CBRE៖ អត្រាជួល/លក់ការិយាល័យ ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែនេះទៅ
អត្រាការិយាល័យលក់/ជួលរួច (occupancy rate) ចាប់ផ្តើមធ្លាក់ចុះចាប់ពីខែនេះទៅ បន្ទាប់ពីនៅថេរ ក្នុងត្រីមាសដំបូង។ ចំណែកអត្រាជួលថ្មី (Rent Rate) ក៏នឹងចាប់ផ្តើមថយខ្លាំងរហូតជិតដល់ចុងឆ្នាំ ក្រោយពីទើបតែបានងើបឡើងតែបន្តិចប៉ុណ្ណោះ កាលពីមុនផ្ទុះកូវីដ១៩ មួយខែ។ អត្រាជួលធ្លាក់ចុះខ្លាំងនេះ មាននិន្នាការបញ្ច្រាសពីអត្រាផ្គត់ផ្គង់ការិយាល័យថ្មី ដែលមានស្ថានភាពថេរ កាលពីដើមឆ្នាំ ហើយនឹងកើនចំនួនច្រើនខ្លាំង រហូតឆ្នាំក្រោយតែម្តង។
កំណើនការផ្គត់ផ្គង់ច្រើននេះ នឹងធ្វើឱ្យអត្រាកាន់កាប់ការិយាល័យនៅសល់កន្លែងទំនេរច្រើន ជាលទ្ធផលនឹងនាំឱ្យមានសម្ពាធខ្លាំងទៅលើតម្លៃទីផ្សារជួល និងលក់ការិយាល័យពាណិជ្ជកម្ម ពោលគឺនឹងបង្ខំឱ្យម្ចាស់អគារ បង្ខំចិត្តបន្ថយថ្លៃជួល។ នេះ បើយោងតាមរបាយការណ៍របស់ CBRE ដែលបានព្យាករទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះ។
សម្រាប់ស្ថានភាព ការិយាល័យលក់/ជួលរួច របាយការណ៍នេះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនអ្នកកាន់កាន់ (កំពុងជួល ឬទិញ) ការិយាល័យ មានការធ្លាក់ចុះបន្តិច ហើយនៅទ្រឹងត្រឹមត្រីមាសទី១។ ពោលគឺប្រមាណតែតិចជាង ១% បើប្រៀបធៀបនឹងត្រីមាសដូចគ្នាពីឆ្នាំមុន។
ទោះយ៉ាងណាក្ដី អត្រានេះ ត្រូវបានគេព្យាករថា នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអត្រាមួយយ៉ាងលឿននៃឆ្នាំ ២០២០ ដោយសារការពន្យារគម្រោងមួយចំនួន និងដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគដោយសារស្ថានភាពប៉ះពាល់ពីមេរោគ។
និយាយពីអត្រាជួលថ្មី (Rental rate) វិញ គេសង្កេតឃើញមានកំណើនបន្តិចកាលពីខែមករា ពោលគឺមុនផ្ទុះមេរោគកូវីដ១៩ បន្តិច។ ប៉ុន្តែអត្រានេះ បានឋិតនៅថេររយៈពេលប្រហែលបីខែ ដោយសារមានការការដណ្តើមគ្នាជួលនិងទិញច្រើនកាលពីដំបូងដៃ និងដោយសារម្ចាស់ការិយាល័យខ្លះ ចាប់ផ្ដើមបញ្ចុះតម្លៃការិយាល័យ។ ទោះយ៉ាងណានេះក្តី ចាប់ពីខែនេះទៅ ចំនួនអ្នកចំណូលមកជួល ឬទិញការិយាល័យថ្មី អាចនឹងបន្តថយចុះ ដែលនឹងជំរុញឱ្យម្ចាស់អគារ ចង់ឬមិនចង់ នឹងត្រូវបង្ខំចិត្តបញ្ចុះតម្លៃបន្តទៀត។
យោងតាមរបាយការណ៍ដដែលនេះ មិនមានការបញ្ចប់ការសាងសង់ ឬការបើកលក់ការិយាល័យថ្មី នោះទេ ទាំងប្រភេទមណ្ឌលពាណិជ្ជកម្មកណ្តាល និងអគារការិយាល័យប្រភេទសម្រាប់កម្មសិទ្ធិជនបរទេស ( Strata-title ) ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ។
ទោះបែបនេះក្តី ក៏មានគម្រោង Central Capital Tower មួយ នៅខណ្ឌទួលគោក ទើបតែប្រកាសបើកលក់ ឬជួល ដែលនឹងបន្ថែមការផ្គត់ផ្គង់ប្រមាណ ២៤.៨០០ ម៉ែតការ៉េ ទៅក្នុងទីផ្សារនេះ។ ជាមួយគ្នានេះ CBRE បានព្យាករថា នៅត្រឹមចុងឆ្នាំនេះ ការិយាល័យថ្មីប្រមាណ ៨៦០០០ ម៉ែតការ៉េ នឹងផ្គត់ផ្គង់បន្ថែមទៀត ទៅក្នុងទីផ្សារការិយាល័យប្រភេទកម្មសិទ្ធិជនបរទេស ( Strata-title )។ កំណើនការផ្គត់ផ្គង់នេះ នឹងធ្វើឱ្យតម្លៃការិយាល័យ កាន់តែថយចុះបន្ថែមទៀត៕
- Video Advertisement -