ប្រតិភូកាណាដា កំពុងចាប់អារម្មណ៍ពីសក្តានុពលវិនិយោគលើវិស័យធំៗចំនួន៦ នៅកម្ពុជា

គណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal ប្រទេសកាណាដា បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសលើវិស័យធំៗចំនួន ៦ គឺវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។

នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal តំណាងដោយ លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្មកាណាដា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។

នាឱកាសនោះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកបង្ហាញនូវបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈបើកចំហ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងការលើកទឹកចិត្តដល់ការវិនិយោគជាដើម។

រីឯ លោក Kelvin Mo ប្រធានសភាពាណិជ្ជកម្មកាណាដាក៏បានសម្តែងនូវសុទិដ្ឋិនិយមអំពីព័ត៌មានដែលទទួលបានពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ចកាណាដាដែលកំពុងស្វែងរកការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្មនៅកម្ពុជា។

គួរកត់សម្គាល់ថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំបីរបស់កម្ពុជា ដោយការវិនិយោគផ្ទាល់ពីកាណាដាមកកម្ពុជាឈានដល់ ២,០២៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ លើសពីនេះ កាណាដាផ្តល់កូតាដោយមិនគិតពន្ធដល់កម្ពុជាលើទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាជាង២០០ គិតជាទឹកប្រាក់ជិត $៣ពាន់លាន

គម្រោងវិនិយោគដោយវិនិយោគិនវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ពាន់លានដុល្លារ។​ នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្នុងបទសំភាសន៍ជាមួយទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានលើកឡើងថា គម្រោងវិនិយោគដោយវៀតណាម ស្ថិតនៅក្នុង​ចំណោមប្រទេសទាំង១០  ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា ភាគច្រើនផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍ ។ ការបង្ហាញពីតួលេខនេះ ធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសវៀតណាម អបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ។ បើតាម ឯកអគ្គរដ្ឋទូតវៀតណាម ​កម្ពុជាមានគម្រោងវិនិយោគ ចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជី​សរុបចំនួន ៧៥,៧៦លានដុល្លារ។ ជាមួយនឹងទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរកំពុងខិតខំសម្រេចឱ្យបាន​គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ - Video Advertisement -

ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ

ប្រទេស​ថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវ​សមុទ្រ​ថ្មី​មួយ​ខ្សែ តភ្ជាប់​ប្រជុំ​កោះ​ក្បែរ​ខេត្ត​ត្រាត​ក្នុង​ប្រទេស​ថៃ​ជាមួយ​ខេត្ត​គៀនយ៉ាង​របស់​វៀតណាម ដោយឆ្លងកាត់តាម​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។​ ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា “TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។” យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ […]

ធនាគារពិភពលោកសម្រេចជួយកម្ពុជា $១៤៥លានទៀត សម្រាប់កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយដល់ដំណើរការគម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលផ្សាយចេញនៅថ្ងៃទី២២ ខែមិថុនា ​ឆ្នាំ២០២៤ ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ ​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។ ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរដែលអាច​ឆ្លើយ​តប​បានភ្លាម​ៗ និងរយៈពេលវែង​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​។ គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្តជាដើម។ គួរបញ្ជាក់ទៀតថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់។ គួររំលឹកថា ថ្មីៗនេះធនាគារពិភពលោកទើបបានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ […]

World Bank ផ្តល់ឥណទាន ២៧៥លានដុល្លារ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ (អានបន្ថែម) […]

ថៃប្រកាសជំហរមិនយកសេវាពីយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)

ថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណង​អៀង) តាមការស្នើសុំរបស់ភាគីកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)។ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំ​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ (អានបន្ថែម) គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់រួចរាល់ហើយ ដោយត្រៀមរៀបចំសម្ពោធបើកដំណើរការ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ (អានបន្ថែម) […]

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕ - […]