រដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុនកាណាដាចូលមករុករកប្រេងលើទីតាំងទំហំជាង ៧០ម៉ឺនហិកតា

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តឲ្យក្រុមហ៊ុនរុករកប្រេងកាណាដាឈ្មោះថា Angkor ឲ្យមានសិទ្ធិចូលមករុករកប្រេងនិងឧស្ម័នលើទីតាំងសម្បទានទំហំ ៧៣០០ គីឡូម៉ែត្រក្រឡា (ឬស្មើនឹង៧៣ម៉ឺនហិកតា) នៅក្នុងបាសាំងកំពង់សោម។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៣ ខែសីហា កន្លងមកនេះ ការអនុម័តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Angkor ធ្វើការរុករកប្រេងនិងឧស្ម័ននៅក្នុងប្លុកប្រេងទី ៨ នៃបាសាំងកំពង់សោម។ បច្ចុប្បន្នក្រុមហ៊ុន Angkor កំពុងដំណើរការចរចារកិច្ចព្រមព្រៀងស្តីពីការចែករំលែកផលិតកម្ម (PSA)។

លោក Stephen Burega នាយកប្រតិបត្តិនៃក្រុមហ៊ុន Angkor បានមានប្រសាសន៍ថា ៖ “នេះជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមហ៊ុន Angkor គឺជាក្រុមហ៊ុនរុករកប្រេងដំបូងគេរបស់កាណាដា ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តគម្រោង បានស៊ីជម្រៅរហូតដល់ដំណាក់កាលមួយនេះ ដើម្បីធ្វើការស្វែងរកប្រេងនិងឧស្ម័ននៅក្នុងប្រទេស” ។

“ជាមួយនឹងជំនាញរយៈពេលវែងនិងការប្តេជ្ញាចិត្តរបស់លោក Mike Weeks ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Angkor យើងមានជំនឿនិងជំហរយ៉ាងរឹងមាំក្នុងការពង្រីកវិស័យទាញយកប្រេងនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យបានកាន់តែរីកចំរើនជាងមុន។ ក្នុងដំណាក់កាលនេះ គឺយើងកំពុងធ្វើការចរចារលើកិច្ចព្រមព្រៀងចែករំលែកផលិតកម្ម ក៏ដូចជាធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពទីតាំងនិងទិន្នន័យផ្សេងៗ” ។

ក្រៅពីគម្រោងនេះ ក្រុមហ៊ុន Angkor ក៏កំពុងធ្វើការលើអាជ្ញាប័ណ្ណរុករកប្រេងចំនួន៥ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំសរុបប្រមាណ ៩៨៣ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះ អណ្ដូងបានលុងគឺស្ថិតក្នុងដំណាក់កាលចោះ។

ស្របគ្នានេះដែរ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និង ថាមពល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងនេះផងដែរ ដោយសង្ឃឹមថាបច្ចេកវិទ្យាដែលនាំមកដោយក្រុមហ៊ុន Angkor នឹងជួយពង្រីកសក្តានុពលនៃការរុករកប្រភពថាមពលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា៖“ យើងមានសេចក្តីរីករាយណាស់ដោយបានធ្វើការជាមួយក្រុមហ៊ុន Angkor ក្នុងការអភិវឌ្ឍន៍សក្តានុពលប្រេងនិងឧស្ម័នរបស់ប្រទេសកម្ពុជា” ។

គូរបញ្ជាក់ផងដែរថា បាសាំងកំពង់សោម គឺមានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលបាសាំងនេះត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងថាជាបាសាំងដីគោកកាលពីឆ្នាំ ២០១៦ ដោយក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រដាណឺម៉ាក។

ក្រៅពីបាសាំងកំពង់សោម ក៏នៅមានបាសាំងជាច្រើនទៀតដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលក្នុងចំណោមបាសាំងទាំងអស់នេះ គឺជាទីតាំងដែលល្បីជាងគេគឺអណ្តូងប្រេងអប្សរានៃបាសាំងខ្មែរ។ នេះគឺអណ្តូងប្រេងដែលរំពឹងថា នឹងផ្ដល់តំណក់ប្រេងដំបូងបង្អស់ចេញពីទឹកដីកម្ពុជាផ្ទាល់នៅចុងឆ្នាំ ២០១៩ នេះ។ បច្ចុប្បន្នគម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសឹង្ហបុរី។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ទាក់ទងនឹងស្ថានភាពប្រេងនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមកនេះ រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតថ្មីមួយ ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ទាក់ទាញនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍន៍វិស័យប្រេងកាតប្រកបដោយនិរន្តរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបាលខេត្តហ៊ឺណាន, ប្រទេសចិន ប្រកាសចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

តាមរយៈគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6), រដ្ឋបាលខេត្តហ៊ឺណាន បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ CDC បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មដែលគ្រោងបង្កើតនេះ ត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួររំលឹកថា ក្រុមហ៊ុន […]

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]

ថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ

ក្នុង​វិធានការ​ពង្រឹង​សន្តិសុខ​ព្រំដែន អាជ្ញាធរ​ថៃ​បាន​ប្រកាសពី​គម្រោង​សាងសង់​របង​ប្រវែង ៥៥ គីឡូម៉ែត្រ​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ស្រះកែវ ដោយ​ចំណាយ​ថវិកាប្រមាណ ៣៩៥លាន​បាត (ឬស្មើនឹងប្រមាណ ១១លាន​ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របងព្រំដែននេះ អភិបាល​ខេត្ត​ស្រះកែវ លោក Parinya Phothisat ក៏បាន​ស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ​​បន្ថែម​ទៀត ដោយត្រូវ​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​តាម​របងព្រំដែន ​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​ខុសច្បាប់ទាំងនេះឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ - Video Advertisement -

អាជ្ញាធរខេត្តតាកែវ គ្រោងចំណាយជាង $២លាន សង់ប្រាសាទកណ្ដាលបឹងតាកែវ ទុកជាទីសកា្ករៈ

ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាសពី​គម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ។ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បានលើកឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។។ ​ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលនិធិសម្រាប់សាងសង់ប្រាសាទនេះ នឹងមិនប្រើថវិកាជាតិទេ។ ផ្ទុយទៅវិញ វាជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនក្នុង និងក្រៅប្រទេស។ ប្រាសាទ​នេះ​មិន​ត្រឹម​តែ​ជា​ទី​សក្ការៈគោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពង្រឹង​សហគមន៍​មូលដ្ឋាន​ផង​ដែរ។ បន្ថែមពីលើគម្រោងសង់ប្រាសាទ អាជ្ញាធរខេត្តគ្រោងនឹងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងថ្មីមួយជុំវិញបឹងតាកែវ ដោយមានសួនច្បារបៃតងស្រស់ត្រកាលនៅអមសងខាងផ្លូវ។ ផ្លូវនេះដែរ នឹងលាតសន្ធឹងជាង១០គីឡូម៉ែត្រ ដែលផ្តល់ឱ្យពលរដ្ឋជាកន្លែងសម្រាប់ហាត់ប្រាណ ជិះកង់ និងលំហែកាយ អមដោយទេសភាពដ៏ស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមទាំងនេះ ខេត្តតាកែវមានគោលបំណងបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើប បង្កើតបរិយាកាសរស់រវើកសម្រាប់ទាំងអស់គ្នា។ - Video Advertisement -

រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]

ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន

ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។ ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]