ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។”

ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ កម្ពុជានឹងដើរតួជាឃ្លាំងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសចិន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះកំពុងមានកំណើនយ៉ាងខ្លាំង ហើយប្រជាជនចិននឹងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារបន្ថែមកាន់តែច្រើន។”

លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា “ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម០៤ប្រភេទ រួមមាន (១). ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ (២). ការបង្កាត់ពូជនិងដាំពោត (៣). ការដាំដុះដំឡូងមី និង(៤).ការចិញ្ចឹមជ្រូក និងគោ។ សមាសធាតុសំខាន់ៗទាំងនេះនឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រតិដ្ឋ។”

មូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះគឺទិសដៅនៃការនាំចេញក្រោយពេលដំាំដុះនិងផលិតហើយ។ លោក ZHAO SHUJE បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជាដែលក្លាយជាឃ្លាំងស្បៀងអាហារដ៏សំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រទេសចិន ដោយសារតែការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។

“ក្រុមហ៊ុន Danong Development Group នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលរបស់ខ្លួននៅក្នងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្នុងខេត្តព្រះសីហនុ ក្នុងនោះមាន ប្រព័ន្ធអេកូឡូស៊ីថាមវន្តដែលរួមមានមជ្ឈមណ្ឌលស្តុកអាហារ មជ្ឈមណ្ឌលផ្គត់ផ្គង់ មជ្ឈមណ្ឌលសេវាកម្មចម្រុះ និងបណ្តាញដឹកជញ្ជូនទំនើប នៅលើផ្ទៃដីទំហំរហូតដល់ ១៥ គីឡូម៉ែត្រការ៉េ។”

ជាចុងក្រោយលោក ZHAO SHUJE បញ្ជាក់ថា “ដោយសាររដ្ឋាភិបាលកម្ពុជាពុំមានដីសល់សម្រាប់សម្បទាន យុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុននឹងអនុវត្តជា០៣រូបភាព៖ (១).ជួលដីវិនិយោគ (២).សហការវិនិយោគ និង(៣). ទិញដីវិនិយោគក្នុងតម្លៃទីផ្សារសមស្រប។”

គួររំលឹកថា គម្រោង​វិនិយោគ​ប្រកបដោយ​ចក្ខុវិស័យ​នេះ ​បាន​លេចចេញ​ជារូបរាង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ដែលកាលណោះ សម្តេចបានអំពាវនាវឱ្យវិនិយោគិនធំៗចិនបន្តមកវិនិយោគនៅកម្ពុជា។

លើសពីទំហំហិរញ្ញវត្ថុរបស់ខ្លួន គំនិតផ្តួចផ្តើមនេះ អាចរាប់ថាជាពន្លឺថ្មីនៃការជំរុញកំណើននៅទូទាំងវិស័យកសិកម្ម ដែលនឹងអាចនាំផលប្រយោជន៍ច្រើនក្រែលដល់សេដ្ឋកិច្ចរបស់ប្រទេស។ តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនៃការវិនិយោគជាង ១២,៧ ពាន់លានដុល្លារនេះ គឺ ស្ទើរតែពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាទាំងមូល កាលពីឆ្នាំ ២០២១៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩.៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤.២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១.២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ដោយឡែក ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមាន៖ផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល […]

អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា

អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។ គួររម្លឹកថា […]

កម្ពុជា-ជប៉ុន រួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប និងឆ្លាតវៃ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ដែលសំដៅដល់ការធានានូវសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា  ជាមួយលោក HAGIWARA Hideki ប្រធានប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ ជំនួបពិភាក្សា​នេះ ភាគីទាំងពីរ បានផ្តោតលើផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន MIDORI និងការពន្យល់លម្អិតបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព ការគ្រប់គ្រងតំបន់ព្រៃឈើ និងគម្រោងសក្ដានុពលផ្សេងៗទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។ នាឱកាសនោះ​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពលើវិស័យកសិកម្មឆ្លាតវៃមិនត្រឹមតែបង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ឯកឧត្តម​បាន​ធានា​ថា​កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ព្រោះ​ពួកគេ​នឹង​អាច​រក្សា​ប្រតិបត្តិការ​របស់​ពួកគេ​បាន​យ៉ាង​រលូន​សូម្បី​តែ​ក្រោយ​ការ​បញ្ចប់​គម្រោង​ក៏ដោយ។ ​ពាក់នឹងវិស័យកសិកម្មនេះដែរ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា […]

ចិន និងអូស្រា្តលី បង្ហាញផែនការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យកសិកម្មនៅខេត្តកំពង់ធំ

  ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់វិស័យកសិកម្ម អ្នកវិនិយោគចិន និងអូស្ត្រាលីគ្រោងនឹងពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា។ នេះបើតាមជំនួបដាច់ដោយឡែករវាង លោក នួន ផារ័ត្ន អភិបាល នៃគណៈខេត្តកំពង់ធំ ជាមួយភាគីក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ជាបឋម លោកអភិបាលខេត្ត បានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។ ក្នុងជំនួបនេះ លោក នួន ផារ័ត្ន បានបង្ហាញនូវសក្តានុពលក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី។ បន្ទាប់ពីជំនួបខាងលើនេះ  លោកអភិបាលខេត្ត ក៏បានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី […]

ក្រុមហ៊ុនវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា បើកដំណើរការហើយ

រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសដំបូងគេនេះមានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។ រោងចក្រនេះនឹងផ្តោតលើការវេចខ្ចប់ផ្លែទុរេន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។ ជុំវិញការងារនេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្តែងការសាទចំពោះការបើកដំណើរការរោងចក្រមួយនេះ ដោយបានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក បង្កើតរោងចក្រដែលធ្វើការប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ទុរេនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំនេះ។ ប្រជាកសិករដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ នឹងទទួលបានភាពងាយស្រួលក្នុងការលក់ដំណាំរបស់ពួកគេក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។ ការបង្កើតរោងចក្រក្នុងស្រុកនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងអ្នកដាំទុរេន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម។ លោក ហេង ពិសិទ្ធ ក៏បានបន្ថែមថា «ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កសិផលទុរេនរបស់យើងមិនមែនមានតែទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ […]

ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ

គណៈប្រតិភូចិននៃក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd​ បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធាន​ក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា​ បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន​ បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន​ ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ​ អាចលក់ចេញក្នុងតម្លៃខ្ពស់​ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។ (អានបន្ថែម) ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។ […]