អាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦%  ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល

ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន  Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។

ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។

ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក និងអាលុយមីញ៉ូមមួយចំនួន ខណៈដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធថ្មីលើរថយន្តអគ្គិសនីរបស់ចិនក្នុងពេលឆាប់ៗនេះផងដែរ។ បណ្តាប្រទេសនៅអាមេរិកឡាទីន ដូចជាម៉ិកស៊ិក ឈីលី និងប្រេស៊ីល ក៏បានដំឡើងពន្ធលើដែកថែបរបស់ចិនផងដែរ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ វិស័យផលិតកម្មរបស់ប្រទេសចិនបានបង្ហាញពីភាពធន់។ លោក Zichun Huang សេដ្ឋវិទូចិននៅក្រុមហ៊ុន Capital Economics បានកត់សម្គាល់ថា “តម្លៃនៃការនាំចេញបានកើនឡើង [ពីមួយឆ្នាំទៅមួយឆ្នាំ] ក្នុងល្បឿនដ៏លឿនបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ជាមួយនឹងបរិមាណនាំចេញក៏កើនឡើងខ្លាំងផងដែរ”

លោក Huang បានបន្ថែមថា “ពន្ធគយថ្មីទំនងជាមិនគំរាមកំហែងដល់ការនាំចេញភ្លាមៗនោះទេ ហើយវាថែមទាំងអាចជំរុញឱ្យមានការកើនឡើងក្នុងរយៈពេលខ្លី ដោយសារក្រុមហ៊ុនពន្លឿនការនាំចេញដើម្បីចៀសវាងការបង់ពន្ធ។ ពេលនេះ ស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចចិន Capital Economics ព្យាករថា “នឹងមានកំណើនពីរខ្ទង់ក្នុងបរិមាណនាំចេញសម្រាប់ឆ្នាំ ២០២៤ ដោយព្យាករថា កំណើន GDP ប្រទេសចិននៅឆ្នាំនេះ  កើនឡើង ៥,៥% លើសពីការព្យាករពីមុន ដែលមានត្រឹមតែ ៥,០% ប៉ុណ្ណោះ។”

ការ​នាំ​ចូល​ត្រូវ​បានរងឥទ្ធិពលពី​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិតផល​កសិកម្មប្រមាណ ១៣,៦%។ ទោះជាយ៉ាងណាក៏ដោយ ការនាំចូលពីកូរ៉េខាងត្បូង និងតៃវ៉ាន់ បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ខណៈពេលដែលការនាំចូលពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៧,៨%។ ជាមួយគ្នានេះ ការនាំចូលពីប្រទេសប្រេស៊ីលបានធ្លាក់ចុះ ១៧,៧%នៅក្នុងខែឧសភា បន្ទាប់ពីការកើនឡើងរហូតដល់ ២០,៧%នៅក្នុងខែមេសា ខណៈការនាំចេញទៅប្រទេស​ប្រេស៊ីលវិញ កើនឡើងដល់ ៤៨,៩%។ ចំណែកឯការ​នាំ​ចេញទៅបណ្តាប្រទេសក្នុង​តំបន់​អាស៊ាន ​​កើន​ឡើង ២២,៥%។

អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងដល់ ៨២,៦២ ពាន់លានដុល្លារក្នុងខែឧសភា កើនឡើងពី ៧២,៣៥ ពាន់លានដុល្លារក្នុងខែមេសា។ សរុបមក ក្នុងរវាងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញបានកើនឡើង ២,៧% ខណៈពេលដែលការនាំចូលកើនឡើង ២,៩% ដែលឆ្លុះបញ្ចាំងពីពន្លឺផ្លាស់ប្តូរថ្មី ដែលកំពុងបន្តប្រឹងរះឡើងវិញនៅក្នុងសក្ដានុពលពាណិជ្ជកម្មពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]