Bentley បង្កើតក្រុងសិង្ហបុរីនិម្មិតដាក់ក្នុង 3D ជាថ្វីដៃគំរូបដិវត្តរបៀបគ្រប់គ្រងទីក្រុងក្នុងពិភពលោក
ក្រុមហ៊ុន Bentley Systems បានត្រួសត្រាយនវានុវត្តន៍ថ្មីមួយដោយបង្កើតបាននូវកម្មវិធីនិម្មិតឌីជីថលដ៏ទំនើបមួយ ដើម្បីបង្កើតផែនទីប្រទេសសិង្ហបុរី ជាផ្ទាំងនិម្មិត 3Dឌីជីថល។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ វេទិកាឌីជីថលប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ត្រូវបានគេហៅថា “សិង្ហបុរីនិម្មិត (Virtual Singapore)” ដែលនឹងធ្វើបដិវត្តរបៀបធ្វើផែនការសម្រាប់គ្រប់គ្រងទីក្រុង ដោយផ្តល់នូវទិដ្ឋភាពចម្លងឌីជីថលប្រភេទ 3D អំពីទីក្រុង ឬប្រទេសមួយ ដែលយើងអាចប្រើប្រាស់ដើម្បីមើលទិន្នន័យអំពីសណ្ឋានដី ក្នុងពេលវេលាពិតជាក់ស្តែង (Real Time) បាន ព្រមទាំងមានមុខងារច្រើនយ៉ាង សម្រាប់ឱ្យយើងប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិក្នុងពិភពនិម្មិតនោះ ហាក់ដូចជានៅក្នុងពិភពពិតថែមទៀតផង។
កម្មវិធី iLab demostration បង្ហាញពីពីទីក្រុងនិមិត្មសិង្ហបុរី
សិង្ហបុរីនិម្មិតនេះ បម្រើជាវេទិកាឌីជីថលមួយដែលអនុញ្ញាតឱ្យយើងធ្វើសាកល្បងធ្វើសកម្មភាព ការធ្វើតេស្តនិម្មិត ការកំណត់ប្រតិបត្តិការ និងដំណើរការសម្រេចចិត្តផ្សេងៗ ទាក់ទងនឹងវិស័យនគរូបនីយកម្ម (គ្រប់គ្រងទីក្រុង អគារ និងសំណង់) ទាំងមូល។
ជារួម សិង្ហបុរីនិម្មិត ផ្តល់នូវមុខងារនិងអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម ៖
១. សម្រាប់សាធារណៈជនទូទៅ៖ សិង្ហបូរីនិម្មិតផ្តល់ព័ត៌មានអំពីទីក្រុងដោយប្រើផ្ទាំង 3D និងប្រើពេលវេលាផ្ទាល់ជាក់ស្តែងដើម្បីភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹង និងផ្តល់សេវាកម្មដែលធ្វើអោយសហគមន៍មានភាពប្រសើរឡើង។ ជាឧទាហរណ៍ វេទិកានេះអាចត្រូវបានប្រើដើម្បីកំណត់ទីតាំង ឬមុខងារសេវាសាធារណៈនានានៅក្នុងសង្កាត់ និងខណ្ឌណាមួយនៅក្នុងទីក្រុង។
២. សម្រាប់វិស័យធុរកិច្ច៖ ធុរជន ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យអចលនទ្រព្យអាចទាញយកទិន្នន័យ និងព័ត៌មានជាច្រើននៅក្នុងវេទិកា សិង្ហបុរីនិម្មិត សម្រាប់យកមក វិភាគអាជីវកម្ម ការធ្វើផែនការធនធាន និងការផ្តល់សេវាកម្មឯកទេសរបស់ពួកគេ។ ឧទាហរណ៍ វេទិកានេះអាចត្រូវបានប្រើដើម្បីស្រមៃមើលទិន្នន័យដែលទាក់ទងនឹងការប្រើប្រាស់ថាមពល ប្រសិទ្ធភាពថាមពលពន្លឺព្រះអាទិត្យនៃអគារ និងប្រសិទ្ធភាពនៃការដឹកជញ្ជូន ដោយផ្តល់នូវការយល់ដឹងយ៉ាងទូលំទូលាយអំពីសក្ដានុពលរបស់ទីក្រុង។
៣. សម្រាប់សហគមន៍អ្នកស្រាវជ្រាវ៖ សហគមន៍ស្រាវជ្រាវ អាចបង្កើតការច្នៃប្រតិដ្ឋ និងបច្ចេកវិជ្ជាថ្មីសម្រាប់កិច្ចសហការសាធារណៈ និងឯកជន ដើម្បីបង្កើតស្នាដៃជាគុណតម្លៃថ្មីសម្រាប់បម្រើប្រយោជន៍ប្រទេសសិង្ហបុរីបាន។ សិង្ហបូរីនិម្មិត ផ្តល់ជូននូវវេទិកាសហការជាមួយនឹងបរិស្ថានទិន្នន័យ និងផ្ទាំងទស្សនីយភាពដ៏សម្បូរបែប ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវសាកល្បងគំនិត និងការធ្វើផែនការ ការសម្រេចចិត្ត និងបង្កើតកិច្ចសហការសហគមន៍។
៤. សម្រាប់រដ្ឋាភិបាល៖ សិង្ហបូរីនិម្មិត គឺជាកត្តាជំរុញដ៏សំខាន់មួយ ដើម្បីបង្កើនគំនិតផ្តួចផ្តើមផ្សេងៗរបស់រដ្ឋាភិបាលសម្រាប់ការកសាងទីក្រុង និងប្រទេសឆ្លាតវៃ។ វេទិកានេះផ្តល់អំណាចដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការពង្រឹងប្រតិបត្តិការ និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត សម្របសម្រួលការកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវការការថែទាំជាបន្ទាន់តាមបណ្ដោយផ្លូវ ទីកន្លែងសំខាន់ៗក្នុងទីក្រុង រួមចំណែកដល់ដំណើរការរលូននៃបណ្តាញដឹកជញ្ជូន។
គម្រោងសិង្ហបុរីនិម្មិតនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលដឹកនាំដោយមូលនិធិស្រាវជ្រាវជាតិ អាជ្ញាធរដែនដីសិង្ហបុរី និងទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាសេវាកម្មឌីជីថលភ្លោះ Digital twins ឬ iTwins របស់ក្រុមហ៊ុន Bentley Systems។
តើអ្វីទៅជា បច្ចេកវិទ្យា ឌីជីថលភ្លោះ Digital twins?
ឌីជីថលភ្លោះ គឺជាប្រព័ន្ធចម្លងនិម្មិតនៃពិភពរូបវន្តនិងជីវសាស្រ្តទៅជាពិភពឌីជីថល ដោយប្រើទិន្នន័យក្នុងពេលវេលាផ្ទាល់ជាក់ស្តែង ដែលអាចត្រូវបានប្រើដើម្បីជួយសម្រេចបាននូវគោលដៅនិរន្តរភាពនៅក្នុងឧស្សាហកម្មផ្សេងៗដូចជា កម្មវិធីគ្រប់គ្រងគម្រោង អគារ ប្រតិការណាមួយ រួមទាំងការផលិត និងការរចនាផលិតផលផងដែរ។ គំរូចម្លងនិម្មិតទាំងនេះអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះការប្រើប្រាស់ថាមពល ការគ្រប់គ្រងកាកសំណល់ និងការប្រើប្រាស់ធនធាន ដែលអនុញ្ញាតឱ្យស្ថាប័ននានាបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ និងកាត់បន្ថយការបោះកាបូនរបស់ស្ថាប័ន។
ឧទាហរណ៍៖ ក្រុមហ៊ុនអចលនទ្រព្យអាចប្រើប្រាស់កម្មវិធីសិង្ហបុរីនិម្មិត ដើម្បីវិភាគការប្រើប្រាស់ថាមពលនៅក្នុងផ្នែកជាក់លាក់ណាមួយនៃអគារ ហើយរៀបចំផែនការទៅតាមនោះ។ វេទិកានេះក៏អាចត្រូវបានប្រើដើម្បីកំណត់តំបន់ ដែលត្រូវការការថែទាំបន្ទាន់ ដូចជាផ្លូវរថភ្លើង និងរៀបចំផែនការសកម្មភាពថែទាំទៅតាមនោះផងដែរ។
“នៅក្រោមដី យើងមានបរិក្ខារប្រើប្រាស់ផ្សេងៗ យើងមានទីធ្លាក្រោមដី។ ដូច្នេះហើយ យើងកំពុងស្វែងរកការគូសផែនទី និងចាប់យកទិន្នន័យទាំងអស់នេះនៅក្រោមដី រួមទាំងទិន្នន័យឧបករណ៍ប្រើប្រាស់គ្រប់យ៉ាងជា 3D។ ហើយយើងចង់ធ្វើវាឱ្យត្រឹមត្រូវឥតខ្ចោះ ដើម្បីយកមកគាំទ្រការធ្វើផែនការ និងការគ្រប់គ្រងទីធ្លានៅក្រោមដី” នេះជាការលើកឡើងពីអត្ថប្រយោជន៍មួយចំនួន របស់ លោក Victor Khoo ជានាយកផ្នែកអង្កេត និងភូមិសាស្ត្ររបស់ស្ថាប័នអាជ្ញាធរដែនដីសិង្ហបុរី SLA ក្នុងបទសម្ភាសន៍ជាមួយ CNA កាលពីខែតុលា។
iLab demostration ធ្វើបទបង្ហាញដោយលោក Greg Damchak ក្នុងព្រឹត្តិការណ៍ YII2023. រូបថត៖ Bentley System
លោក Greg Demchak នាយកជាន់ខ្ពស់នៅក្រុមហ៊ុន Bentley Systems តាមរយៈទំព័រហ្វែសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០២៣ បានសង្កត់ធ្ងន់លើសក្តានុពលនៃកម្មវិធីឌីជីថលភ្លោះក្នុងការគ្រប់គ្រងទីក្រុង និងការធ្វើផែនការនិរន្តរភាព ថា “យើងមើលឃើញថាកម្មវិធីឌីជីថលភ្លោះជាមធ្យោបាយដ៏ល្អមួយក្នុងការរៀបចំទីក្រុង និងបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅរកនិរន្តរភាព ព្រោះអ្នកអាចមើលឃើញជាក់ស្តែងតែម្តង នៅទីកន្លែងនានាដែលការអន្តរាគមន៍ត្រូវធ្វើឡើងនៅក្នុងទីក្រុងរបស់អ្នក។ អ្នកអាចមើលឃើញវាយ៉ាងងាយស្រួលតាមផ្ទាំង 3D និងអាចធ្វើអន្តរកម្មជាមួយវាបានថែមទៀតផង។”
លោកបានបន្ថែមថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺវាត្រូវបានភ្ជាប់ទៅនឹង solar API របស់ Google ដែលអនុញ្ញាតឱ្យអ្នកមើលដឹងមុនថាតើសក្តានុពលថាមពលពន្លឺព្រះអាទិត្យសរុបមាននៅទីតាំងណាខ្លះ ប្រសិនបើអ្នកត្រូវការចង់ដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសសិង្ហបុរីទាំងមូល”៕
វីដេអូ ៖
- Video Advertisement -