Casa Meridian បើកឲ្យមានកិច្ចសន្យាជួលដើម្បីធ្វើជាកម្មសិទ្ធិ
ស្របនឹងទីផ្សារដែលចាស់ទុំ និងតម្រូវការក្នុងការទាក់ទាញវិនិយោគិនប្រភេទថ្មីៗ ខុនដូប្រណីត Casa Meridian បានដាក់ចេញនូវការផ្តួចផ្តើមឲ្យមានការជួលដើម្បីធ្វើជាកម្មសិទ្ធិ លើកដំបូងនៅប្រទេសកម្ពុជា។
ផែនការជួលដើម្បីធ្វើជាកម្មសិទ្ធិនេះ អនុញ្ញាតឲ្យបុគ្គល គ្រួសារ ឬអាជីវកម្ម ជាដំបូងអាចជួលទីកន្លែង សម្រាប់រយៈពេលបីឆ្នាំ ហើយបង្កើនភាពរីកចម្រើនរបស់គ្រួសារ ឬអាជីវកម្មនៅទីតាំងនេះ។ បន្ទាប់ពីរយៈពេលបីឆ្នាំនេះ ពួកគេមានជម្រើសក្នុងការទិញទីតាំងនេះក្នុងតម្លៃដើម។
ថ្លៃជួលសរុបដែលបានបង់អំឡុងពេលបីឆ្នាំនោះ នឹងត្រូវគិតចូលជាចំណែកមួយនៃការបង់ថ្លៃទិញផងដែរ។ ប្រសិនបើថ្លៃនៃអចលនទ្រព្យមានការកើនឡើង ថ្លៃទិញអចលនទ្រព្យនោះដោយអ្នកជួលគឺស្ថិតនៅតម្លៃដើមដដែល ផ្ទុយទៅវិញប្រសិនបើតម្លៃអចលនទ្រព្យធ្លាក់ចុះ អតិថិជនអាចបន្តការជួលដោយមិនចាំបាច់ ទិញអចលនទ្រព្យនោះទេ។
គម្រោងខុនដូនេះសាងសង់ឡើងនៅលើផ្ទៃដីជាង ៦.០០០ ម៉ែត្រការ៉េ នៅកោះពេជ្រ មានតម្លៃ ៧៥លានដុល្លារ ដោយក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Meridian Group នៅទីក្រុងហុងកុង ។ ក្រុមហ៊ុននេះមានអាយុកាល៣ទសវត្សរ៍ហើយក្នុងការអភិវឌ្ឍផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងការអភិវឌ្ឍអចលនទ្រព្យ។
អគារខុនដូ CASA by Meridian នេះមានកម្ពស់ ៣៣ជាន់ (២ជាន់នៅក្រោមដី) ក្នុងនោះមានផ្ទះពាណិជ្ជកម្មចំនួន ៨៤ ខុនដូ ៥១២បន្ទប់ ដែលមានតម្លៃចាប់ពីជាង ៨សែនដុល្លារ ដល់ ១លានដុល្លារ។ ផ្ទះពាណិជ្ជកម្មមាននៅបួនជាន់ដំបូង ហើយបន្ទប់ខុនដូមានចាប់ពីជាន់ទី ៥ ដល់ជាន់ទី ២៩។
ចំណែកជាន់ទី ៣០ និង ជាន់ទី ៣១ គឺត្រូវបានបម្រុងទុកសម្រាប់ជាកន្លែងភោជនីយដ្ឋាន កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងកម្សាន្តរបស់ក្មេងៗ។
គម្រោងអភិវឌ្ឍន៍នេះមានផ្ទៃសម្រាប់ជាកន្លែងពាណិជ្ជកម្ម និងកន្លែងការិយាល័យទំហំ ៦.៤៦៩ម៉ែត្រការ៉េ។
ផែនការជួលដើម្បីធ្វើជាកម្មសិទ្ធិត្រូវបានប្រកាសនៅដើមខែមករា ដែលនឹងអនុញ្ញាតឲ្យអ្នកទិញ និងអ្នកជួលអាចជួលអចលនទ្រព្យទាំង ៣ ប្រភេទរួមមាន បន្ទប់ខុនដូ កន្លែងធ្វើពាណិជ្ជកម្ម និងកន្លែងការិយាល័យ។
