ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ និង ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។

បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀ​ត​ជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួ​យនឹ​ងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]

ក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេនៅកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Heungkuk Industry ជាក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈជំនួបនេះ លោក Lee Kee Yun បានឱ្យដឹងថា  Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប​ ឯកឧត្តម វង្សី វិស្សុត បានគាំទ្រនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានលើកឡើងអំពីសក្តានុពលនៃស្វាយចន្ទី ដែលអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង […]

ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ

ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ លោកស្រី បានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។ ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង […]

រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។ ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោង​ទាំង​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងអាច​បង្កើត​ការងារ​បាន​ប្រមាណ ១៦.០០០​កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច […]