Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ
វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។
របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិស័យកាស៊ីណូ ខណៈវិស័យនេះនៅសិង្ហបូរី ហ្វីលីពីន និងវៀតណាមនឹងថមថយបន្តិច។
ការព្យាករណ៍វិជ្ជមាននេះ គឺដោយសារប្រទេសកម្ពុជា កន្លងមកបានចាប់យកទីផ្សារមួយចំណែកធំ ពិសេសជនជាតិចិន ហើយទីផ្សារនេះរំពឹងថានឹងត្រឡប់មកវិញក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។
លើសពីនេះ គេសង្កេតឃើញថា កាស៊ីណូជាច្រើនបានផ្លាស់ខ្លួន ពីត្រឹមតែជាកាស៊ីណូទៅជារីសតចម្រុះ ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ ភោជណីយដ្ឋាន សួនកម្សាន្ត បារ និងក្លឹបជាដើម។ ការផ្លាស់ប្ដូរនេះគឺជាយុទ្ធសាស្រ្តឆ្លាតវៃមួយ ហើយនឹងក្លាយជានិន្នាការនាពេលអនាគត ដើម្បីចាប់យកចំណែកទីផ្សារឱ្យបានច្រើនជាងមុន។
គួរបញ្ជាក់ផងដែរ កម្ពុជាជាម្ចាស់ផ្ទះរបស់កាស៊ីណូជាច្រើនកន្លែង។ បើគិតត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានកាស៊ីណូយ៉ាងហោចជាង ១៩៥ កន្លែង ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលសុំអាជ្ញាបណ្ណកកាស៊ីណូរបស់ក្រសួងសេដ្ឋកិច្ច។ (អានបន្ថែម)
តួយ៉ាងដូចជា Naga ដែលមាន ២សាខារួចមកហើយនៅភ្នំពេញ ហើយសាខាទី៣ ឬ Naga 3 ក៏កំពុងដំណើរការសាងសង់ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ លើសពីនេះ NagaCorp ក៏កំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅសៀមរាប និងខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)
ទាក់ទិននឹងគម្រោងរីសតចម្រុះរបស់ Naga នៅសៀមរាប ថ្មីនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទើបច្រានចោលគម្រោងនេះ ដោយហេតុថាអាចប៉ះពាល់ដល់តំបន់អង្គរ។ ប៉ុន្តែ ក្រុមហ៊ុនថានឹងផ្លាស់ប្ដូរផែនការ ដើម្បីធ្វើគម្រោងនេះឱ្យបាន។ (អានបន្ថែម)


