ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ។ […]
រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]
ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ
ឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។ - Video Advertisement -
កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)
រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]
កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន
កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ រួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន […]
ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ
ក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងវេទិកាពិសេសមួយក្រោមចំណងជើងថា “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម” បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគចម្បងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលចិនបានជាប់ចំណាត់ថ្នាក់ជាអ្នករួមចំណែកធំជាងគេ ឬធំទីពីរ ក្នុងការវិនិយោគឯកជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគរបស់ចិនបានកើនឡើងដល់ប្រមាណ ៣.៤២ពាន់លានដុល្លារ ដែលស្មើនឹងជិត ៥០% នៃទុនវិនិយោគសរុបរបស់កម្ពុជាសម្រាប់ឆ្នាំនេះ។ អគ្គលេខាធិការរងរូបនេះបានចាត់ទុកថា កំណើននេះដោយសារតែភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ដែលបានសម្របសម្រួលការវិនិយោគ និងជំនួយអភិវឌ្ឍន៍តាមរយៈវិស័យឯកជនជាច្រើន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជិត ៦ពាន់លានដុល្លារដល់កម្ពុជា ដែលចំនួននេះបានគូសបញ្ជាក់ពីភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជាតិទាំងពីរ។ គួរបញ្ជាក់ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ការវិនិយោគមកពីប្រទេសចិនមានចំនួន ៥៦,២៣% នៃការវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម) យ៉ាងណាក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានការជំរុញយ៉ាងខ្លាំងផងដែរ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) […]