អគារសម្ភពថ្មីតម្លៃ ៣លានដុល្លារ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បើកឱ្យដំណើរការហើយ
អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប (ហៅមន្ទីពេទ្យគន្ធបុប្ផាទី៣) តម្លៃ ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារសម្ភពថ្មីនេះ ត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ត្រូវបានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបប្រមាណ ១៥០០ម២ នៃផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងមូល ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា។ អគារសម្ភពថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២,៥លានដុល្លារ ហើយប្រមាណ៥០ម៉ឺនដុល្លារទៀត ត្រូវបានចំណាយលើការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចាំបាច់នាពេលបន្តបន្ទាប់ទៀត។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យឱ្យចូលរួមថែរក្សាអគារថ្មី និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត។
អានបន្ថែមវៀតណាមប្រកាសផ្តល់ការអនុគ្រោះពន្ធនាំចូលរាល់ទំនិញមកពីប្រទេសកម្ពុជា
វៀតណាមបានដាក់ចេញការអនុគ្រោះពន្ធនាំចូលសម្រាប់ទំនិញកម្ពុជាក្នុងប្រភេទជាក់លាក់ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងរិតតែខ្លាំង ខណៈទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានរហូតដល់ជិត ៦,៦ ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ vietnam-briefing កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុគ្រោះពន្ធតាមក្រឹត្យលេខ៥នេះ រួមមាន៖ ការនាំចូលទំនិញដែលគោរពតាមលក្ខខណ្ឌក្នុងតារាងអនុគ្រោះពន្ធនាំចូលរបស់វៀតណាម មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមពីកម្ពុជា និងការនាំចូលតាមច្រកព្រំដែនជាក់លាក់ដូចមានចែងក្នុងក្រឹត្យខាងលើ។ ការនាំចេញរបស់កម្ពុជាទៅវៀតណាមកំពុងមានសន្ទុះ៖ កម្ពុជាជាអ្នករួមចំណែកសំខាន់ក្នុងសមតុល្យពាណិជ្ជកម្មវៀតណាម។ ការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះសមតុល្យពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគូសបញ្ជាក់ដោយការនាំចេញទំនិញសំខាន់ៗ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងលើសពី ៣,៦៨ ពាន់លានដុល្លារ ក្នុងនោះគ្រាប់ស្វាយចន្ទី និងកៅស៊ូបានលេចចេញជាចំណែកចម្បង។ ការនាំចេញគ្រាប់ស្វាយចន្ទីតែម្នាក់ឯង មានតម្លៃជាង ៨៣៦លានដុល្លារឯណោះ ដែលបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណុចសំខាន់ៗនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣៖ គ្រាប់ស្វាយចន្ទី៖ ជាង ៨៣៦លានដុល្លារ កៅស៊ូ៖ លើសពី ៨៨៨ លានដុល្លារ ខណៈដែលវៀតណាមល្បីថាជាប្រទេសផលិត និងនាំចេញកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក ការនាំចូលកៅស៊ូពីប្រទេសកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ផលិតផលកៅស៊ូវៀតណាមផងដែរ ដោយសារគុណភាពខ្ពស់នៃកៅស៊ូកម្ពុជា។ តម្លៃប្រកួតប្រជែង […]
អានបន្ថែមគម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ក្នុងខេត្តស្វាយរៀង សម្រេចបាន ៨០%
គម្រោងសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង សម្រេចបាន ៨០% ហើយ។ នេះបើតាមឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងការងាររអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា ការអនុវត្តស្រូវប្រាំងក្នុងឆ្នាំ២០២៣-២០២៤ គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រជាកសិករមានចំនួន ២៨.៧៤០ហិកតា ស្មើនឹង ១៤០,២០% លើសផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យការងារអនុវត្តស្រូវប្រាំងរួមមានចំនួន ៣ទីតាំង ដូចខាងក្រោម៖ ការបូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ១.៦៩០ហិកតា ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា និងឃុំត្រពាំងស្ដៅ ស្រុករមាសហែក ការបូមនាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ការងារកាយប្រឡាយមេក្រាំងលាវ ប្រវែង […]
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងរៀបចំឆ្នេរកម្សាន្ត២ទៀត ខណៈទើបទទួលបានពានជាក្រុងទេសចរណ៍ស្អាតនៅអាស៊ាន
រដ្ឋបាលខេត្តកំពត គ្រោងនឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ខណៈទើបតែទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្ទីរព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំឆ្នេរទាំង០២ទីតាំងនេះ ដោយក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមបណ្តោយមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងកែលម្អពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ឯកឧត្តមអភិបាល […]
