ក្រសួង៖ គម្រោងកសាងផ្លូវដែកភ្នំពេញ-វៀតណាមនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងកសាងផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតនៃខេត្តស្វាយរៀង ហើយបន្តទៅទីក្រុងហូជីមីញនៃប្រទេសវៀតណាម នៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ តែនឹងគិតគូរក្រោយផ្លូវល្បឿនលឿន។ ការបញ្ជាក់របស់ក្រសួង ធ្វើឡើងបន្ទាប់ពីកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាកសាងផ្លូវរថភ្លើងតភ្ជាប់គ្នាឆ្លងកាត់ព្រំដែនដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹង កាលពីពេលថ្មីនេះថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពលើគម្រោងសាងសង់ផ្លូវរថភ្លើង រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមីញ។ ដោយក្នុងនោះ ភាគីកម្ពុជានឹងត្រូវកសាងផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងបាវិត ហើយភាគីវៀតណាមនឹងកសាងផ្លូវរថភ្លើង ពីទីក្រុងហូជីមីញ មកកាន់ព្រំដែនដែរ។ ឯកឧត្តម ថ្លែងថា៖ «ប្រទេសកម្ពុជា និងវៀតណាម បានឯកភាពគ្នាជាតាមរយៈការពិភាក្សាគ្នាដោយផ្ទាល់មាត់ លើគម្រោងកសាងផ្លូវរថភ្លើងនេះ ប៉ុន្តែនៅមិនទាន់មានចុះហត្ថលេខាលើគម្រោងនេះនៅឡើយទេ»។ ឯកឧត្តមបន្តថា កន្លងមក មានក្រុមហ៊ុនឯកជនមួយចំនួនធ្លាប់បានស្នើសុំសិក្សាលើគម្រោងនេះ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ពីព័ត៌មានជុំវិញដំណើរការនៃការសិក្សានេះ។ ដោយឡែកបើយោងប្រសាសន៍របស់ឯកឧត្តមពីពេលមុន យ៉ាងហោយមានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សាលើគម្រោងនេះ តាំងពីខែ តុលា ឆ្នាំ២០២០ មកម្លេះ តែរដ្ឋមិនទាន់អនុម័តអ្វីនោះទេ។ (អានបន្ថែម) ទោះជាយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គម្រោងកសាងផ្លូវរថភ្លើង ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងតារាងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់រដ្ឋាភិបាលបន្ទាប់ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងសាងសង់រោងចក្រធំៗ២កន្លែងតម្លៃជាង១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន២ តម្លៃជាង១២លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD ដែលនឹងវិនិយោគទុនប្រមាណ ៤លានដុល្លារ លើគម្រោងបង្កើតរោងចក្រកាត់ដេរសំម្លៀកបំពាក់ ដែលមានទីតាំងផ្លូវជាតិលេខ៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែក ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន GLAMOR GLASS CO., LTD ដែលនឹងវិនិយោគប្រមាណ ៧,៨លានដុល្លារ លើគម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ ខេត្តកោះកុង។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ២ នេះនឹងចូលរួមបង្កើតការងារជាង ២,៤០០ កន្លែង។ បើរាប់បញ្ចូលទាំងគម្រោង ២ ខាងលើនេះ ក្នុងអំឡុងត្រឹម២៦ ថ្ងៃ នៃខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៤ គម្រោង រួចមកហើយ ឬស្មើនឹងទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារ។ (អានបន្ថែម […]
អានបន្ថែមគម្រោងវារីវប្បកម្មនិងតំបន់ទេសចរណ៍ដ៏ធំគ្រោងនឹងបង្ហាញខ្លួននៅស្រុកព្រៃឈរខេត្តកំពង់ចាម
ក្រុមហ៊ុនឯកជន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ បានទទួលសិទ្ធិវិនិយោគសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង ៧ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។ នេះបើយោងតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី ២៥ ខែកុម្ភៈ កន្លងមកនេះ។ គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូជត្រី ការបង្កើតទីតាំងចញ្ចឹមត្រីដែលមានស្ដង់ការ និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។ ដោយឡែក ផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។ លោកឧកញ៉ា ពាង ផារ័ត្ន តំណាងក្រុមហ៊ុនផារ័ត្នរតនៈ បានឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន មកធ្វើវារីវប្បកម្មបែបទំនើបវិញ។ លើសពីនេះ គម្រោងក៏នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ តាមរយៈការប្រមូលទិញផលិតផលដែលប្រជាពលរដ្ឋរកបានផងដែរ។
