបំណុលក្នុងវិស័យសំណង់មាន១៥%។ យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ការរៀបចំឥណទានលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ ក្នុងនោះ ឥណទានសំណង់ដែលរៀបចំឡើងវិញដោយគ្រឹះស្ថានធនាគារ មាន ៧៣៩ លានដុល្លារ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០៦ លានដុល្លារ និងភតិសន្យាហិរញ្ញវត្ថុចំនួន ១លានដុលា្លរ។

អាន​បន្ថែម

ខណ្ឌចំនួន ៥ នៅភ្នំពេញ លែងលិចលង់ទៀតហើយ ព្រោះប្រឡាយបឹងទំពន់ស្ដារចប់ ១០០%

ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ ១០០% ហើយ ក្រោយអនុវត្តការងារអស់រយៈពេល៤ខែ រួចមក។ ក្នុងប្រតិបត្តិការអនុវត្តការស្តារប្រឡាយនេះ សំរាម និងស្មៅបណ្តែតទឹក ត្រូវបានប្រមូលបានប្រមាណជាង ២ ៥០០រថយន្ត ឬស្មើ១២០៥០ម៉ែត្រគូប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៧ ខែកក្កដា។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលតភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់។ លោកបន្តថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុង ខណ្ឌចំការមន និងខណ្ឌ៧មករា។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏អំពាវនាវប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ និងកុំបោះសំរាមចូលក្នុងប្រឡាយទឹក ដែលនាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីជាង ១៦០០ ហិកតា នៅស្រុកក្រូចឆ្មាទៅជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ សម្រេចឯកភាពកាត់ដីទំហំប្រមាណ ១៦៤៣ ហិកតា នៃតំបន់បឹងកាដេ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ទិសដៅដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សសេនេទិច។ យោងតាមសិក្ខាសាលាពិគ្រោះយោបល់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ដីជាង ១៦០០ ហិកតា នេះ ស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋដកហូតដីទំហំជាង ៧០០ហិកតា ពីការរំលោភខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ

អាជ្ញាធរខេត្តកំពត ថ្មីៗនេះបានសម្រេចដកហូតដីជាង ៧០០ហិកតា ពីការកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យទីតាំងផ្ទាល់ នៅតាមតំបន់ការពារ និងអភិរក្សធម្មជាតិនានាក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ កក្កដា កន្លងទៅនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានចេញលិខិតដកហូតដីរួចហើយ ដោយដីដែលដកហូតបានមកវិញ នឹងត្រូវដាក់ជាតំបន់ការពារ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ គួរបញ្ជាក់ថា រយៈពេល១ ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរកឃើញការរំលោភដីព្រៃខុសច្បាប់ ១៩២ ករណី ដែលមានផ្ទៃដីសរុប ៧០០ ហិកតា ស្ថិតក្នុងឃុំចំនួន ៨ នៃស្រុកឈូក និងស្រុកទឺកឈូ ដែលមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិខេត្តកំពត។

អាន​បន្ថែម

ចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលដំឡើងម៉ាស៊ីនរ៉េអាក់ទ័រគំរូ ដែលមានអនុភាពថាមពល ២មេហ្គាវ៉ាត ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ខាងមុខនេះ។ ការស្រាវជ្រាវថ្មី គឺប្រើសារធាតុម្យ៉ាងហៅថា អំបិល Thorium Molten ជំនួសអោយការប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម ឬផ្លូតូញ៉ូម (uranium or plutonium) ដែលធ្វើឱ្យរ៉េអាក់ទ័រអាចមានកម្តៅក្តៅរហូតដល់ ១០០០ អង្សារ។ ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវការទឹកដើម្បីស្អំ ដូច្នេះវាមិនចាំបាច់កសាងនៅជិតប្រភពទឹកនោះទេ។ នេះជាការបើកឱកាសថ្មីមួយទៀតសម្រាប់ចិនក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើសមុទ្រខ្សាច់ ឬ តំបន់ខ្ពង់រាបហួតហែង នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។ គួរបញ្ជាក់ថា បើរ៉េអាក់ទ័រគំរូដើរដោយរលូន ការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ អនុភាព ១០០មេហ្គាវ៉ាត គឺគ្រោងធ្វើនៅឆ្នាំ២០៣០។

អាន​បន្ថែម

UNDP ថារដ្ឋាភិបាលគួរលក់មូលប័ត្របំណុល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច

