CBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី
ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។
យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។
សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។
ឆមាសទី ១ នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ ២,៧% និង ០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។
សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន A និង B។
ទីផ្សារលក់រាយ ឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម។
ដូចគ្នានេះដែរ អត្រាចំនួនក្រុមហ៊ុនដែលទៅជួលទីផ្សារការិយាល័យ ក៏ធ្លាក់ចុះ ៣,៨% ដែរ ប៉ុន្តែអត្រាតម្លៃជួលបែរជាកើនបន្ដិចបន្តួច ព្រោះបានធ្លាក់ខ្លាំងកាលពីចុងឆ្នាំ ២០២០ រួចមកហើយ។
នាយកគ្រប់គ្រងក្រុមហ៊ុន CBRE កម្ពុជា លោក James Hodge បានមានលើកឡើងថា៖ «វិបត្តិកូវីដនៅតែបន្តបង្កបញ្ហាជាច្រើនដល់វិស័យអចលនទ្រព្យរួមមាន ការដាច់សង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ ការខ្វះកម្លាំងពលករសំណង់ បញ្ហាកង្វះរំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ ការពន្យារពេលសាងសង់គម្រោង ក៏ដូចជាការផ្គត់ផ្គង់លើសតម្រូវការ»។
ប្រធានជាន់ខ្ពស់និងជាប្រធាននាយកដ្ឋានស្រាវជ្រាវនិងប្រឹក្សាយោបល់របស់ CBRE Cambodia កញ្ញា Kinkesa Kim ក៏បានបន្ថែមថា៖ «វិបត្តិកូវីដធ្វើឱ្យមានបញ្ហាពិតមែន តែវាក៏ជាប្រាំងទប់កំណើនការផ្គត់ផ្គត់លើសតម្រូវការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះដែរ»។
«នេះចាត់ទុកថាជាការផ្លាស់ប្ដូរ និងសម្របខ្លួនរបស់ទីផ្សារមួយដ៏សំខាន់ ហើយក៏ជាការតម្រង់ទិសវិជ្ជមានឱ្យទីផ្សារនៅពេលអនាគតផងដែរ»។
- Video Advertisement -