ក្នុងចំណោមបន្ទប់ខុនដូសរុបចំនួន ៥១២ បន្ទប់ខុនដូចំនួន ៩៨ ត្រូវបានបម្រុងសម្រាប់អាផាតមិនផ្តល់សេវាកម្មដែលគ្រប់គ្រងដោយ Ascot Property Management មកពីប្រទេសសឹង្ហបុរី។ ក្នុងនោះបន្ទប់ខុនដូប្រមាណ ១០ ត្រូវបានជួលដើម្បីធ្វើជាកម្មសិទ្ធិរួចហើយ ហើយបន្ទប់ខុនដូប្រហែល ៤០ ទៀតនៅក្នុង គម្រោងអភិវឌ្ឍន៍គឺអាចទិញតែម្តង ឬក៏ជួលដើម្បីធ្វើជាកម្មសិទ្ធិ។
លោក KoSek Yan នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Meridian International Holding បានលើកឡើងថា “យើងយល់ និងដឹងច្បាស់ថាវាអាចជាការលំបាកសម្រាប់ម្ចាស់ផ្ទះក្នុងការក្លាយជាកម្មសិទ្ធិករលើផ្ទះមួយ ដូចនេះហើយ យើងបង្កើតផែនការជួលដើម្បីធ្វើជាកម្មសិទ្ធិ ដែលជាផែនការប្លែកខុសគេនេះ ដើម្បីធ្វើឲ្យវា កាន់តែងាយស្រួលក្នុងការទទួលបានលំនៅឋាននៅកោះពេជ្រដែលជាតំបន់ប្រកបដោយកិត្យានុភាព និងភាពងាយស្រួលផ្នែកហិរញ្ញវត្ថុផងដែរ ។ ផែនការនេះនឹងអាចឲ្យអតិថិជនដែលមានបំណងរីករាយ ជាមួយនឹងការរស់នៅសព្វថ្ងៃនៅអគារ CASA by Meridian មានជម្រើសក្នុងការទិញបន្ទាប់ពីរយៈពេលបីឆ្នាំ និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ។”
អគារ CASA by Meridian គឺការអភិវឌ្ឍអចលនទ្រព្យលើកដំបូងរបស់ក្រុមហ៊ុន Meridian ដែលដំបូងឡើយបានកំណត់កាលបរិច្ឆេទ បញ្ចប់គម្រោងសាងសង់ក្នុងខែមិថុនា ឆ្នាំ ២០១៧ ប៉ុន្តែលោក Ko បានប្រកាសថាគម្រោងអភិវឌ្ឍន៍នេះនឹងត្រូវបានបញ្ចប់ និងរួចរាល់សម្រាប់ការចូលស្នាក់នៅរយៈពេល ៣ខែមុនកាលកំណត់គឺនៅខែមេសា ឆ្នាំ ២០១៧។ ខណៈពេលគម្រោងអភិវឌ្ឍន៍ទីពីររបស់ក្រុមហ៊ុនឈ្មោះថា Skylar Meridian ដែលជាគម្រោងខុនដូមានតម្លៃ ៣០លានដុល្លារ ជាមួយនិងបន្ទប់ខុនដូចំនួន ៣៨៥ នឹងបើកសម្រាប់អ្នកស្នាក់នៅនាខែឧសភា ឆ្នាំ២០១៨ នោះ ក្រុមហ៊ុន Meridian ក៏នឹងដាក់ចេញនូវគម្រោងអភិវឌ្ឍទីបីនៅក្នុងខែមិថុនា ដែលមានឈ្មោះថា Meridian Square។
គម្រោងនេះនឹងផ្តល់ជូននូវអចលនទ្រព្យសម្រាប់ការប្រើប្រាស់ចម្រុះនៅក្នុងតំបន់បឹងកក់ ហើយគម្រោងនេះអះអាងថានឹងនាំមកនូវការរស់នៅបែបហុងកុង មកកាន់ទីផ្សារកម្ពុជា។ ក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតផងដែរដែលរង់ចាំដាក់ចេញលក់ជូនអតិថិជន។
- Video Advertisement -