CBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ
ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។
បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំឡុងពាក់កណ្តាលខែឧសភា និងឡើងមកត្រឹម ដក ១៩% នៅចុងខែមិថុនានេះ។ ទោះជាតួរលេខនៅអវិជ្ជមានក្ដី ក៏ឃើញថាមានការកើនឡើងសន្សឹមៗដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃទីផ្សារមួយនេះនាថ្ងៃខាងមុខ។
ទោះបីទីផ្សារនេះស្ថិតក្រោមបន្ទាត់គោលយ៉ាងណាក្ដី របាយការណ៍ដដែលក៏បានឱ្យដឹងថា តូបជួលដែលទំនេរក្នុងផ្សារទំនើប ក្នុងត្រីមាសទី ២ នេះ គឺមានប្រមាណ ១០,២% ប៉ុណ្ណោះ កើនឡើងត្រឹមតែ ០,១% បើធៀបទៅនឹងឆ្នាំ ២០១៩។ យ៉ាងណាមិញភ្នាក់ងារអចលនទ្រព្យ ក៏បានព្យាករណ៍ថា សកម្មភាពទីផ្សារចាប់ផ្ដើមងើបឡើងវិញ នៅឆមាសទី ២ ឆ្នាំនេះផងដែរ ដោយសារតែមនុស្សភាគច្រើនចាប់ផ្ដើមចេញក្រៅ និងដើរផ្សារជាបណ្ដើរៗ។
ចំពោះការផ្គត់ផ្គង់ ឃើញមានការកើនឡើងផងដែរ ដោយសារមានការបើកសម្ភោធ ផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១% ឬ បន្ថែម ២៤% នៃបរិមាណការផ្គត់ផ្គង់លើផ្សារបែបសហគមន៍។ ភ្នាក់ងារ CBRE ក៏បានរពឹងទុកថា នឹងមានគម្រោងថ្មីៗ នឹងបន្ថែមផ្ទែក្រឡាជួលប្រមាណ ៨៧ ០០០ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារ នៅបំណាច់ឆ្នាំ២០២០ នេះ។
ដោយសារការរាតត្បាតនេះវីរ៉ុសកូវីដ អត្រាតម្លៃជួលក៏ធ្លាក់ចុះផងដែរ ពោលគឺ ១១,៧% សម្រាប់ផ្សារទំនើបប្រភេទជាន់ខ្ពស់ (prime shopping) ៣% សម្រាប់តូបជួលប្រភេទ Podium និង១% សម្រាប់តូបជួលប្រភេទ High Street។ ដោយឡែក អត្រានៃការជួលតូបនៃផ្សារទំនើបបែបសហគមន៍ ផ្ទុយទៅវិញ កើនឡើងជាង ២% ។
របាយការណ៍ដដែលនេះ ក៏បានបង្ហាញថាទីផ្សារទំនើបអនឡាញ គឺដំណើរការបានល្អគួរឲ្យកត់សម្គាល់ក្នុងកំឡុងកូវីដ ១៩ នេះ និងព្យាករណ៍ថានឹងក្លាយជាទីផ្សារសក្ដានុពលមួយនេះពេលអនាគត។
- Video Advertisement -