គ្រឹះស្ថានអង្គរ​ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។

ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mo​bile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញ​សំបុ​ត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវ​ឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែ​ល​ត្រូ​វ​បានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦ គ្រឿង; ទី២-នៅប៉ាវីអង្គរ ចំនួន ៦ គ្រឿង; និង ទី៣-នៅផ្សារទំនើបដឺហេរីថេកវ័ក ចំនួន ៣ គ្រឿង; សរុបទាំងអស់មានចំនួន ១៥ គ្រឿង។

ជារួម ភ្ញៀវទេសចរអន្តរជាតិ និងភ្នាក់ងារទេសចរទាំងអស់ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមបួនរបៀប រួមមាន៖ ទី ១-តាមអនឡាញ; ទី ២-តាមម៉ូបាលអេប; ទី ៣-តាមម៉ាស៊ីនស្វ័យប្រវត្តិ; និង ទី ៤-តាមបញ្ជារលក់សំបុត្រ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ (អានបន្ថែម)

ជាមួយនឹងការដាក់ឱ្យដំណើរការនេះ គ្រឹះស្ថានអង្គរមានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងជំរុញឧស្សាហកម្មទេសចរណ៍ ខណៈដែលកម្ពុជាបន្តងើបឡើងវិញ និងរីកចម្រើនក្រោយជំងឺរាតត្បាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]