អានបន្ថែមគម្រោងស្ពានកំពង់ឆ្នាំងទៅកំពង់ធំជាអាទិភាពបន្ទាប់ ព្រោះរដ្ឋត្រូវសង់ស្ពានក្រចេះ-កំពង់ធំសិននៅឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ដោយបញ្ជាក់ថារាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានាត្រូវធ្វើតាមលំដាប់លំដោយនៃអាទិភាព។ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍នៅថ្ងៃទី២៥ កុម្ភៈ នេះថា រដ្ឋាភិបាលចាត់ទុកគម្រោងសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ ជាគម្រោងអាទិភាពក្រោយ ដោយពេលនេះ គឺផ្តោតសំខាន់ទៅលើការសាងសង់ស្ពានក្រចេះ-កំពង់ធំសិន។ ឯកឧត្តមថ្លែងថា៖«គម្រោងស្ពានហ្នឹង ស្ថិតក្នុងអាទិភាពក្រោយ បន្តិចទៀតយើងធ្វើស្ពានឆ្លងកាត់ខេត្តក្រចេះមុន។ អាទិភាព វាទៅជាកញ្ចប់ៗ បន្តបន្ទាប់គ្នា»។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ៣,៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្លេះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម) ដោយឡែក ចំពោះស្ពានក្រចេះ-កំពង់ធំវិញ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីដើមខែកុម្ភៈ ស្ពានគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ដោយការសិក្សាត្រូវបានធ្វើចប់សព្វគ្រប់អស់ហើយ។ (អានបន្ថែម)
អានបន្ថែមតើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?
សរសរដោយ Eric Wong Chon Lap ជាទូទៅ តំបន់ទេសចរណ៍នឹងអាជីវកម្មសណ្ឋាគារ គឺជារឿងគូរគ្នា ទីណាមានតំបន់ទេសចរណ៍ ទីនោះមានសណ្ឋាគាររីកដូចផ្សិត។ ប៉ុន្តែវិបត្តិកូវីដ១៩ បានផ្ដល់មេរៀនដ៏សំខាន់មួយ និងដាស់ស្មារតីដល់ម្ចាស់អាជីវកម្មសណ្ឋាគារឱ្យសួរខ្លួនឯង តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ? ដើម្បីឱ្យឆ្លើយនឹងសំណួរនេះ ក្រឡេកមកមើល ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលធ្លាប់តែជាតំបន់កុះករ ពោរពេញដោយភ្ញៀវទេសចរណ៍ និងសណ្ឋាគារ។ បច្ចុប្បន្នតំបន់ទាំង ២ កំពុងប្រឈមនឹងបញ្ហាក៏ធ្ងន់។ សណ្ឋាគារ និងអាជីវកម្មផ្នែកទេសចរណ៍រាប់រយរាប់ពាន់កន្លែងត្រូវបានបិទទ្វារ។ សណ្ឋាគារខ្លះដែលនៅបន្តបើក មិនយូរមិនឆាប់នឹងអស់សាច់ប្រាក់បំរុង ហើយនឹងត្រូវបិទទ្វារ។ ចំណែកម្ចាស់សណ្ឋាគារខ្លះទៀត ក៏កំពុងលក់សណ្ឋាគាររបស់ខ្លូនក្នុងតម្លៃក្រោមទីផ្សារ។ ក្នុងអំឡុងដែលគ្មានការឆ្លងក្នុងសហគមន៍ អ្នកទេសចរក្នុងស្រុកបានជួយទប់លំនឹងវិស័យនេះ បានមួយចំណែក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន។ យ៉ាងណាក្ដី អ្នកទេសចរក្នុងស្រុកគឺមិនអាចទប់ទល់ទាំងស្រុង ទៅនឹងការបាត់បង់ភ្ញៀវទេសចរអន្តរជាតិបានទេ ព្រោះការផ្គត់ផ្គង់សណ្ឋាគារដ៏ច្រើននៅខេត្តទាំង ២ គឺសាងសង់ឡើងដើម្បីភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ទោះប្រទេសកម្ពុជា កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងហើយក្ដី អ្នកវិភាគភាគច្រើន ព្យាករថាស្ថានភាពនឹងមិនត្រឡប់នឹងមិនត្រឡប់មិនប្រសើរវិញទេ ក្នុងឆ្នាំ ២០២១ ឬអាចពន្យារដល់ឆ្នាំ២០២២។ ផ្ទុយទៅវិញ បើប្រឡេកមកមើល ទីក្រុងភ្នំពេញ សណ្ឋាគារមួយចំនួនបានបិទទ្វារ តែក៏នៅមានមួយចំនួនធំៗ […]
អានបន្ថែមអ្នកអភិរក្ស៖ គម្រោងអភិវឌ្ឍចម្រុះទីក្រុងបូកគោ អាចគំរាមកំហែងដល់បរិស្ថាននៃឧទ្យានជាតិ
អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើយោងតាមសារព័ត៌មានបរទេស Mongabay កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។ ផែនការ“ ទីក្រុងបូកគោ” នេះ ត្រូវបានអនុម័តដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តាំងពីខែ មិថុនា ឆ្នាំ ២០១៩ មកម្លេះ ហើយនឹងត្រូវបន្តអភិវឌ្ឍដល់ឆ្នាំ ២០៣៥។ បើយោងផែនការមេ គម្រោងនឹងត្រូវអភិវឌ្ឍជាតំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មសាធារណៈ តំបន់លំហបៃតង តំបន់វប្បធម៍ និងសាសនា ជាដើម។ (អានបន្ថែម) លើសពីនេះ បើយោងតាមអត្ថបទរបស់ Mongabay ដីមួយផ្នែកធំនៃគម្រោងទាំងមូល ពោលគឺប្រមាណ ២០.០០០ ហិកតា ត្រូវបានផ្តល់ជាងដីសម្បទានដល់ក្រុមហ៊ុនឯកជន [Sokha Real Estate] ក្នុងការអភិវឌ្ឍ។ ប្រភពដដែលបានបន្ថែមថា ដីសម្បទានដែលត្រូវបានអនុម័តនេះ ភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ […]
អានបន្ថែមក្រសួង៖គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំឈានដល់ដំណាក់កាលពិភាក្សាបច្ចេកទេសរវាងកម្ពុជា-កូរ៉េហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជា និងមន្រ្តីជំនាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាបច្ចេកទេសលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។ ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងនៅថ្ងៃទី ២៥ កុម្ភៈនេះ ថាការពិភាក្សារវាងមន្រ្តីជំនាញ និងប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។ ឯកឧត្តម ថ្លែងថា៖ «អត់ទាន់និយាយដល់កាលបរិច្ឆេទ និយាយពីតម្លៃ និងទីតាំងនៃការសាងសង់នោះទេ ព្រោះគេត្រូវការពេលវេលាសិក្សាបច្ចេកទេសសាងសង់ និងថវិកាបន្ថែមទៀត»។ «ជាទូទៅ ការពិភាក្សាអំពីបច្ចេកទេសនេះ គឺត្រូវជជែកវែកញែក មុននឹងចាប់ផ្ដើមសិក្សាជាផ្លូវការ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ ធ្លាប់បានប្រកាសថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។ (អានបន្ថែម)
អានបន្ថែមអ្នកនាំពាក្យក្រសួង៖ ផែនការកសាងផ្លូវក្រវាត់ក្រុងទី៤ អាចនឹងត្រូវកែសម្រួលបន្ថែម
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី ២៥ ខែកុម្ភៈនេះ ថា ក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។ ឯកឧត្តម វ៉ាស៊ីម សូរិយា ថ្លែងថា៖ «ក្រសួងនៅសិក្សាថែមទៀត។ ខាងក្រុមហ៊ុន បានដាក់ឯកសារមកម្តងហើយ។ គាត់នៅកែសម្រួលនៅឡើយទេ»។ គួរបញ្ជាក់ផងដែរថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនទើបតែបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។ (អានបន្ថែម) បើតាមលទ្ធផលសិក្សាកាលពីខែតុលា ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។ (អានបន្ថែម)
អានបន្ថែមគម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាបឱ្យទាក់ទាញជាងមុន
គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។ នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រូវបានជ្រើសរើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ ពោលគឺការងារទាំងនេះគម្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ លោកបន្តថា៖ «គម្រោងក្រុងឆ្លាតវៃ ឬ Smart Siem Reap នឹងជួយដោះស្រាយបញ្ហានានានៅក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាទំនើប ការវិភាគទិន្នន័យ និងវិធីសាស្ត្របង្កើនប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ គម្រោងកែលម្អដងស្ទឹង លើកកម្ពស់ប្រព័ន្ធលូ និងជាពិសេសគម្រោងព្រលានយន្តហោះសៀមរាបថ្មីដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ […]