UNDP បានណែនាំថា កម្ពុជាគួរពិចារណាបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងប្រមូលយកថវិកាពីវិនិយោគិនក្នុងស្រុក មកអភិវឌ្ឍគម្រោងធំៗនានា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំអភិវឌ្ឍទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNDP ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជាក់ស្ដែង ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗ ប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ ទាក់ទិននឹងប្រធានបទនេះ UNDP បាននិយាយថា ប្រទេសកម្ពុជា រំពឹងថានឹងងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧ ឬ ២០២៨ ។ ហេតុនេះ វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀបចំប្រភពហិរញ្ញប្បទានថ្មីៗ ដែលគួរតែធ្វើឡើងពីប្រភពក្នុងស្រុក។ ដូច្នេះ ការបោះផ្សាយប័ណ្ណបំណុលរដ្ឋជាប្រាក់រៀល គឺជាជម្រើសមួយដែលត្រូវបានពិចារណា។ UNDP បានលើកឡើងទៀតថា ប័ណ្ណបំណុលរដ្ឋមិនត្រឹមតែជួយរកប្រភពថវិកាចូលរដ្ឋទេ តែនឹងជួយជំរុញការរីកច្រើននៃរំហូរសាច់ប្រាក់ និងសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនទៀតផង។

អាន​បន្ថែម

ADB ផ្ដល់កម្ចី ២លានដុល្លារ សាងសង់ទីលានចាក់សំរាមទំហំ ១០ ហិកតា នៅខេត្តកំពត

គម្រោងទីលានចាក់សំរាមតម្លៃជាង ២ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ១០ហិកតា ក្នុងខេត្តកំពត ជារួមសម្រេចបានប្រមាណ ១៦% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការពិនិត្យការដ្ឋានជាក់ស្ដែងរបស់អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ២៧ កក្កដា។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ដែលបានចាប់អនុវត្តកាលថ្ងៃទី ៩ ខែកក្កដា កន្លងទៅ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ គម្រោងទាំងមូលរួមមាន ការសាងសង់ទីលានចាក់សំរាមចំនួន ២កន្លែង ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន ២កន្លែង ទីលានត្រង់ទឹកកខ្វក់ អគាររដ្ឋបាល និងអណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹកជាដើម។ លើសពីនេះ គម្រោងរួមមាន ការជួសជុលផ្លូវចូលទីលានកប់សំរាម បង្កើតកន្លែងថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម ក៏ដូចជាសាងសង់របងព័ទ្ធជុំវិញទីលានចាក់សំរាមផងដែរ។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា ការសាងសង់ទីលាននេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់អនាម័យបរិស្ថានក្នុងក្រុងកំពតផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ […]

អាន​បន្ថែម

Meridian International Holding ជ្រើសរើស CBRE ជាភ្នាក់ងារលក់គម្រោងនៅភ្នំពេញ

ក្រុមហ៊ុនអន្តរជាតិល្បី Meridian International Holding កាលព្រឹកថ្ងៃអង្គារនេះ បានចុះហត្ថលេខាផ្ដល់សិទ្ធឱ្យក្រុមហ៊ុន CBRE Cambodia ក្លាយជាភ្នាក់ងារលក់ និងជួលផ្ដាច់មុខ លើគម្រោងអគារពាណិជ្ជកម្មកម្ពស់ ៤១ជាន់ កណ្ដាលក្រុង Flatiron by Meridian។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា រវាងលោក Gene Gong នាយកប្រតិបត្តិការ ក្រុមហ៊ុន Meridian International Holding និងលោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។ គម្រោង Flatiron by Meridian គឺជាការអភិវឌ្ឍន៍ចម្រុះកម្ពស់ ៤១ជាន់ ដែលសាងសង់លើផ្ទៃដីប្រមាណ ៣២០០ម៉ែត្រក្រឡា នៅក្នុងតំបន់បឹងកក់ ឬស្គាល់ទូទៅថា Phnom Penh City Centre ។ អគារទាំងមូល រួមមាន ការិយាល័យសហកម្មសិទ្ធ ឬ Strata-title office ចំនួន ៣០០ យូនីត […]

អាន​បន្ថែម

Forbes បង្ហាញបច្ចេកវិទ្យាថ្មី ៥ យ៉ាង ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់

