CBRE៖ តម្លៃជួលតូប ធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់កើនឡើងខ្ពស់ ក្នុងដើមឆ្នាំ២០២០
ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប មានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលការផ្គត់ផ្គង់ទីផ្សារកើនឡើងខ្លាំង ក្នុងកំឡុងដើម ឆ្នាំ២០២០ ដោយសារបញ្ហាជំងឺឆ្លងកូវីដ ១៩។
របាយការណ៍ព្យាករណ៍ទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងកំឡុងពាក់កណ្តាលខែកុម្ភៈ តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើបមានការធ្លាក់ចុះ ប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទតូបជួលផឌៀម (Retail Podium) តាមផ្សារទំនើបធំៗ។
ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកដើរផ្សារ និងសកម្មភាពនៃការលក់រាយមានការធ្លាក់ចុះ ដែលបង្អាក់ការពង្រីកគម្រោងសាងសង់តូបជួលក្នុងផ្សារទំនើបផ្សេងៗ។
ទោះយ៉ាងណាក៏ដោយ ទីផ្សារនេះនឹងងើបឡើងវិញ ក្នុងកំឡុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីអតិថិជន និងអ្នកជួលតូបចាប់មានទំនុកចិត្តវិនិយោគឡើងវិញ ក្រោយស្ថានភាពបានធូរស្រាល។
ទន្ទឹមនឹងតម្លៃតូបជួលធ្លាក់ចុះ តែការផ្គត់ផ្គង់តូបមានការកើនឡើងខ្លាំង។ មូលហេតុធំមួយនោះគឺ ដោយសារក្នុងអំឡុងត្រីមាសទី ១ នេះ មានគម្រោងផ្សារទំនើបពីរ គឺផ្សារ Samai Square និង TL Sky Mall បានបញ្ចប់ការសាងសង់រួចទៅហើយ។ គម្រោងទាំងពីនេះ បានបន្ថែមការផ្គត់ផ្គង់បរិមាណតូបជួលថ្មីចំនួន ៦៩០៣ ម៉ែត្រការ៉េ បើគិតទៅ គឺស្មើនឹង ២,១% នៃការផ្គត់ផ្គង់បន្ថែមទៅលើទីផ្សារ Retail ទាំងមូល គិតត្រឹមត្រីមាសទីមួយ។ ក្នុងចំណែកនោះ ការផ្គត់ផ្គង់តូបជួលនៅតាមផ្សារបែបសហគមន៍កើនឡើងដល់ទៅ ១៦%។
និន្នាការផ្គត់ផ្គង់កើនឡើងលើសតម្រូវការនេះ សម្រាប់អ្នកសេដ្ឋកិច្ចអាចថាសញ្ញាណគួរឱ្យយកចិត្តទុកដាក់មួយ សម្រាប់តាមដានការវិវត្តសភាពការណ៍សេដ្ឋកិច្ចទាំងមូល។
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ ២០២០ នេះ គម្រោងទីផ្សារ Retail ទំហំប្រមាណ ១០១ ៤៧៧ ម៉ែត្រការ៉េទៀត នឹងបញ្ចប់ការសាងសង់។ តែវាសនានៃគម្រោងទាំងនេះ ក៏មិនខុសពីគម្រោងអចលនទ្រព្យដទៃទៀតដែរ គឺថាអាចនឹងត្រូវពន្យារពេល ដោយសារតែបញ្ហាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ (supply chain issues) ក្នុងវិស័យសំណង់ និងដោយសារបញ្ហាការកាត់បន្ថយសកម្មភាពពង្រីកអាជីវកម្មរបស់អ្នកជួលតូប នេះបើនិយាយដោយប្រយោល។ និយាយដោយឡែក កត្តាប៉ះពាល់ផ្ទាល់ គឺមេរោគកូរ៉ូណា និងផលប៉ះពាល់របស់វាទៅលើទំនុកចិត្តអតិថិជនតែម្តង៕
- Video Advertisement -