CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…
ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារបូរីកំពុងជូបឧបសគ្គ ឬនិន្នាការអវិជ្ជមានមួយចំនួន ដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច ជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន។
នាយករងនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានឱ្យដឹងថា អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចនឹងជួបវិបត្តិធ្ងន់ធ្ងរឈានដល់ការផ្អាកការសាងសង់ ក៏ប៉ុន្ដែមិនច្រើនរហូតដល់បង្កើតជាវិបត្តិថ្នាក់ជាតិនោះទេ។
អ្នកស្រី ពន្យល់ថាបច្ចុប្បន្នតម្លៃសម្ភារៈសំណង់បន្ដកើនឡើង ដែលធ្វើឱ្យថ្លៃដើមនៃការសាងសង់ខ្ពស់ជាងមុន។ បញ្ហានេះ គួបផ្សំនឹងទីផ្សារដែលមានគម្រោងរីកដូចផ្សិត បានធ្វើឱ្យអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងខ្ពស់។
«ក្នុងទីផ្សារប្រកួតប្រជែងបែបនេះ អ្នកអភិវឌ្ឍមិនអាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ ព្រោះអតិថិជនមានជម្រើសច្រើន។ នេះកត្តាដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» អ្នកស្រី បានឱ្យដឹង។
អ្នកស្រីបន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសកលដែលមិនទាន់ប្រសើរឡើងទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗ គឺនៅបន្តមានលំនឹង ដោយពួកគាត់មានទុនបម្រុងច្រើន។ លើសពីនេះ វិស័យបូរី ជារួម ក៏នៅមិនទាន់មានហានិភ័យខ្លាំងនោះទេ ព្រោះកម្រិតបំណុលធៀបនឹងមូលទុន (debt-to-equity ratio) របស់អ្នកអភិវឌ្ឍបូរីនៅកម្ពុជាមិនទាន់មានកម្រិតខ្ពស់ខ្លាំង។
ប៉ុន្តែវិស័យខុនដូ នៅតែបន្ដជាប់គាំង និងមានហានិភ័យខ្ពស់ជាងបូរី ព្រោះអ្នកអភិវឌ្ឍខុនដូ មិនអាចសង់ជាប្លុកៗ ដូចបូរីទេ ព្រោះតម្រូវឱ្យបញ្ចប់អគារទាំងមូល មិនថាលក់បានប៉ុន្មានភាគរយទេ ដូចនេះបើម្ចាស់គម្រោងអស់ទុន គម្រោងទាំងមូលនឹងត្រូវផ្អាក។
- Video Advertisement -