អានបន្ថែមស្ពានថ្មីចំនួន ៧ខ្សែ ភ្ជាប់ក្រុងស្ទឹងត្រែងទៅស្រុកសេសាន បើកឱ្យប្រើប្រាស់ជាផ្លូវការ
ស្ពានបេតុងថ្មីចំនួន០៧ខ្សែ តភ្ជាប់ពីក្រុងស្ទឹងត្រែង តាមផ្លូវទៅទីរួមស្រុកសេសាន បានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST និងស្ពានបេតុង ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សមិទ្ធផលស្ពានថ្មីទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីភូមិឃុំមួយទៅឃុំមួយទៀត ដោយពុំមានផលលំបាកក្នុងការធ្វើចរាចរណ៍ដូចមុនទៀតឡើយ។ ស្ពានបេតុងទាំង ០៧នេះ រួមមានស្ពានអូរខ្លុង ស្ពានអូរសាមឃួយ ស្ពានអូរបាដើម ស្ពានអូរកំភុន ស្ពានអូរគូ ស្ពានអូរជួរចាប់ និងស្ពានអូរខ្សាច់ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូប្រវែង ២១គីឡូម៉ែត្រ ចាប់ចេញពីស្ពានអូរខ្លុងទៅដល់ផ្លូវបំបែក ទៅទំនប់វារីអគ្គិសនីសេសានក្រោម០២ ឆ្ពោះទៅកាន់ឃុំស្រែគរ និងឃុំតាឡាត។ ក្នុងពិធីសម្ពោធខាងលើ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការអភិវឌ្ឍផ្លូវស្ពាននៅតំបន់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០២០មក ក្នុងដំណាក់កាលដំបូង រដ្ឋបានសាងសង់ផ្លូវកៅស៊ូ ហើយបន្តបន្ទាប់មកសាងសង់ស្ពានបេតុងបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ចូលរួមថែរក្សាការពារស្ពានថ្មីទាំងនេះ។
អានបន្ថែមកាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា
ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង បានឱ្យដឹងថា ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ លោកអភិបាលរងខេត្តបានបន្តថា ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ដែលនឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក តាមរយៈការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។
អានបន្ថែមមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ
មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបអស់ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]
អានបន្ថែមរដ្ឋបើកដំណើរការរថយន្តក្រុងពីក្រុងសៀមរាប ទៅក្រុងថ្មីរុនតាឯក ដោយឥតគិតថ្លៃ
រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន និងពីក្រុងរុនតាឯកតេជោសែនទៅក្រុងសៀមរាបដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ការដាក់ឱ្យដំណើរការនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដើម្បីបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តដំណើរការសាកល្បងនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ ដោយទីតាំងចំណតនៅក្នុងក្រុងសៀមរាប គឺនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប និងចំណតក្នុងក្រុងរុនតាឯកតេជោសែន គឺនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក។
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុបដាក់ដំណើរការកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចសំរាប់ដៃគូអាជីវកម្មតាមរយៈទូរស័ព្ទដៃ “GGEAR Dealer Portal”
ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សំរាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។ GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុបនឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាតសាច់ប្រាក់បានត្រឹមត្រូវ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសំរាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។ លោក ហ៊ ហាប់នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុបកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។ លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្ម តាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។ ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោកស៊ឹង […]
អានបន្ថែមភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព។
អានបន្ថែមធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!
ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣ អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។
អានបន្ថែម