ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី

ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។

ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។

ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។

ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បាន​កត់សម្គាល់​ថា​៖ ​យើង​រំពឹង​ថា​ នឹងមានការ​កំណត់​តម្លៃ​ក្នុងទីផ្សារឡើងវិញបន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ជាពិសេស​នៅ​ហុងកុង ចិន​ដីគោក និង​សិង្ហបុរី​​។ ” និន្នាការកំណត់តម្លៃឡើងវិញនេះ បង្ហាញថា វិនិយោគិននឹងអាចមើលឃើញពីចំណុចចូលក្នុងទីផ្សារបានវិញ នៅពេលក្រោយក្នុងឆ្នាំនេះ ដោយសារនៅពេលនោះតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារនឹងមានការកែប្រែ ខិតទៅរកកម្រិតមួយដែលមិនខ្ពស់ហួសពេកពីលទ្ធភាពរបស់សេដ្ឋកិច្ចមូលដ្ឋាន។

និន្នាការអចលនទ្រព្យនៅអូស្ត្រាលី និងនូវែលសេឡង់៖ ផ្ទុយទៅវិញ តម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កំពុងធ្លាក់ជិតដល់បាតនៃវដ្តតម្លៃរបស់ខ្លួន ដែលជាចំណុចកំណល់ទ្រទាបបំផុត។ ស្ថានភាពនេះ បង្ហាញថាទីផ្សារទាំងនេះ អាចនឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ដែលបង្ហាញពីឱកាសទិញដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកទ្រព្យសម្បត្តិដែលមានតម្លៃទាបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]