អានបន្ថែមរោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។ បើទទួលបានទុន គម្រោងនេះ រំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយនឹងបើកប្រតិបត្តិការបញ្ចេញថាមពលនៅឆ្នាំ ២០២៦។ ប្រសិនបើត្រូវបានអនុម័តឱ្យសាងសង់ពិតមែន គម្រោងនេះនឹងក្លាយជារោងចក្រអគ្គសនីដើរដោយខ្យល់បណ្តែតទឹកធំបំផុតលើពិភពលោក។ ដោយឡែក ក្រុមហ៊ុនមិនទាន់បានបង្ហាញពីទីតាំងពិតប្រាកដនៃគម្រោងនេះនៅឡើយទេ ប៉ុន្តែបានបង្ហើបត្រួសៗថា រោងចក្រនេះនឹងមានទីតាំងស្ថិតនៅតំបន់ Andalucía ឬ បណ្ដុំកោះ Canary។ យោងតាម GCR គម្រោងនេះគឺផ្នែកមួយក្នុងចំណោមគំនិតផ្តួចផ្តើមចំនួន ១៥០ ទៀត ទាក់ទិននឹងវិស័យថាមពល ដែលត្រូវបានដាក់ស្នើសុំទុនពីកម្មវិធី EU’s Next Generation។ ហើយបើរួមគម្រោងទាំងអស់ចូលគ្នា គឺអាចនឹងប្រើទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារអាមេរិកឯណោះ។
អានបន្ថែមចិនគ្រោងនឹងសាងសង់ផ្លូវរថភ្លើងដឹកទំនិញខ្នាតធំបំផុតតម្លៃ ៩៤០ លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពីន
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន កាលពីថ្មីៗនេះ បានចុះអនុសារណៈជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការកសាងផ្លូវរថភ្លើងដឹកទំនិញខ្នាតធំមួយខ្សែ នៅកោះលូហ្សុននៃប្រទេសប្រទេសហ្វីលីពីន។ គម្រោងរថភ្លើងដឹកទំនិញ Subic-Clark មួយខ្សែនេះ គ្រោងចំណាយថវិកាប្រមាណ ៩៤០ លានដុល្លារអាមេរិកក្នុងការសាងសង ប៉ុន្តែប្រទេសទាំង២ នៅមិនទាន់សម្រេចលើកិច្ចចរចារលើហិរញ្ញប្បទាននោះទេ។ បើគម្រោងមួយនេះត្រូវបានអនុម័តឱ្យសាងសង់ពិតមែន វានឹងក្លាយគម្រោងដ៏ធំ និងថ្លៃបំផុតដែលធ្វើឡើងក្រោមការសហការរបស់ប្រទេសទាំង ២។ ផ្លូវរថភ្លើងដឹកទំនិញមួយខ្សែនេះ នឹងមានប្រវែង ៧១ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់តំបន់ស៊ូប៊ែរប៊្រីកផត ទៅនិងព្រលានយន្តហោះអន្តរជាតិក្លាក នៅជំហានដំបូង ដោយនឹងត្រូវពង្រីកទៅដល់តំបន់សេដ្ឋកិច្ចពិសេសញូក្លាកស៊ីធី នៅជំហានបន្ទាប់។ បើយោងតាមផែនការ ជំហានទី១ នឹងត្រូវចំណាយពេលសាងសង់រយៈប្រមាណ ៤២ ខែ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវដែកមួយខ្សែនេះសង្ឃឹមថានឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ចូន កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។
អានបន្ថែមក្រសួងបរិស្ថានស្នើក្រុមហ៊ុនសិង្ហបូរីសិក្សារៀបចំប្លង់មេសាងសង់ទីលានចាក់សំរាមនៅភ្នំពេញ
ក្រសួងបរិស្ថាន បានស្នើឱ្យក្រុមហ៊ុនសិង្ហបូរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេសម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មីមួយនៅរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំ Video Conference រវាងភាគីទាំង២ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ យោងតាមកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម និងការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹងថ្មីនៅរាជធានីភ្នំពេញផងដែរ។ ក្នុងការអនុវត្តគោលនយោបាយនេះ ក្រសួងបានគិតគូរពីការសាងសង់ទីលានចាក់សំរាមកម្រិតតំបន់ ដោយមានបំពាក់នូវឧបករណ៍ញែកសំរាម និងបច្ចេកទេសក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ នៅស្ថានីយផ្ទេរ និងទីលានចាក់សំរាមនោះ។ ក្រៅពីសំណើសាងសង់ទីលានចាក់សំរាម ក្រសួងបរិស្ថាន រួមនឹងក្រុមហ៊ុនខាងលើ ក៏បានឯកភាពលើការរៀបចំវគ្គបណ្តុះបណ្តាល និងពិនិត្យមើលពីលទ្ធភាពចុះសិក្សាផ្ទាល់នៅប្រទេសសិង្ហបុរី អំពីការគ្រប់គ្រងសំរាម និងសំណល់រឹងផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនេះ ក៏មានក្រុមហ៊ុនជប៉ុនចង់វិនិយោគសាងសង់រោងចក្រផលិតថាមពលពីការដុតសំរាម និងស្ថានីយបំលែងឧស្ម័ន LNG នៅកម្ពុជាផងដែរ។ (អានបន្ថែម)
អានបន្ថែម