នៅពេលពិភពលោកកំពុងឈានឆ្ពោះរកពិភពឌីជីថល អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែដើរឱ្យទាន់បច្ចេកវិទ្យាផងដែរ ដើម្បីរក្សាជំហរក្នុងទីផ្សារ។ ទស្សនាវដ្តីធុរកិច្ចដ៏ល្បី Forbes កាលពីថ្មីៗនេះ បានណែនាំបច្ចេកវិទ្យាថ្មីៗ៥ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមិនគួរមើលរំលង។ ១. Virtual Tours ឬ ការទស្សនាអចលនទ្រព្យពីចំងាយដោយម៉ាស៊ីននេត្រាទស្សន៍ តែដូចពិត១០០% ដោយសារវិបត្តិកូវីដ បានធ្វើឱ្យអ្នកទិញភាគច្រើនមិនសូវចង់ចេញទៅទស្សនាអចលនទ្រព្យដែលខ្លួនចង់ទិញដោយផ្ទាល់នោះទេ។ ដូច្នេះ Virtual Tours គឺជាដំណោះស្រាយ និងនិន្នាការថ្មីមួយ ដែលភ្នាក់ងារអចលនទ្រព្យ ឬម្ចាស់គម្រោងគួរតែអនុវត្ត។ Virtual Tours នឹងអាចឱ្យអតិថិជនមើលឃើញគ្រប់ជ្រុងទាំងអស់នៃអចលនទ្រព្យ ដូចពិតៗ តាមប្រព័ន្ធអនឡាញ។ ២. កម្មវិធី TRIMM កម្មវិធី TRIMM ឬ turns, renovations, inspections and maintenance management ជាកម្មវិធីអនឡាញ ដែលអាចឱ្យម្ចាស់គម្រោង ឬភ្នាក់ងារអចលនទ្រព្យត្រួតពិនិត្យ គ្រប់គ្រង ថែទាំ ឬជួសជុលកែលម្អអចលនទ្រព្យ ឬគម្រោងណាមួយបានដោយងាយស្រួលលើប្រព័ន្ធអនឡាញ។ នៅក្រៅប្រទេស កម្មវិធីនេះ កំពុងពេញនិយមយ៉ាងខ្លាំង ព្រោះវាជួយកាត់បន្ថយចំណាយ និងពេលវេលាចុះទៅពិនិត្យផ្ទាល់បានមួយកម្រិតធំ។ ៣. Smart […]

អាន​បន្ថែម

រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យជួយគ្នាពន្លឿនបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ គោលដៅដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុននេះ។ ឯកឧត្តម បានឱ្យដឹងកាលថ្ងៃទី ២៦ ខែកក្កដា កន្លងមកនេះថា បច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីធ្វើឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ «កម្ពុជាបង្កើតច្បាប់នេះឡើង ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែ និងធានាផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត ងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប និងមានសុវត្ថិភាព» ឯកឧត្តមបានបន្ដ។ ឯកឧត្តមសង្ឃឹមថា សេចក្តីព្រាងច្បាប់នឹងបញ្ចប់ឆាប់ៗ ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន កម្ពុជាមានកំពង់ផែទន្លេសរុប ៧៨ និងកំពង់ផែសមុទ្រមាន ចំនួន២៧។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងតំបន់ និងអន្តរជាតិ៕

អាន​បន្ថែម

គម្រោងកីឡដ្ឋានថ្មីនៅខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំក្រោយ

ការសាងសង់កីឡដ្ឋានតម្លៃ ២លានដុល្លារ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុង ដំណើរការទៅតាមធម្មតា បើទោះជាកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក្តី។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងកិច្ចចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រ សប្តាហ៍មុន នេះថា៖ «យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតថ្មីដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន»។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។ គម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែ ភ្ជាប់ពីផ្លូវ២១៧ ទៅផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ បើកការដ្ឋានហើយ

គម្រោងពង្រីកផ្លូវបេតុងថ្មី១ខ្សែ ទទឹង១២ម៉ែត្រ និងប្រវែង ១.៣៧០ម៉ែត្រ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ កាលព្រឹកថ្ងៃទី ២៦ កក្កដា នេះក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ការដ្ឋានពង្រីកផ្លូវបេតុងថ្មី១ខ្សែនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការបើកការដ្ឋានពង្រីកផ្លូវនេះ គឺដោយសារផ្លូវចាស់មានស្ថានភាពតូចចង្អៀត ទទឹងត្រឹម ៥ ទៅ ៦ម៉ែត្រ ប៉ុណ្ណោះ ហើយម្យ៉ាងក៏ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ ក្រៅពីពង្រីកផ្លូវនេះហើយ សាលារាជធានីក៏នឹងរួមបញ្ចូលគម្រោងស្ថាបនាចិញ្ចើមផ្លូវ១ម៉ែត្រសងខាង និងដាក់លូផងដែរ។

អាន​បន្ថែម